សាលា​រាជ​ធានី​ហាម​ឃាត់​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​តាម​ទីតាំង​សំខាន់​

សាលារាជធានីភ្នំពេញ​

សាលារាជធានីភ្នំពេញ​

ទីតាំង ២២​ចំណុច ត្រូវ​បាន​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ហាម​ឃាត់​មិន​ឲ្យ​ដង្ហែ​ក្បួន​​ឃោសនា​​អំឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នោះ​ឡើយ។

ទីតាំង ២២​ចំណុច ត្រូវ​បាន​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ហាម​ឃាត់​មិន​ឲ្យ​ដង្ហែ​ក្បួន​​ឃោសនា​​អំឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នោះ​ឡើយ។

ក្នុង​លិខិត​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ សាលា​រាជ​ធានី​ភ្នំពេញ បាន​ជូន​ដំណឹង​ទៅ​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​រាជ​ធានី​ភ្នំពេញ លោក លុន ឆេងកៃ ថា អាជ្ញាធរ​បាន​សម្រេច​មិន​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន​ឃោសនា​នៅ​តាម​ដង​ផ្លូវ និង​ទីតាំង​សាធារណៈ​ចំនួន ២២​កន្លែង​ផ្សេង​គ្នា។

បើ​តាម​លិខិត​ដដែល​នោះ ផ្លូវ​ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ហាម​ឃាត់​នា​ពេល​ខាង​មុខ​នោះ មាន​មហាវិថី​ព្រះ​នរោត្ដម​ចាប់​ពី​វិមាន​ឯករាជ្យ​រហូត​ដល់​ស្ដុប​មន្ទីរ​ពេទ្យ​​អង្គឌួង មហា​វិថី​សហព័ន្ធ​រុស្ស៊ី កំណាត់​មហាវិថី​ព្រះ​មុនីវង្ស កំណាត់​មហា​វិថី​ព្រះសីហនុ កំណាត់​មហាវិថី​មៅ សេទុង កំណាត់​វិថី​សុធារស មហាវិថី​ព្រះ​សុរាម្រិត និង​ផ្លូវ​ជុំ​វិញ​ព្រះ​បរម​រាជវាំង។

ក្រៅ​ពី​មហាវិថី និង​ផ្លូវ​សំខាន់ៗ ផ្សារ​ធំ​ថ្មី បរិវេណ​ជុំ​វិញ​ផ្សារ​អូរឫស្សី បរិវេណ​ផ្សារ​ទួលទំពូង ផ្សារ​ដេប៉ូ និង​ផ្សារ​ដើម​គរ សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​ក្បួន​ឃោសនា​ផ​ង​ដែរ។

សួន​សាធារណៈ​នានា​ដែល​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ហាម​ឃាត់​ផង​ដែរ រួម​មាន សួនច្បារ​ព្រះបរមរាជវាំង ទីធ្លាព្រះមេរុ សួនមុខវត្តបទុមវតី ទីតាំងវិមានឯករាជ្យ និងសួនច្បារ​វិមានឯករាជ្យទាំងមូល ទីធ្លា​​​រូប​សំណាកលោយាយពេញ និង​សួនច្បារអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ជាដើម។

ការ​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ និងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ​នេះ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។