សមត្ថកិច្ច​​ឃាត់ខ្លួនមនុស្សម្នាក់បញ្ជូនទៅ​តុលាការករណី​ផ្ទុះ​ឡក្នុង​រោង​ចក្រ

ផ្ទុះឡ ក្នុងរោងចក្រមួយ នៅ​ក្នុង​សង្កាត់​ភ្នំពេញថ្មី (Fresh News)

​សមត្ថកិច្ចខណ្ឌ សែន សុខ ឲ្យដឹងថា ពួកគេ​បាន​ឃាត់​ខ្លួនមនុស្សម្នាក់​ ពាក់ព័ន្ធទៅ​នឹង​ការធ្វេស​ប្រហែស​បណ្តាល​ឲ្យ​​ផ្ទុះឡចំហាយទឹក​ ដែលបណ្តាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់និង​រងរបួស​៧នាក់​ទៀត​​នៅ​រោងចក្រ ​ស៊ិន តៃ កាលពី​ថ្ងៃ​ទី២២មីនា។

អធិការនគរបាលខណ្ឌ សែន សុខ លោក ម៉ក់ ហុង បាន​ឲ្យ​វី​អូ​ឌី​ដឹង​នៅ​ព្រឹកថ្ងៃទី២៤មីនា​នេះ​ថា រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​និង​បញ្ជូនមនុស្សម្នាក់ទៅ​តុលាការរួច​ហើយ ​ដែលថា​បាន​ធ្វេសប្រហែល​បណ្តាលឲ្យ​មាន​ការគ្រោះ​ថ្នាក់ផ្ទុះ​ឡ​ចំហាយទឹក​នេះ​។ ទោះ​ជាយ៉ាង​ណា លោកមិន​បាន​បញ្ជាក់បន្ថែម​ពីអត្តសញ្ញាណ​ អ្នក​ដែល​ត្រូវបាន​សមត្ថ​កិច្ច​ឃាត់​ខ្លួននោះ​ទេ ដោយ​ឆ្លើយថា​ពុំ​មាន​ឯកសារ​ក្នុង​ដៃ។

លោកថា៖ «អ្នកធ្វេសប្រហែសគឺយើងឃាត់ខ្លួនបញ្ជូនទៅតុលាការ […] តែម្នាក់ទេ អ្នកធ្វេសប្រហែសមានតែមួយតើ មានអ្នកណាទៀត!»។

​នាយក​ប្រតិ​បត្តិ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារនិងសិទ្ធិមនុស្សលោក មឿន តុលា កាលពី​ថ្ងៃ​ទី២២ បានឲ្យវីអូ​ឌីដឹង​ថា ករណីដែលផ្ទុះឡចំហុយបណ្តាល​ឲ្យមនុស្ស​ស្លាប់​និងរងរបួស​នេះ អាចកើត​ឡើង​ដោយ​​សារ​ការ​ធ្វេស​ប្រហែល​របស់​អាជ្ញាធរច្រើន​ជាង ដោយ​​​ថាអាជ្ញា​ធរ​មិន​បាន​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់នៅពេលចុះធ្វើអធិការកិច្ច​នៅក្នុង​រោងចក្រ​។

លោក មឿន តុលា បញ្ជាក់ថា ដើម្បីទប់ស្កាត់បញ្ហា​នេះឲ្យមានប្រសិទ្ធភាព ក្រុមអធិការកិច្ចត្រូវ​ពិនិ​ត្យ​ជា​ប្រចំា​​ចំពោះ​ឡចំហុយ​នៅតាមរោងចក្រទំាងអស់ ដើម្បកុំឲ្យមានរឿង​នេះ កើតឡើងបន្តទៀត។

លោកយល់ថា៖ «ពិនិត្យគុណភាពឡចំហុយ ជាប្រចំាថាវាយល់ល្អថា ត្រូវ​ត្រួតពិនិត្យវារៀង​រាល់អាទិត្យរៀង​រាល់ថ្ងៃថា​តើវាមានភាពប្រក្រតីអីខ្លះ ចំពោះឡចំហុយ ព្រោះយើង​គួរតែគិតគូ​អំពីប្រព័ន្ធ​ការពារ​ប្រសើរ​ជាង​ប្រព័ន្ធព្យាបាល​ហើយកុំអាងថាពេលដែលស្លាប់ទៅមានប.ស.សជាអ្នកចេញ ឬក៏មានប.ស.សជាអ្នកគ្រប់គ្រងទៅលើគ្រួសារអី វាជារឿង​មួយល្អប្រសើរ ក៏ប៉ុន្តែ​ជីវិត​មនុស្ស​មិនមែ​ន​យើង​ចេះតែ​យក​ទៅលេង​សើចទេ […]»។

ក្រោយកើតហេតុភ្លាម​ៗនោះ បេឡា​ជាតិរបប​សន្តិសុខ​សង្គម កាលពី​ថ្ងៃ២២ ក៏បាន​ចេញសេចក្តី​ប្រកាសព័ត៌មាន​មួយ​​ថាអ្នក​ស្លាប់​និង​របួសទាំង​៧នាក់​នោះនឹង​ត្រូវ​បាន​ក្រសួង​ការ​ងារ ជួយ​ដោះ​ស្រាយ​ទៅ​តាម​គោល​របបសន្តិសុខ​សង្គមរបស់​បេឡាជាតិ​របបសន្តិសុខ​សង្គម។

ពាក់ព័ន្ធនឹងគ្រោះថ្នាក់ការងារ នេះ​មិន​មែន​ជាលើក​ទី​មួយទេ ដែល​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ​ប្រកាស​ធានារ៉ាប់​រង​ទៅលើ​អ្នក​​ដែល​រងគ្រោះ​ ហើយមាន​គ្រោះ​ថា្នក់​ការ​ងារ​ជាច្រើន ​ដែល​កើត​ឡើង​ស្ទើរ​តែ​រាល់​ខែ ពីគ្រោះ​ថ្នាក់​ចរាចរណ៍​ ការ​ដួលសន្លប់​ ការ​បាក់​អាគារជាដើម។ ហេតុការណ៍ ចេះ​តែ​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ការងារ​ទាំង​នេះ​ត្រូវ​បាន​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ការ​ងារ​ អះអាងថា កើត​មក​ពី​ការ​ធ្វេស​ប្រហែសពី​អ្នក​ពាក់​ព័ន្ធ។

របាយការណ៍បូក​សរុប​ការងារប្រចាំ​ឆ្នាំ​២០១៦ របស់​ក្រសួង​ការ​ងារ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​១ឆ្នាំ​កន្លង​ទៅកម្មករ​ដែល​រងគ្រោះ​ថ្នាក់​ការងារ ដែល​ត្រូវ​បានបេឡា​ជាតិ​របបសន្តិសុខសង្គមផ្តល់ការ​ដោះ​ស្រាយដល់​ជនរងគ្រោះមាន​ជាង១ម៉ឺន៥ពាន់​នាក់ កើន​លើសឆ្នាំ​២០១៥ចំនួន៤៤%។

ប្រធានសហព័ន្ធ​សហជីព​ដើម្បី​កម្មករលោក ប៉ាវ ស៊ីណា យល់​ថាការ​កើន​ឡើងនេះ វា​ជា​សញ្ញា​ដែល​ត្រូវ​​ឲ្យ​រដ្ឋាភិបាល​មាន​វិធាន​ការ​ជា​បន្ទាន់​ ទៅ​លើ​ការយក​ចិត្ត​ទុក​ដាក់​លើ​សុវត្ថិភាពកម្មករ​នេះ។ លោក​ថា ការ​ចុះ​អធិការ​កិច្ច​របស់​ក្រសួង​ការ​ងារ​ហាក់​ដូច​ជា​មិន​ទាន់​ឆ្លើយ​តប​បា​ន​ចំពោះ​សុវត្ថិភាព​របស់​កម្ម​ករ​​នោះ​ទេ។ លោកទាម​ទារឲ្យ​មាន​ការ​ចុះ​ត្រួ​ត​ពិនិត្យឲ្យ​បាន​ញឹក​ញាប់ ជាក់​លាក់ ​និង​ហ្មត់​ចត់​បន្ថែម​ទៀត​ដើម្បី​ធានាថា​សុវត្ថិភាព​របស់​កម្ម​ករ​ត្រូវ​បាន​ធានា​បាន​ច្រើន។

លោក​ថា៖ «វាអាស្រ័យ​ទៅលើ​ភាគីកម្មករ ឬក៏​តំណាង​កម្មករ​ត្រូវ​រាយការណ៍បញ្ហានាយក​ជក​គាត់​មិនអនុវត្តន៍បញ្ជូន​ទៅ​អធិការ​ ដើម្បី​ឲ្យ​គេ​មក​ចុះ​ពិនិត្យ។ អា​ហ្នឹង​បាន​គេ​ធ្វើ​ទៅ​រួច ធម្មតា​ទេ​គេមិន​អាចដាក់​សមត្ថកិច្ច​គេ​នៅ​មើលការ​ខុសត្រូ​វ​ក្នុង​រោង​ចក្រ​ហ្នឹង​ទេ។ គេ​គ្រាន់​តែ​ឆ្លុះ​មើល​ពិនិត្យ​ហើយ​គេ​រាបចំ​របាយការណ៍​ទៅវិញ​ ដូច្នេះ​អាហ្នឹង​វា​ជា​ចំណុច​មួយដែល ទាំង​សហ​ជីព​ទាំង​កម្មករ​ហ្នឹង​ត្រូវ​សហការ​គ្នា​ផ្តល់​ព័ត៌មាន​មក​កាន់​អធិការកិច្ច​ដើម្បី ឲ្យពួកគាត់​ចុះ​ទៅ​ត្រួតពិនិត្យ​រោងចក្រណា​មួយ​ដែល​យើង​រក​ឃើញ​ថា​មិន​បាន​អនុវត្តន៍​តាម​តម្រូវ​ការ​ហ្នឹង»។​

បើ​តាម​លោក ប៉ាវ ស៊ីណា បញ្ហា​ប្រឈម​នៃ​សុវត្ថិភាព​កម្មករ​កម្ពុជា​គឺ​ពាក់​ព័ន្ធ​នឹង​បរិស្ថាននិង​បរិក្ខា​សុវត្ថិ​ភាព​​នៃ​រោងចក្រ ការ​ធ្វើ​ដំណើរដែល​​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ច្រើន និង​ទីកន្លែង​ស្នាក់​នៅ​របស់​កម្មករ ដែលបញ្ហា​ទាំង​អស់​នេះ​​លោកស្នើ​ឲ្យ​មាន​វិធាន​ការជា​បន្ទាន់ ​ដើម្បី​ធានាសុវត្ថិភាព​កម្មករនៅ​កម្ពុជា​ និងរួមចំណែក​កាត់បន្ថយ​ហានិភ័យ ​និងគ្រោះ​ថ្នាក់​ការងារ​នានា៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ