អ្នកមានជម្លោះដីធ្លីរាំរ៉ៃថាអាជ្ញាធរខេត្តព្រះវិហារមិនអនុវត្តតាមបញ្ជាក្រសួងមហាផ្ទៃ

អ្នកមានជម្លោះដីធ្លីរាំរ៉ៃក្នុងខេត្តព្រះវិហាររកកិច្ចអន្តគមន៍ជាថ្មីពីរដ្ឋាភិបាលឲ្យជម្រុញទៅអាជ្ញាធរថ្នាក់ក្រោមដោះស្រាយបញ្ហាដីធ្លីជូនពួកគេ ដោយថាក្រសួងមហាផ្ទៃបានដាក់បញ្ជាឲ្យដោះស្រាយច្រើនខែ ហើយអាជ្ញាធរថ្នាក់ក្រោមមិនអនុវត្តតាម។

ពលរដ្ឋប្រមាណជាង១០០នាក់រស់នៅ​ភូមិ​ស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃអង្គារទី២៤ មករា ឆ្នាំ២០១៧នេះ បាននាំគ្នាឡើងមកតវ៉ាមុខក្រសួងមហាផ្ទៃដើម្បីសុំឲ្យ​ក្រសួង ជំរុញទៅអាជ្ញាធរខេត្តអនុវត្តបទបញ្ជា ដោយពន្លឿនការដោះស្រាយដីធ្លីជូនពួកគាត់ឲ្យបានឆាប់។

កាលពីថ្ងៃទី២៧ ខែធ្នូ ២០១៦ ក្រសួងមហាផ្ទៃបានចេញលិខិតមួយដោយបញ្ជាឲ្យអភិបាលខេត្តព្រះវិហារ អនុញ្ញាតឲ្យប្រជាពលរដ្ឋ២៥៣គ្រួសារបានវិលត្រឡប់ទៅរស់នៅកន្លែងដើមវិញគឺនៅភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន ប៉ុន្តែក្រុមពលរដ្ឋអះអាងថា រហូតមកដល់ពេលនេះអាជ្ញាធរខេត្តមិនអនុវត្តតាមឡើយ។

តំណាងពលរដ្ឋលោក ជិន ចន្ថា ប្រាប់អ្នកសារព័ត៌មានថា កាលឆ្នាំ២០១១ អាជ្ញាធរខេត្តព្រះវិហារបានដាក់កំលាំងចុះរុះផ្ទះនិងបណ្តេញពួកគាត់ចេញពីលំនៅឋានទាំងបង្ខំ ដោយ​អះអាងថាដីនោះ​ជាតំបន់អភិរក្ស។

លោកបន្តថា ពួកគាត់​បាន​ទៅ​រស់នៅ​លើ​ដីទំនាស់នោះតាំងពី​ឆ្នាំ១៩៩៩ និងខ្លះនៅឆ្នាំ២០០០ ដោយកាលនោះលោកថា តំបន់នោះជាដីភូមិចាស់មិនទាន់ដាក់ជាតំបន់អភិរក្សនោះទេ។

លោកបន្ថែមថា៖ «សម្តេចក្រឡាហោមគាត់បានចារហើយថា ឲ្យពួកខ្ញុំបានទៅរស់នៅកន្លែងភូមិស្វាយជ្រុំវិញហើយ ប៉ុន្តែថ្នាក់ខេត្ត អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរខេត្តមិនព្រមដោះស្រាយ ឲ្យពួកខ្ញុំបានទៅរស់នៅកន្លែងដើមវិញទេ មកពីខេត្តនិងអាជ្ញាធរជាតិឃុបឃិតគ្នាទៅជាចោទប្រកាន់ពួកខ្ញុំថា[នៅ]តំបន់អភិរក្ស នេះហើយដែលអាជ្ញាធរថ្នាក់ខេត្ត និងអាជ្ញាធរជាតិបានបំពានទៅភូមិដែលទទួលស្គាល់ដោយរដ្ឋាភិបាលមាន ស ជ ណ លេខ៥៩០»។

ពលរដ្ឋម្នាក់លោក ផាន់ ធឿន និយាយថា អាជ្ញាធរខេត្តព្រះវិហារបានដាក់កំលាំងចុះរុះរើផ្ទះពលរដ្ឋ អស់រាប់រយខ្នង និងថែមទាំងបានវៃកម្ទេចវត្តអារាមមួយចោលទៀតផង។

លោកបន្តថា ក្រោយពីអាជ្ញាធរបណ្តេញពលរដ្ឋចេញពីលំនៅឋានពួកគាត់ជួបការលំបាកជាច្រើនមានអ្នកខ្លះចំណាកស្រុក និងខ្លះទៀតមកថ្នាក់នៅវត្តសាម្គីរង្សីជាដើម។

លោកបន្ថែមថា៖ «ភូមិខ្ញុំនេះពួកខ្ញុំទៅរស់នៅអត់ខុសច្បាប់ទេ ទើបតែលោក អ៊ុន ចិន្តាដែលជាអភិបាលខេត្តទើបឡើងថ្មីបានដាក់កំលាំងវៃកម្ទេចផ្ទះប្រជាពលរដ្ឋដឹកយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ វៃទាំងវត្ត វៃទាំងសាលារៀន នេះជារឿងអយុត្តិធម៌បំផុតដែលអភិបាលខេត្ត អ៊ុន ចិន្តានេះធ្វើ»។

ប្រធាននាយកដ្ឋានទទួលពាក្យបណ្តឹងនៃក្រសួងមហាផ្ទៃ លោក ស៊ុម សារិទ្ធ បានទទួលយក ញត្តិពីពលរដ្ឋ ហើយសន្យាជម្រុញទៅអភិបាលខេត្តថ្មីដើម្បីពន្លឿនការដោះស្រាយករណីនេះ។

វិអូឌីមិនអាចសុំការឆ្លើយបំភ្លឺពីអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចន្តាបានទេដោយទូរសព្ទចូលគ្មានអ្នកទទួល។

តែយ៉ាងណាក្រុមពលរដ្ឋអះអាងថា​ លោក អ៊ុន ចន្តា ឆ្លើយប្រាប់ទូរទស្សន៍មួយកាលពីម្សិលម៉ិញថា ភូមិដែលពលរដ្ឋទាមទារទៅរស់នៅវិញនោះមិនអាចប្រគល់ឲ្យពលរដ្ឋបានទេ ដោយ​អះអាងថា ដីតំបន់នោះស្ថិតក្នុងតំបន់អភិរក្សដែលមានព្រះរាជក្រឹត្យហាមឃាត់។

ទាក់ទងនឹង​ករណី​ទំនាស់ដីធ្លីនេះ មន្ត្រីសម្របសម្រួល​សមាគមអាដហុកប្រចាំខេត្តព្រះវិហារលោក ឡោ ចាន់ មានប្រសាសន៍ថា បើ​តាមការ​អង្កេតរបស់លោក ដីទំនាស់នោះ​គឺជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរខេត្តព្រះវិហារ តែលោក​ថា លោកមិន​បាន​ដឹងថា​ទំនាស់នោះ​មាន​ជាប់ពាក់ព័ន្ធជាមួយលោក អ៊ុន ចន្តា ឬយ៉ាងណានោះទេ។ លោកថា កន្លង​មក​រដ្ឋាភិបាលបាន​ចេញ​អនុក្រិត្យ​ក៏​ដូច​ជា​ ស.ជ.ណ មួយ​ចំនួន​ផងដែរ​ ដោយ​លោក​អាជ្ញាធរ​មូលដ្ឋាន​គួរ​ដោះស្រាយ​ដោយ​យោងតាម​ឯកសារ​ទាំង​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ