ប្រជាពលរដ្ឋរាប់រយនាក់នៅឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល សម្រុកនាំគ្នាទៅពិនិត្យឈាមនៅប៉ុន្មានថ្ងៃនេះខណៈពួកគេសង្ស័យថាមានការផ្ទុះការឆ្លងមេរោគអេដស៍តាមរយៈការចាក់ថ្នាំរបស់ពេទ្យនៅក្នុងតំបន់នោះ។
ការឆ្លងមេរោគអេដស៍នៅស្រុកមុខកំពូលខេត្តកណ្តាលនេះជាករណីទី២ហើយបន្ទាប់ពីការឆ្លងរាលដាលនៅឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីឆ្នាំ២០១៥ គឺមន្ត្រីជំនាញរកឃើញថាពលរដ្ឋនៅទីនោះមានចាស់មានក្មេងជិត៣០០នាក់មានផ្ទុកមេរោគអេដស៍។ ករណីឆ្លងនៅខេត្តបាត់ដំបងតុលាការសម្រេចឲ្យពេទ្យឯកជនម្នាក់ឈ្មោះ យ៉ែម ជ្រិន ឲ្យជាប់ពន្ធនាគារ២៥ឆ្នាំដោយចោទថាធ្វេសប្រហែសក្នុងការចាក់ថ្នាំបណ្តាលឲ្យឆ្លងមេរោគអេដស៍ដល់ពលរដ្ឋ។
ចំណែកករណីរាលដាលផ្ទុះជំងឺអេដស៍នៅក្នុងស្រុកមុខកំពូលខេត្តកណ្តាលគឺនៅមិនទាន់ដឹងចំនួនជាក់លាក់និងមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយ។
អ្នកដែលមន្ត្រីជំនាញរកឃើញថាមានផ្ទុកមេរោគអេដសន៍នៅក្នុងខេត្តបាត់ដំបងពេលកន្លងទៅមានតាំងពីកុមារមិនទាន់ចេះនិយាយនិងមនុស្សវ័យជាង៧០ឆ្នាំ។ ក្នុងចំណោមនោះយុវជនប្រុសស្រីដែលកំពុងរៀននៅថ្នាក់វិទ្យាល័យមួយចំនួនបានបង្ហាញអារម្មណ៍ខ្មាសអៀនមិត្តភ័ក្រក្នុងសាលានិងមានបំណងបោះបង់ការសិក្សាចោល។ ទន្ទឹមនឹងនោះម្តាយឪពុកជាច្រើនទៀតក៏បានសម្រក់ទឹកនៅពេលនិយាយរឿងនេះប្រាប់មន្ត្រីអង្គការសង្គមស៊ីវិលនិងគណៈប្រតិភូរបស់រដ្ឋាភិបាលដោយពួកគាត់បារម្ភពីអនាគតរបស់កូនៗនៅតូចនិងបារម្ភពីសុខភាពរបស់ពួកគាត់កាន់តែចុះខ្សោយ។
តើអ្នកណាទទួលខុសត្រូវចំពោះសោកនាដកម្មនេះ?
អ្នកវិភាគបញ្ហាសង្គមលោក ចាន់ វិបុល លើកឡើងថារដ្ឋាភិបាលត្រូវទទួលខុសត្រូវទាំងស្រុងលើបញ្ហានេះ។ ការទទួលខុសត្រូវនៅពេលនេះលោកបែងចែកជាពីរគឺ ទី១លោកថាត្រូវរកអ្នកបង្កឲ្យឆ្លងដើម្បីផ្តន្ទាទោសដូចករណីនៅខេត្តបាត់ដំបង និងទី២ត្រូវទទួលខុសត្រូវលើបញ្ហាចិញ្ចឹមជីវិតរបស់ពួកគេទៅថ្ងៃអនាគត។
ស្របពេលនៃការផ្ទុះឆ្លងមេរោគអេដស៍ដោយសារការធ្វេសប្រហែលរបស់គ្រូពេទ្យឯកជននេះប្រជាពលរដ្ឋមួយចំនួនក៏បានបញ្ចេញមតិយោបល់់របស់ខ្លួនលើបណ្តាញសង្គមហេ្វសប៊ុកដាក់បន្ទុកលើក្រសួងសុខាភិបាលថាអសមត្ថភាពក្នុងការបំពេញការងារការពារសុខភាពរបស់ពលរដ្ឋ។
ជុំវិញការអនុវត្តការងាររបស់ក្រសួងសុខាភិបាលបច្ចុប្បន្នលោក ចាន់ វិបុល លើកឡើងថាក្រសួងការងារបំពេញការងារបានលទ្ធផលទាបបើធៀបនឹងតម្រូវការរបស់ពលរដ្ឋ។ លោកបញ្ជាក់ថាក្រសួងសុខាភិបាលបច្ចុប្បន្នត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅ ឬត្រូវធ្វើបដិវត្តន៍។ លោកបន្ថែមថា៖ “យើងនិយាយមួយទៀតបដិវត្តន៍ផ្នែកកំណែទម្រង់លើវិស័យសុខាភិបាលខ្ញុំអត់សំដៅលើការធ្វើសង្គ្រាមទេគឺការធ្វើបដិវត្តន៍ផ្នែកកំណែទម្រង់ពីព្រោះប្រព័ន្ធនេះខ្សោយទាំងគុណភាពខ្សោយទាំងការផ្តល់សេវាកម្មក៏ទាបហើយក្រមសីលធម៌របស់លោកគ្រូអ្នកគ្រូពេទ្យនិងថ្នាក់ដឹកនាំហ្នឹងក៏ទាបមែនទែន បើខ្ញុំប្រៀបធៀបជាមួយប្រទេសមួយចំនួននៅលើពិភពលោក”។
បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរមួយចំនួនកំពុងតែពេញនិយមក្នុងការប្រើប្រាស់សេវាថែទាំសុខភាពពីពេទ្យឯកជនក្នុងស្រុកនិងចេញទៅព្យាបាលនៅក្រៅប្រទេស។ មូលហេតុដែលពលរដ្ឋសម្រេចទទួលយកសេវាពេទ្យឯកជនដោយពួកគេចោទថាសេវាសុខាភិបាលរបស់រដ្ឋយឺតយ៉ាវ ម៉្យាងសម្តីអាក្រក់មិនសូវមានសីលធម៌មិនសមជាពេទ្យដែលជួយសង្គ្រោះជីវិតមនុស្សតែសមជាអ្នកដែលប្រកបរបរដើម្បីតែទទួលប្រាប់តែប៉ុណ្ណោះ។ បញ្ហាឥរិយាបថពេទ្យមួយចំនួនបានធ្វើឲ្យអ្នកជំងឺខ្លះសម្រេចចិត្តដេកស្លាប់នៅផ្ទះបើទោះជាជំងឺគេអាចមសង្ឃឹមថាព្យាបាលជាក៏ដោយ។
របាយការណ៍របស់ក្រសួងសុខាភិបាលកាលពីឆ្នាំ២០១៥បង្ហាញថាបច្ចុប្បន្នសេវាថែទាំសុខភាពឯកជនមានជាង១០ ០០០(មួយម៉ឺន)កន្លែង។ ក្នុងនោះសេវាឯកជនដែលមានច្បាប់អនុញ្ញាតមាន៨ ៥០២កន្លែងនិងសេវាឯកជនមិនមានច្បាប់អនុញ្ញាតមាន៣ ៩៤២កន្លែង។ បច្ចុប្បន្នគ្រូពេទ្យមួយចំនួនដែលចេះពីឪពុកម្តាយពីបងប្អូនសាច់ញាតិបានដើរចាក់ថ្នាំប្រជាពលរដ្ឋដល់ផ្ទះឬបើកកន្លែងព្យាបាលជំងឺ។ ទាំងនេះជាមូលហេតុដែលអ្នកជំងឺមួយចំនួនត្រូវស្លាប់បើទោះជាជំងឺពួកគេអាចសង្ឃឹមព្យាបាលជាឬអាចឆ្លងជំងឺផ្សេងៗដូចជាជំងឺអេដស៍ជាដើម។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី លើកឡើងថារដ្ឋាភិបាលមានការធ្វេសប្រហែសក្នុងការអប់រំនិងចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបន្ទាប់ពីរដ្ឋាភិបាលធ្វើសេចក្តីរាយការណ៍ទៅម្ចាស់ជំនួយថាជំងឺអេដស៍នៅកម្ពុជាបានថយចុះ។ លោកសង្ស័យថាការផ្ទុះឆ្លងមេរោគអេដស៍នេះមិនមែនមានតែនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង និងស្រុកមុខកំពូល ខេត្តកណ្តាលទេ គឺអាចមាននៅតាមតំបន់ផ្សេងៗទៀត ហើយលោកជំរុញឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតឲ្យបានច្បាស់។ លោកបន្តថា៖ “ខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានថាមានទំហំប៉ុណ្ណាទេគឺគ្រាន់តែខ្ញុំមានការសង្ស័យព្រោះខ្ញុំបានដើរស្រាវជ្រាវច្រើន។ យើងសង្ស័យថាជំងឺអេដស៍អាចនឹងផ្ទុះឡើងវិញនៅតំបន់ផ្សេងៗ។ ករណីនៅខេត្តកណ្តាលជារឿងទី២ ប៉ុន្តែរដ្ឋាភិបាលត្រូវតែមានការយកចិត្តទុកដាក់បំផុតប្រុងប្រយ័ត្ននិងស្រាវជ្រាវនៅកន្លែងផ្សេងដែលអាចមាន”។
ទាំងលោក ចាន់ វិបុល និងលោក មាស នី ដាក់ការសង្ស័យប្រហាក់ប្រហែលគ្នាថាការផ្ទុះឆ្លងមេរោគអេដស៍នេះមិនមែនឆ្លងមកពីមូលហេតុនៃការចាក់ថ្នាំពីគ្រូពេទ្យឯកជនមិនមានជំនាញតែមួយមុខនោះទេ គឺអាចមកពីមានមូលហេតុផ្សេងទៀតដែលរដ្ឋាភិបាលត្រូវសិក្សាឲ្យបានច្បាស់ដើម្បីដោះស្រាយ បើមិនដូច្នេះទេជំងឺអេដស៍ឬហៅរលកថ្មីនៃជំងឺអេដស៍នឹងផ្ទុះឡើងជាថ្មីទៀតនៅកម្ពុជា៕