សមត្ថកិច្ចបានបញ្ចូនមនុស្ស៥នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីបន្ទាប់ពីឃាត់ខ្លួនកាលពីសប្តាហ៍មុនពាក់ព័ន្ធករណីពរពោះជំនួស។
កាលពីថ្ងៃទី២១ មិថុនា នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សខណ្ឌឬស្សីកែវ បានចុះបង្ក្រាបករណីជួញដូរ ស៊ីឈ្នួលពរពោះជំនួស ដោយឃាត់ខ្លួននារីខ្មែរជាអ្នកស៊ីឈ្នួលចំនួន៣៣នាក់ និងជនសង្ស័យប្រុសស្រីចំនួន៥នាក់ ក្នុងនោះមានជនជាតិចិនម្នាក់។
បន្ទាប់ពីឃាត់ខ្លួននឹងសាកសួររួចមកនៅព្រឹកថ្ងៃទី២៥ មិថុនានេះ សមត្ថកិច្ចបានសម្រេចបញ្ជូនមនុស្ស៥នាក់ដែលមានជនជាតិចិនម្នាក់មកកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី ហើយរហូតមកដល់ពេលនេះវីអូឌីមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា បាននៅឡើយទេ។ ខណៈស្ត្រីដែលស៊ីឈ្នួលពរពោះចំនួន៣៣នាក់ ត្រូវបានសមត្ថិកិច្ច បញ្ជូនទៅកាន់មន្ទីរសង្គមកិច្ចរាជធានីដើម្បីពិនិត្យថែរក្សា។
នេះជាករណីទីពីរហើយដែលករណីនៃការពរពោះជំនួសត្រូវបានបញ្ជូនមកកាត់ទោសនៅតុលាការកម្ពុជា បន្ទាប់ពីឆ្នាំមុនស្ត្រីជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ Tammy- Alayne Chales និងជនជាតិខ្មែរ២នាក់ត្រូវបានតុលាការចោទប្រកាន់នឹងបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារ។
ដោយសារច្បាប់ស្តីពីការពរពោះជំនួសមិនទាន់បញ្ជូនទៅអនុម័តនោះ ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការជួញដូរមនុស្សនៅតែជាច្បាប់គោលក្នុងការអនុវត្តន៍ទៅលើករណីនៃការពរពោះជំនួសនេះ។
កាលពីខែមីនាកន្លងមក អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានឲ្យដឹងថាសេចក្តីព្រាងច្បាប់ស្តីពីការពរពោះជំនួស ត្រូវបានបញ្ចប់សេចក្ដីព្រាងបឋមរួចរាល់ហើយ ប៉ុន្ដែនៅសល់ការពិនិត្យឡើងវិញនូវខ្លឹមសារ ពាក្យពេជន៍ច្បាប់មួយចំនួន ដើម្បីឱ្យមានអត្ថន័យ និងខ្លឹមសារគ្រប់គ្រាន់។
អនុប្រធានអចិន្ត្រយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថាបើទោះជាច្បាប់នេះត្រូវបានបញ្ចប់សេចក្តីព្រាងរួចរាល់ហើយមែន តែនៅមានពាក្យគន្លឹះជាច្រើនដែលនឹងត្រូវពិភាក្សា រួមទាំងការពិនិត្យទៅលើការវិវត្តជាក់ស្តែងនៃបទល្មើសផងដែរ។
លោកស្រី ជូ ប៊ុនអេង៖ « យើងប្រហែលជាមិនចង់តាក់តែច្បាប់នោះដោយឡែកទៀតទេ តែយើងគ្រាន់តែចង់បញ្ជាក់ថានៅខ្វះចន្លោះអីដែលអាចបំពេញបន្ថែមដែលអាចអនុវត្តទៅលើព្រឹត្តិការណ៍ថ្មីៗ ដែលវាចេះតែកើតមានថែមទៀតនោះ។ ព្រោះច្បាប់នោះបង្កើតឡើងគឺទៅតាមស្ថានភាពនៃបទល្មើស » ។
បើតាមលោកស្រី ជូ ប៊ុនអេង ក្នុងឆ្នាំ២០១៧ សមត្ថកិច្ចរកឃើញករណីពរពោះជំនួសបានជាង១០ករណី តែនៅពេលនោះត្រូវបានរដ្ឋាភិបាលជួយសម្របសម្រួលដោះស្រាយជូន ដោយថាជាករណីថ្មី ហើយពលរដ្ឋនៅមានចំណេះដឹងខ្សោយ។
អនុប្រធានអចិន្ត្រយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង
កាលពីថ្ងៃទី៩ មីនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលោក ស ខេង បានបញ្ជាដល់អាជ្ញាធរឲ្យរឹតបន្តឹងវិធានការរដ្ឋបាល ការត្រួតពិនិត្យបច្ចេកវិទ្យាពាក់ព័ន្ធនឹងការពពោះតាមបណ្តាគ្លីនិក បន្តការស្រាវជ្រាវ តាមដាន ស៊ើបអង្កេតករណីសង្ស័យរកជនល្មើសទាំងអស់ដើម្បីផ្តន្ទាទោសតាមច្បាប់។
នាយកប្រតិបត្តិនៃអង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ លោក ង៉ែត ធី មានប្រសាសន៍ថាករណីនៃការពរពោះជំនួសនេះជាករណីថ្មីនៅកម្ពុជា ដែលគួរតែមានវិធានការទប់ស្កាត់ឲ្យទាន់ពេលវេលា ជៀសវាងធ្វើឲ្យរឿងនេះកាន់តែធ្ងន់ធ្ងរឡើង។
នាយកប្រតិបត្តិនៃអង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ លោក ង៉ែត ធី
បើតាមលោក ង៉ែត ធី រដ្ឋាភិបាលក្រៅពីពន្លឿនច្បាប់ស្តីពីការពរពោះជំនួសនោះ គួរតែមានការផ្សព្វផ្សាយឲ្យបានច្រើននូវផលវិបាកនៃបញ្ហានេះដល់ប្រជាពលរដ្ឋផងដែរ។
គួររំលឹកផងដែរថា សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ៣ ខែសីហាឆ្នាំ ២០១៧ បានសម្រេចផ្តន្ទាទោសស្ត្រីជនជាតិអូស្ត្រាលីឈ្មោះ Tammy- Alayne Chales និងបក្ខពួក២នាក់ទៀតដែលជាជនជាតិខ្មែរ ដាក់ពន្ធនាគារក្នុងម្នាក់ៗ ១ ឆ្នាំ ៦ ខែ ចោទបទ «អន្ដរកាលរវាងអ្នកសុំកូន និងស្ត្រីពពោះ និងបទសុំឲ្យផ្ដល់ឯកសារទុច្ចរិត» និងពិន័យប្រាក់ ៤ លានរៀលចូលថវិការដ្ឋ។