ក្រុមការងារបច្ចេកទេសបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ (ណុប វី)

ក្រសួងព័ត៌មានបិទបញ្ចប់កិច្ចការពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននៅថ្ងៃទី២៦ មករា ២០១៨ ក្រោយពីមានការផ្តួចផ្តើមឲ្យមានសេចក្តីព្រាងច្បាប់នេះ៤ឆ្នាំកន្លងមកហើយ។

លោក ផុស សុវណ្ណ អគ្គនាយកសោតទស្សន៍ នៃក្រសួងព័ត៌មាន មានប្រសាសន៍ថា ក្រសួងចំណាយពេលពីរឆ្នាំកន្លះដើម្បីបញ្ចប់សេចក្តីព្រាង។

ក្រោយពីពិនិត្យក្នុងកិច្ចប្រជុំរយៈពេលបីថ្ងៃ ២៤-២៦ មករា ២០១៨ នៅខេត្តព្រះសីហនុ គឺសម្រេចលុបមួយមាត្រាចេញ នៅសល់៣៨មាត្រា។

ក្នុងសេចក្តីព្រាងដើម មាត្រា៣០ចែងថា អំពើញុះញុងដោយផ្ទាល់ឲ្យប្រព្រឹត្តអំពើឆាឆៅរំខានរារាំងការបំពេញការងាររបស់ស្ថាប័នសាធារណៈ ត្រូវផ្តន្ទាទោសតាមមាត្រា៥០៥ នៃក្រមព្រហ្មទណ្ឌ។ ក្រោយការពិភក្សា មាត្រានេះត្រូវបានលុបចោល។

តាមលោក ផុស សុវណ្ណ ក្រសួងព័ត៌មាននឹងធ្វើសេចក្តីថ្លែងហេតុមួយដាក់ជូនគណៈរដ្ឋមន្ត្រីនៅពេលស្នើសេចក្តីព្រាងច្បាប់ទៅក្រុមការងារអន្តរក្រសួង។

លោកស្រី អាន​ ឡឺមេស (Anne Lemaistre) នាយកអង្គការUNESCOប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា មានសកម្មភាពជាច្រើនក្នុងដំណាក់កាលនៃការតាក់តែងសេចក្តីព្រាងច្បាប់នេះ ក្នុងនោះមានវេទិកាជាមួយភាគីពាក់ព័ន្ធ វគ្គបណ្តោះបណ្តាលកិច្ចពិភាក្សាក្រុមបច្ចេកទេស។ លោកស្រីបន្តថា សេចក្តីព្រាងច្បាប់នេះកើតចេញពីកិច្ចពីភាក្សាយ៉ាងលម្អិតទៅលើពាកក្យពេជ្រ និងខ្លឹមសារទាំងមូល។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា នេះជាការបិទបញ្ចប់ជំហានដំបូងនៃសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន។ លោកបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះអាចនឹងដាក់ស្នើទៅលោកនាយករដ្ឋមន្ត្រីនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

ដោយមានការគាំទ្រពីរដ្ឋាភិបាលស៊ុយអ៊ែតតាមរយៈអង្គការUNESCO ក្រសួងព័ត៌មាន និងអង្គការUNESCO បានសម្របសម្រួលឲ្យមានក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន។ ក្រុមការងារបច្ចេកទេសនេះបានចាប់ផ្តើមតាក់តែងសេចក្តីព្រាងច្បាប់នេះកាលពីឆ្នាំ២០១៥។

អង្គការមិនមែនរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា បានផ្តួចផ្តើមឲ្យមានសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន កាលពី៤ឆ្នាំមុន ប៉ុន្តែសេចក្តីព្រាងច្បាប់នោះមិនត្រូវបានលើកយកមករៀបចំជាសេចក្តីព្រាងច្បាប់ឡើយ។ សេចក្តីព្រាងដែលទើបបញ្ចប់នេះមាន៩ជំពូក ៣៨មាត្រា។ ក្រសួងព័ត៌មានគ្រោងធ្វើសន្និសីទកាសែតដើម្បីប្រកាស់ពីសេចក្តីព្រាងនេះ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ