តើអ្វីជាបញ្ហាសម្រាប់វេណេហ្ស៊ុអេឡាក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាស?​

ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ រូបភាព៖ VOX

ប្រទេសវេណេហ្ស៊ុអេឡាបានរៀបចំការបោះឆ្នោតប្រធាធិបតីទី៦៤ កាលពីថ្ងៃអាទិត្យកន្លងទៅ។ ប្រធានាធិបតី ដែលកំពុងកាន់អំណាចបច្ចុប្បន្ន Nicolas Maduro ត្រូវបាន​ប្រជាជនជ្រើសរើសជាធ្វើជាប្រធានាធិបតីម្តងទៀត ក្នុងអាណត្តិរយៈប្រាំមួយឆ្នាំ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNBC បក្សប្រឆាំងនិងសហគមអន្តរជាតិ មិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតនេះទេ ដោយ​សារតែ​បក្ស​កាន់អំណាច​បានទិញទឹកចិត្តអ្នកបោះឆ្នោតដែលជាប្រជាជនក្រីក្រ តាម​រយៈការផ្ដល់ជាចំណីនិងវេប្រាក់ឲ្យពួកគេ។ ម្យ៉ាងវិញទៀតគណបក្ស​សហភាពសង្គមនិយមវេណេហ្ស៊ុ​អេ​ឡា​​របស់ប្រធានាធិបតី Nicolas Maduro  បានប្រើដោយសេរីនូវធនធានរដ្ឋនៅ​អំឡុង​ពេល​ឃោស​នា​បោះ ​ឆ្នោត​។  ជ័យជំនះរបស់លោក Nicolas Maduro  កើតឡើងផងដែរដោយសារតែ​បក្ស​ប្រ​ឆាំង​ធំៗទាំងបី រួម​មាន​គណ​បក្ស ​Justice First គណបក្ស Popular Will និងគណបក្ស Democratic Action បានធ្វើពលិការ មិន​ចូលរួមការបោះឆ្នោត ដោយសារតែពួកគេយល់ថាគណៈកម្មការជាតិរៀបចំការបោះឆ្នោតលំអៀងទៅខាង គណបក្ស​សហភាពសង្គមនិយមវេណេហ្ស៊ុអេឡារបសប្រធានាធិបតី Nicolas Maduro ។

យោងតាមការចុះផ្សាយរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតប្រទេសអ្នកបានចេញទៅបោះឆ្នោតមានប្រ​ហែលតែ៤៦ភាគរយប៉ុណ្ណោះ។

មូលហេតុទាំងនេះហើយដែលគណបក្សប្រឆាំងប្រទេសនេះ ក៏ដូចជាសហគមអន្តរជាតិមួយចំនួន​ប្រកាសមិន ទទួលស្គាល់​លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងមកនេះ ហើយស្នើឲ្យមានការបោះឆ្នោតឡើង វិញ។ ប៉ុន្តែទោះជាមាន​រិះគន់​យ៉ាងណាក៏ដោយក៏ប្រធានាធិបតីឆ្វេងនិយមNicolas Maduro  ហាក់មិនអើពើលើ រឿងនេះទេ ដោយថាជ័យជំនះរបស់​គាត់​ជាជ័យជំនះលើចក្រពត្តិនិយម។

ទោះជាយ៉ាងណាក៏ដោយក៏រដ្ឋាភិបាលរបស់លោក Nicolas Maduro នឹងជៀសមិនរួចឡើយពីបញ្ហាមួយចំនួន​ដែល​កើតចេញការបោះឆ្នោតដ៏ចម្រួងចម្រាសនេះ។ បញ្ហាពីរធំៗដែល​រដ្ឋាភិបាលរបស់ប្រធាធិបតី Nicolas Maduro នឹងត្រូវប្រឈមមុខក្រោយការបោះឆ្នោតនេះ​រួមមាន​ទាំងទំនាក់ទំនងអន្តរជាតិ និងបញ្ហាសេដ្ឋកិច្ច។

ក្រោយការបោះឆ្នោតប្រទេសប្រជាធិបតេយ្យ នៅបច្ចឹមប្រទេស និងអាមេរិកឡាទីនមួយចំនួនបានបដិសេធ​ភ្លាមៗ​​​​នូវលទ្ធផលបោះឆ្នោត​កាលពីថ្ងៃអាទិត្យកន្លងទៅដោយបានរិះគន់ធ្ងន់ៗទៅលើដំណើរការនៃ​ការ​បោះ​ឆ្នោត​នេះ។​

អ្នកគាំទ្របេក្ខជនប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Henri Falcon ចូលរួមការឃោសនាបិទបញ្ចប់យុទ្ធនាការរបស់លោកមុនការបោះឆ្នោតប្រធានាធិបតីកាលពីចុងសប្ដាហ៍នៅ Barquisimeto កាលពីថ្ងៃព្រហស្បតិ៍ ១៧ ឧសភា ២០១៨ (រូបភាព AFP)

អនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន The Independent របស់​អង់គ្លេសថា​ការបោះឆ្នោតនៅវេណេហ្ស៊ុអេឡាជាការបោះឆ្នោតមួយដ៏អាម៉ាស់ ព្រោះតែវាជាការបោះឆ្នោតមួយ​ដែល​ក្លែងក្លាយហើយវាបានបក់បោកចេញនូវប្រពៃណីលទ្ធិប្រជាធិបតេយ្យដ៏ល្អ ដែលវេណេហ្ស៊ុអេឡាធ្លាប់ មានពីមុន។

លោក អនុប្រធានាធិបតីសហរដ្ឋអា មេរិក Mike Pence ត្រូវ​បាន​ដកស្រង់សម្តីដោយសារព័ត៌មានBBCថាសហរដ្ឋ​អាមេរិក​រួមនឹងបណ្ដាប្រទេសដទៃផ្សេងទៀតនឹងចាត់វិធានការផ្នែកការទូតនិង​សេដ្ឋកិច្ច​ឲ្យបាន​លឿន​បំផុត​ដើម្បី​ស្ដារលទ្ធិប្រជាធិបតេយ្យនៅប្រទេសនេះឡើងវិញ។

សហរដ្ឋអាមេរិកបានបង្ហាញជំហរតាំងពីមុខការបោះឆ្នោតមកម្ល៉េះថាប្រទេសនេះនឹងមិនទទួលស្គាលលទ្ធផលនៃការបោះឆ្នោតនេះទេ ប្រសិន​បើ​វេណេហ្ស៊ុអេឡាមិន​បញ្ឈប់ការ​គាបសង្កត់ផ្នែកសេដ្ឋកិច្ចរបស់ប្រជាជនមិន ដោះលែងអ្នកនយោបាយប្រឆាំងដែលកំពុងជាប់ឃុំ ​  និង​មិនរៀបចំឲ្យមានប្រព័ន្ធបោះឆ្នោតដោយសេរីនិង យុត្តិ​ធម៌នោះទេ។

តាមការចុះផ្សាយរបស់ការសែត New​ York Times ដែលចេញផ្សាយកាល​ពីថ្ងៃទី២១​ខែឧសភា ជាវិធាន ការភ្លាមៗសហរដ្ឋអាមេរិក​បាន​ចេញសេចក្តីសម្រេចមួយដោយហាមមិនឲ្យ​ក្រុមហ៊ុនអាមេរិកនិង​ប្រជាជន អាមេរិកទិញហ៊ុនបំណុលរបស់ក្រុមហ៊ុន​ប្រេង​ Petróleos de Venezuela ដែល​ជាក្រុម​ហ៊ុនរដ្ឋាភិបាលវេណេហ្ស៊ុ អេឡា។ ការដាក់ទណ្ឌកម្មមានគោលបំណង​ដើម្បីបិទផ្លូវ​ការប្រព្រឹត្តិអំពើពុករលួយរបស់លោក Nicolas Maduro និងបក្សពួកខ្លួនដែលប្រើក្រុមហ៊ុននេះដើម្បីជាការមានបានផ្ទាល់ខ្លួន។​

ទំនាក់ទំនងរវាង​សហរដ្ឋអាមេរិកនិងវេណេហ្ស៊ុអេឡាចាប់ផ្ដើមល្អក់កករនឹងគ្នាចាប់តាំងពីជំនាន់​លោកអតីត ប្រធានាធិបតី Hugo Chavez ឡើងកាន់អំណាចនៅឆ្នាំ១៩៩៩មកម្ល៉េះ។ ទាំងអតីតប្រធានាធិបតី Hugo Chavez និង​ប្រធានាធិបតី Nicolas Maduro  សុទ្ធតែជាអ្នកសង្គមនិយមដែលតែងតែរិះគន់ពីគោល​នោយោបាយនិង ទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយបណ្ដាប្រទេសនៅអាមេរិកឡាទីន​។ ជារួមការបោះឆ្នោតនេះកាន់តែធ្វើឲ្យ​ទំនាក់ទំនងប្រទេសទាំងពីរនេះកាន់តែ​មានភាពល្អក់កករថែមទៀត។
ក្រៅពីសហរដ្ឋអាមេរិក ក៏មានបណ្ដាប្រទេសមួយចំនួនទៀតនៅអឺរ៉ុបមានដូចជា​អាឡឺម៉ង់ និងអេស្ប៉ាញជាដើម ក៏មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត​នេះដែរ។

ប្រមុខការទូតអាឡឺម៉ង់​ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Havana Times លោក  Heiko Maas បានរិះគន់ធ្ងន់ៗទៅលើ​ការ​បោះឆ្នោតនេះ ថាជាការបោះឆ្នោតមួយដែល​មិនសេរីនិងយុត្តិធម៌ដែលប្រជាជន វេណេ​ហ្ស៊ុអេឡាសមនឹង​ទទួល​បាន។

មិនខុសគ្នាប៉ុន្មានពីប្រមុខការទូតអាឡឺម៉ង់ លោកនាយករដ្ឋមន្រ្តីប្រទេស​អេស្ប៉ាញបានសរសេរ​នៅលើ បណ្ដាញ​​Twitter របស់លោកថា​ការបោះឆ្នោតនេះមិនគោរពស្ដង់ប្រជាធិបតេយ្យ​បន្តិចណាសោះឡើយ។ លោកថា​​​​អេស្ប៉ាញនឹងមានវិធានការសមស្របណាមួយដើម្បីជួយប្រជាជនដែល កំពុងរងគ្រោះនៅប្រទេស នេះ។

ក្រុមបណ្ដាប្រទេសLima Group ដែលមាន១៤ប្រទេសរួមមានប្រទេសកាណាដា ប្រេស៊ីល និងមិកស៊ីកូជាដើម​បាន​កោះហៅឯករាជទូត និង រដ្ឋទូតរបស់ប្រទេសខ្លួន​ត្រលប់មកប្រទេសខ្លួន​វិញ​រៀងៗខ្លួនដើម្បីពិភាក្សា​គ្នា​ជុំវិញ​បញ្ហានៃការបោះឆ្នោតនេះ។ រដ្ឋាភិបាលប្រទេសទាំងនេះក៏បានគំរាម​ផងដែរពីកិច្ច​សហប្រតិបត្តិ​ជាមួយ វេណេហ្ស៊ុអេឡាលើបញ្ហាហិរញ្ញវត្ថុ ជំនួញនិង យោធាជាដើម។

ទោះជាយ៉ាងណាក៏ដោយក៏មានបណ្ដា​ប្រទេស​មួយចំនួនផ្សេងទៀតផងដែរ​ដែល​អបអរ​សាទរ​ជ័យជំនះរបស់​លោក​Nicolas Maduro ។ ប្រទេសទាំងនោះភាគច្រើនជាបណ្ដា​ប្រទេស​សង្គមនិយម​មាន​ដូច​ជាចិន ​គុយបា នីហ្គារ៉ាហ្គ័ ប៊ុលីវៀ និង​រុស្ស៊ីជាដើម។ ប្រទេសទាំងនេះថា​ពួកគោរពនិងយល់ស្របតាមការសម្រេចរបស់​ប្រជាជន​​វេណេហ្ស៊ុអេឡា។​

វេណេហ្ស៊ុអេឡា ជាប្រទេសមួយដែល​នៅទ្វីបអាមេរិក​ឡាទីន​ដែល​កាលពីមុនពេលជួបវិបត្តិសេដ្ឋកិច្ច ជា ប្រទេស​អ្នក​មាន​ក្នុងតំបន់អាមេរិកឡាទីន​ដោយសារតែ​ប្រទេស​នេះ​ជា​ប្រទេសដែលនាំចេញប្រេងដ៏ ធំមួយ នៅលើពិភពលោក។ ប៉ុន្តែក្រោយ​មរណៈភាពរបស់អអតីតប្រធានាធិបតី Hugo Chavez នៅឆ្នាំ២០១៣ សេដ្ឋកិច្ច​ប្រទេស​នេះបាន​ដាំក្បាលចុះដោយសារតម្លៃ​ប្រេង​ធ្លាក់ចុះ និង​ការប្រព្រឹត្តិអំពើពុករលួយរបស់ក្រុម​ប្រធានាធិបតី​Nicolas Maduro ។ ប្រជាជនជួបវិបត្តិកង្វះខាតចំណីអាហារ​ ថ្នាំសង្កូវហើយប្រជាជនជាច្រើន លាននាក់បានចាកចេញ​ពីប្រទេស។ អតិផរណាទំនិញប្រចាំឆ្នាំបាន​ឡើងដល់​រហូត​១៤០០០ភាគរយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ