ពេជ្រ សោភា ​ថាតារា​ខ្មែរទោះ​ល្បី​​លំដាប់​ប្រទេស​ ក៏ទៅ​មុខ​មិនរួច

តារា​ចម្រៀង​នាង​ ពេជ្រ ​សោភា (វង្ស សុម៉ាលីន)

​​​​កាលពី​​រសៀលថ្ងៃ​ទី​២៥ មេសា តារា​ចម្រៀង​នាង​ ពេជ្រ ​សោភា ​បាន​​​​ប្រកាស​ជាសាធារណតាម​រយ​ការ​​​​បន្ត​ផ្ទាល់​នៅ​លើ​ហ្វេសប៊ុក​​របស់ខ្លួនថាតារា​សិល្បៈ​​ខ្មែរ បើទោះជា​​​​​បាន​ក្លាយខ្លួនជាតារា​​ល្បី​​លំដាប់​ប្រទេស ក៏មិនអាច​ឈាន​ឡើង​​​​ជាង​នេះ​នោះ​ដែរ។

​នាង​បាន​លើកឡើង​​​បែបនេះ ​ទន្ទឹម​នឹង​ការ​​​សម្ដែង​ប្រតិកម្មជុំវិញ​​​​​​​​​​​​​​​​ព័ត៌មានដែល​បាន​រិះគន់​និង​សរសេរ​មិនល្អ​ពីស្នេហា​របស់ខ្លួនជា​មួយ​លោក​ឆឹម សក្កដា។ ​

​​ពេជ្រ សោភា និយាយថា​​​​​តារា​សិល្បៈនៅ​ក្នុង​ប្រទេស​កម្ពុជា​​​បានត្រឹមតែ​ល្អ​មើល​ប៉ុណ្ណោះ ប៉ុន្តែ​បើ​​​​​​​​​​សំដៅ​លើ​​​​កម្រិត​ជីវភាព និង​ប្រាក់ចំណូល​​​​ គឺ​​​ទទួល​បាន​​ទាប​ដាច់​ឆ្ងាយ​ខ្លាំង​ណាស់​​​នឹង​តារា​ប្រទេស​ជិត​ខាង​ឆ្ងាយ​ណាស់ទើបជា​ហេតុ​ធ្វើអោយ​​តារា​របស់​​ប្រទេស​កម្ពុជា មិនមាន​តម្លៃ​គ្រប់គ្រាន់ ជា​ពិសេស​នៅពេល​តារា​ទាំង​នោះ​​​​បាត់​​​​ការងារ​ច្រៀង​រាំ​​​​​​បានញឹកញាប់។

នាង​​ថា​នេះជា​មូលហេតុដែល​តារា​​ភាគច្រើន ​​​​ចេញមុខ​ញឹកស្អេក​​​​ដើម្បី​សាបព្រួស​កេរ្តិ៍ឈ្មោះ​ផងនិង​ដើម្បី​​​​​​​​​និរន្តរភាព​នៃ​​​ការ​រកចំណូលផង។ ​នាង​ថា​​បើទោះ​​​​ជា​បាន​ក្លាយជាតារា​ល្បី​​​លំដាប់​ប្រទេស​​ប្រហែលគ្នា តែ​​តារា​​​​ខ្មែរ​ភាគច្រើន​​​​​​មិនមាន​​​​​លទ្ធភាព​​​​ប្រហាក់​ប្រហែល​នឹងតារា​មួយចំនួន​​នៅក្នុង​ប្រទេសជិត​ខាង។

នាង​បាន​ទម្លាក់​​​​​បញ្ហា​​ទៅ​លើ​អ្នកគាំទ្រ ដោយអះអាងថា​​​ដោយសារតែ​អ្នកគាំទ្រ​​​​​​​​​​​​​​​​​​​​​​​​​​​​គឺជាអ្នក​​​​​លើកទឹកចិត្តដល់តារា​បរទេស​ខ្លាំង​ពេកទើបតារា​​នៅកម្ពុជា​នៅតែ​​មានកម្រិត​​​ និង​ឈាន​ឡើង​ទៅមុខ​មិនរួច​។

នាង​និយាយថា​​​​​ «​តារា​ខ្មែរ​​​​​ទៅមុខ​លើស​ហ្នឹង(ជីវភាព និង​ប្រជាប្រិយភាព) អត់​រួចទេ ទៅ​រួច​មិច​​បើ​​​​ជួល​​អ្នកចម្រៀង​​ទាំង​​ក្រុម​រាំ​ផង​អី​ផង​​ ​​​​​ត្រឹម​​​​​​​​២​ពាន់ប្រាំ(​ដុល្លារ)​អី​​ស្រែកថា​ថ្លៃ​ណាស់ ​ប៉ុន្តែ​បើ​តារា​​បរទេស​​អូខេ​មកច្រៀងតែ​​​​៣​បទឬ​​​​៤​បទ អោយ​​​​១ម៉ឺន ​​២​ម៉ឺន​ ស្រែកថា​​ឡូយណាស់​ៗ​​​!»។

កញ្ញា​នៅតែ​​​​បន្ត​​​​វាយ​ប្រហារ​ដដែល​ជា​ដដែល ​​ទៅកាន់​​​​​​​​អ្នករៀបចំ​កម្មវិធីដែល​បាន​​ប្រើ​គ្រប់មធ្យោបាយ​ ដើម្បី​បំផុស​អោយ​មានការ​គាំទ្រ​ដល់តារា​បរទេស ដែល​មិនខុស​ពី​​​​ជួយ​អោយតារា​ទាំង​នោះ​​មានមុខ​មានមាត់​​លើសពីតារា​ក្នុងស្រុក​​​ ដោយសូម្បីតែ​តារា​បរទេស​មួយចំនួន​​​​​​​​គឺ​ខ្មែរ​​ភាគច្រើន​មិនបានស្គាល់។ នាង​ថា​​​​​​​បើតារា​កម្ពុជា​​​​ចេញច្រៀងឬ​ចេញសម្ដែង​ជាមួយ​​​បរទេស ​​​គឺ​តារា​​ខ្មែរ​​​​​​​​​​​តិច​ណាស់ដែលទទួល​បានការលើក​​តម្កើង​អោយស្មើ​នឹង​តារា​បរទេស ​​​​​​​​​​​​ដែលសុទ្ធ​តែ​ជា​មូលហេតុ​ធ្វើអោយ​តារា​​សិល្បនៅ​កម្ពុជានៅ មានកម្រិត​​ទាំង​កេរ្តិ៍ឈ្មោះ និង​​​​​​​តម្លៃខ្លួន។

នាងថា​​​តម្លៃ​ខ្លួន​​​​ទាបជាង​​​តារា​បរទេស​​​​ដាច់ឆ្ងាយ​គឺជា​រឿង​​​​​​​​​មិនចម្លែកនោះទេ ប៉ុន្តែ​អ្វីដែល​នាង​​​​កត់សម្គាល់​គឺ​អ្នកគាំទ្រ​​ខ្មែរ​មួយចំនួន​បាន​​​​​​​បង្ហាញ​ពីការ​សាទរ​ដល់តារា​បរទេស​ឡើង​ផ្កាប់មុខតែម្ដង ទើប​​ជំរុញអោយ​​​អ្នករៀបចំកម្មវិធី​ហ៊ាន​ចំណាយច្រើន​ម៉ឺន​​យកតារា​បរទេស​មកច្រៀង ​​​ដែល​នាង​យល់​ថា​​​​​​បើ​យកតម្លៃ​តារា​​បរទេស​​ទាំង​នោះ​មក​​ជួល​តារា​​ខ្មែរឬ​ធ្វើ​កម្មវិធី​​​​​​​​​ដើម្បី​​តារា​ខ្មែរ​​គឺបាន​ច្រើនដង។

នាង​​បានថ្លែង​​បញ្ជាក់ថា​​​​​ភាគច្រើននៃ​​​កម្មវិធីដែលមានបរទេស​​​​ចូលរួម​ រមែង​មានការ​​ផ្សព្វ​ផ្សាយ​ទូលំទូលាយ​ដោយ​​​មានធ្វើជា​ខិតប័ណ្ណ​ផង និ​ងធ្វើ​ប៉ាណូ​​ដាក់តាំង​តាម​ផ្លូវផង ដែលធ្វើអោយ​អ្នកគាំទ្រ​​ចាប់អារម្មណ៍។

នាង​ថា​​​ប្រសិន​បើគ្រប់វត្តមានតារា​​ខ្មែរ​ទៅ​កាន់កម្មវិធី​​​​ណាមួយ ហើយអ្នករៀបចំ​កម្មវិធី​​​​​​បំផុស​និង​លើកស្ទួយដូច​គ្នា​​​នឹងអ្វីដែល​បានធ្វើ​ចំពោះ​តារា​​បរទេស គឺ​​ប្រាកដជា​មានការ​ចាប់អារម្មណ៍មិន​ខុស​គ្នា​នោះទេ។

អ៊ីចឹង​ហើយទើប​នាង​នៅតែ​យល់ឃើញថា​​តារា​បរទេស​​មាន​ប្រៀប​ជាង​តារា​​​​​​​កម្ពុជាដែល​ខុស​គ្នា​ដាច់​ស្រលះ​នៅ​ពេលតារា​ខ្មែរ​ចេញទៅច្រៀង​នៅ​តាម​ប្រទេសជិត​ខាង​ម្ដងៗ។ ត្រង់​នេះ​ហើយ​ដែល​នាង​ថា​​​​​​​តារា​ខ្មែរ​នៅតែ​គ្មាន​​​​​កម្រិត​​ឈានឡើង​បាន​ល្អ​ជាង​នេះ ជា​ពិសេស​គឺ កម្រិត​​ប្រាក់ចំណូល ​​​​​ ​​​ដោយ​បញ្ហា​​​មួយ​ផ្នែកធំ គឺ​នាង​ថា​បណ្ដាល​មកពីអ្នក​រៀបចំកម្មវិធីមួយចំនួននិង​អ្នកគាំទ្រមួយចំនួន​​មិន​​អោយតម្លៃ​​ដល់​​តារា​សិល្បៈរបស់ជាតិសាសន៍ខ្លួនតែម្ដង។ យ៉ាងណាមិញនាង​ថា​​​​​​​​​​បណ្ដា​ផលិតករ​​មិនដែល​​​​​​​​​​​​​​​​​ត្អូញត្អែ​ចំពោះ​តម្លៃខ្លួនរបស់​នាង​នោះទេ ​បើទោះជា​នាង​​​​បានសម្រេច​ចិត្ត​ដំឡើង​ថ្លៃ។

នាង​​និយាយថា​ «​​​​​​​យើង​ចេះតែ​​​លើកឡើង​ថា​​សិល្បៈ​យើង​មិច​​អត់ដល់គេ អោយ​ដល់​គេ​ម៉េច បើ​​​​តារា​ខ្មែរ​​​​​ទៅច្រៀង​អ្នកខ្លះអត់​ទះដៃ​ផងហ្នឹង តែ​បើ​តារា​បរទេស​មក គឺ​ថា​ផ្កាប់មុខ​​​​​​​​​​​!»។

នាង​ថា​ខ្លួនមានអារម្មណ៍​អន់ចិត្ត​ដែល​​បាន​ប្រឹ​ង​ប្រែង​និព​ន្ធ​​​​​បទ​ចម្រៀង​​ប្រភេទ​រាំ​វង់​រាំ​ក្បាច់​​​​​​​​​​​ជាច្រើន ដើម្បី​​ចេញ​បង្ហោះ តែសន្ទុះគាំទ្រ​​គឺ​បាន​​​តិចណាស់។ ​ផ្ទុយ​ទៅវិញ​ពេល​នាង​​​ប​ញ្ចេញ​បទចម្រៀង​​បែកស្លុក​​​​​​​​​​​​​​​បែរ​ជាមានការ​រិះគន់ថា​​​អ្នកនាង​​​​​ផលិតតែ​ចង្វាក់​​​​​​​​​​​​​​ឡប់​ៗ​​​​​​​​មិន​​​​លើកស្ទួយដល់​វិស័យសិល្បៈ​ចម្រៀង​ដែលជា​​​អត្តសញ្ញាណ​របស់ខ្លួន។

នាង​ថា​​​​​ខ្លួន​​​​​​​​​​ផលិត​បទ​ចម្រៀង​​ផ្អែកលើ​ចំណូលចិត្ត​របស់​អ្នកស្ដាប់ ប្រសិន​បើ​​​​​​​​​អ្នកស្ដាប់​ចូល​ចិត្ត​បទ​​បែក​ស្លុយ ​​នោះ​ការ​ផលិត​ត្រូវ​​​​ខំប្រកួត​ប្រជែង ​ហើយ​បើ​​​​បទ​​​ចង្វាក់ខ្មែរទទួលបានការគាំទ្រ​​វិញ​ នាង​ក៏​នឹងធ្វើ​តម្រូវ​ផងដែរ។

អ្នកនាង​​​ទទូច​អោយ​អ្នករិះគន់​ផ្លាស់​ប្ដូរ​ទស្សនៈនិង​​​​​​​ស្នើអោយអ្នកគាំទ្រ​​​ងាកមកគាំទ្រ​តារា​​​​​ខ្មែរ​អោយបានច្រើនជាង​តារា​បរទេស​ ​ទើប​ខាង​អ្នករៀបចំ​កម្មវិធី​​​​​​​​ហ៊ាន​លើកទឹកចិត្ត​​​​តារា​ខ្មែរ​​ទាំង​រឿង​តម្លៃ​ខ្លួន និងការ​ឃោសនា​​​​​​​​​​​​​​​​តារា​ខ្មែរ​អោយ​បានឈាន​ឡើង​ដូច​គ្នា​នឹង​ពេល​យកតារា​បរទេស​មក​ចាយលុយ​​​ច្រើន​ម្ដងៗ។ យ៉ាងណាមិញនាង​ថា ហេតុផល​​ជនជាតិខ្មែរ​តិច​ជាង​ប្រទេសជិត​ខាង ដែលជា​ទីផ្សារតូច ក៏ជាមូលហេតុ​​​​​​​​ធ្វើអោយតារាសិល្បៈខ្មែរ​​ពិបាកឈានឡើ​ង​ស្មើ​​តារា​បរទេស​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ