ជាញឹកញាប់មេដឹកនាំវៀតណាម តែងតែជំរុញរដ្ឋាភិបាលកម្ពុជា ឲ្យពន្លឿនការបោះបង្គោលព្រំដែន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពេលខ្លួនមកទស្សនកិច្ចនៅកម្ពុជា ទោះជាយន្តការកំពុងដំណើរការទៅនោះ អ្នកនយោបាយខ្មែរ ខាងបក្សប្រឆាំងមិនគាំទ្រក៏ដោយ។
ក្នុងដំណើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង សួនហ្វ៊ុក មកកាន់កម្ពុជា នៅសប្តាហ៍នេះ ក៏មានចុះកិច្ចព្រមព្រៀងមួយទៀតដោយជំរុញឲ្យបញ្ចប់ការបោះបង្គោលព្រំដែន មុនកម្ពុជាបោះឆ្នោតជាតិឆ្នាំ២០១៨ដែរ។
ក្រសួងការបរទេសកម្ពុជា ប្រកាសថា ក្នុងកិច្ចព្រមព្រៀងនោះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក បានសរសើគ្នាទៅវិញទៅមកថា ការបោះបង្គោល ព្រំដែនគោក បានប្រមាណជា៨៤ភាគរយនេះ ថាជាការខំប្រឹងប្រែង ឈរលើមូលដ្ឋាននៃសន្ធិសញ្ញាកំណត់ព្រំដែន រវាងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍បញ្ជាក់ដែរថា «ភាគីទាំងពីរបានបញ្ជាក់ពីការតាំងចិត្តបញ្ចប់ការងារដាំបង្គោលតម្រុយអចិន្ត្រិយ៍ និងបង្គោលបំពេញបន្ថែម ក្នុងឆ្នាំ២០១៧»។
ប៉ុន្តែគណបក្សប្រឆាំងវិញ អះអាងផ្ទុយពីនេះ។ កន្លងទៅតំណាងរាស្ត្របក្សប្រឆាំងធ្លាប់ស្នើឲ្យរដ្ឋាភិបាលកម្ពុជាផ្អាក បោះបង្គោលនេះ ជាបណ្តោះអាសន្នសិន ដោយថារង់ចាំរកឯកសារនានាដែលសម្តេចព្រះ នរោត្តម សីហនុ តម្កល់នៅអង្គការសហប្រជាជាតិមកផ្ទៀងផ្ទាត់ ដើម្បីឲ្យប្រាកដថា ការបោះបង្គោលព្រំដែននោះធានាបូរណភាពទឹកដី មិនបាត់បង់ដីទៅប្រទេសវៀតណាម។
ប៉ុន្តែជាលទ្ធផល តំណាងរាស្ត្រដែលសកម្មរិះគន់បញ្ហាព្រំដែន មានលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ត្រូវបានចាប់ឃុំខ្លួន រហូតដល់ពេលនេះ។
ករណីនេះត្រូវបានអ្នកឃ្លាំមើល លើកឡើងថា បញ្ហាព្រំដែន ជាអាវុធមុខពីរ ជាគ្រោះថ្នាក់ សម្រាប់អ្នកហ៊ានរិះគន់ និងជាថ្នាំបន្សាប ប្រជាប្រិយភាពរដ្ឋាភិបាលផងដែរ បើយន្តការបោះបង្គោលនោះ រដ្ឋាភិបាលមិនអាចពន្យល់ពលរដ្ឋឲ្យជឿទុកចិត្តបានទេនោះ។
បើការបោះបង្គោលព្រំដែន មានភាពចម្រូងចម្រាសបែបនេះ ហេតុអ្វីវៀតណាម ជំរុញឲ្យបក្សកាន់អំណាច កំណត់ខណ្ឌសីមា ឲ្យចប់មុនកម្ពុជារៀបចំបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨?
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា បើគេអានប្រវត្តិសាស្ត្រខ្មែរ លោកថា វៀតណាម មិនដែលមានបំណងល្អមកលើកម្ពុជាម្តងណាទេ។
លោក សូ ចន្ថា លើកឡើងថា ការដែលវៀតណាមជំរុញ រដ្ឋាភិបាលកម្ពុជា ឲ្យពន្លឿនការបោះបង្គោលព្រំដែននេះ លោកវិភាគថា វៀតណាម អាចគិតពីភាពមិនច្បាស់លាស់ នៃការបន្តគ្រប់គ្រងអំណាច របស់គណបក្សប្រជាជនកម្ពុជា ក្រោយការបោះឆ្នោតជាតិ២០១៨។
កត្តាទីពីរ លោកវិភាគថា វៀតណាមអាចបារម្ភពីការខាតប្រយោជន៍ ដោយថា បើគណបក្សថ្មី ឡើងកាន់អំណាច ក្រោយការបោះឆ្នោត អាចពិបាក ប្រើឥទ្ធិពលខ្លួន លើបញ្ហាបោះបង្គោលនេះ តាមអ្វីដែលវៀតណាមចង់បាន។
លោកថា៖ «ជាការពិតពេលបច្ចុប្បន្ន វៀតណាម នូវមានឥទ្ធិពលទៅលើរដ្ឋាភិបាលដែលដឹកនាំដោយបក្សកាន់អំណាច។ អញ្ចឹងវៀតណាម ងាយក្នុងការពិភាក្សា ងាយក្នុងការជជែក ឬក៏ការជំរុញឲ្យមានការធ្វើការរួមគ្នាក្នុងការបោះបង្គោលហ្នឹង។ ហើយអាចនិងមានផលចំណេញ ទៅវៀតណាផង ដោយសារតែ រដ្ឋាភិបាលសព្វថ្ងៃនៅតែរំឭកគុណវៀតណាម ដែលបានជួយកម្ពុជា ពីអតីតកាលនោះ។ អញ្ចឹងមានន័យថា វៀតណាម នៅតែមានចំពោះរដ្ឋាភិបាលបច្ចុប្បន្ន។ ប៉ុន្តែបើសិនជាមានការផ្លាស់ប្តូររដ្ឋាភិបាលថ្មី អាចឥទ្ធិពលវៀតណាមនឹងត្រូវកាត់ផ្តាច់ ឬក៏ថយចុះក្នុងកម្រិតណាមួយ។ អញ្ចឹងពេលនោះហើយដែលវៀតណាម ត្រូវជំរុញការបោះបង្គោល ចំពេលដែលវៀតណាម កំពុងមានឥទ្ធិពលនោះឲ្យចាប់នោះ»។
មួយវិញទៀត លោក សូ ចន្ថា វិភាគថា ការពន្លឿនឲ្យបញ្ចប់ការបោះ បង្គោលព្រំដែននេះ ក៏ជា សេនារីយូមួយទៀត ដែលវៀតណាម ចង់បង្កើតប្រជាប្រិយភាព គណបក្សប្រជាជន ឲ្យពង្រីកការអភិវឌ្ឍនៅតាមព្រំដែន ដើម្បីទាក់ទាញប្រជាប្រិយភាព លុបលាងនូវសំឡេងរិះគន់កន្លងទៅ ក្រោយបង្គោលព្រំដែនទាំងអស់បោះហើយជាផ្លូវការ។
លោកថា៖ «រដ្ឋាភិបាលបច្ចុប្បន្នក៏ចង់បង្ហាញពីការដឹកនាំ ឬការរៀបចំព្រំដែនឲ្យមានការរីកចម្រើនផងដែរ ដើម្បីកុំឲ្យពលរដ្ឋមើលឃើញថាបញ្ហាព្រំដែននៅតែជាបញ្ហាបន្តទៀត ហើយអ្នកខាតបង់គឺបក្សកាន់អំណាច។ ក៏ប៉ុន្តែបើទោះជាយ៉ាងនេះក្តី បើការបោះបង្គោលនោះមិនមានការឯកភាពគ្នា ជាលក្ខណបច្ចេកទេសនោះទេ ពេលនោះអ្វីដែលជាការខាតបង់ និងបញ្ហាដែលនៅតែបន្តកើតមានវាជាបញ្ហាប្រវត្តិសាស្ត្រ មានន័យថា តកូនតចៅទៅថ្ងៃមុខ នៅតែបន្តចោទប្រកាន់ នូវតែមានការលើកឡើងពីបញ្ហាព្រំដែន បញ្ហាទឹកដីជានិច្ច»។
ឯកសារខ្លះបញ្ជាក់ថា ក្រោយពីកម្ពុជាបានឯករាជ្យភ្លាម ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានដឹកនាំចលនាដ៏ខ្លាំងក្លាមួយ អំពាវនាវឲ្យសហគមន៍អន្តរជាតិ ទទួលស្គាល់ព្រំដែនកម្ពុជា ដោយឈរលើគោលការណ៍ «ខ្សែបន្ទាត់ព្រំដែនមិនកែប្រែ»។
ឯកសារដដែលបញ្ជាក់ទៀតថា ជាលទ្ធផល ជម្លោះលើការជ្រើសរើសយកគោលការណ៍ ខ្សែរព្រំដែនមិនកែប្រែ រវាងកម្ពុជា និងវៀតណាម ត្រូវបានបញ្ចប់នៅឆ្នាំ១៩៦៤ នៅពេលដែល សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៅពេលនោះ បានយកផែនទីបោន(Bonne)ខ្នាត១/១០០ ០០០ បោះពុម្ភដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិ ។
ប៉ុន្តែក្រោយពីសម្តេចព្រះនរោត្តម សីហនុ ចូលទីវង្កត អ្នកនយោបាយខ្មែរ បានខ្វែងគំនិតគ្នាឡើងវិញ ពីការបោះបង្គោលព្រំដែនជាមួយវៀតណាមនេះ ។
បក្សប្រឆាំងរិះគន់ ការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាស្ថិតក្រោមឥទ្ធិពលនៃប្រទេសវៀតណាម និងបានចោទប្រកាន់ថា សន្ធិសញ្ញាព្រំដែនមួយចំនួន ធ្វើឲ្យកម្ពុជាខាតបង់។
ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំណាយពេលជាង៥ម៉ោង នៅក្នុងមន្ទីររដ្ឋសភា កាលពីថ្ងៃទី៩ខែសីហាឆ្នាំ២០១២ ដោយបកស្រាយថា ការបោះបង្គោលព្រំដែនជាមួយវៀតណាម កម្ពុជាមិនខាតបង់ទេ បើពិនិត្យទៅលើផ្ទៃដី ដែលពលរដ្ឋចងចាំគ្រប់គ្នាថា មានទំហំ១៨១ ០៣៥គីឡូម៉ែត្រក្រឡានោះ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រីអះអាងថា បើផ្អែកតាមការវាស់វែងតាមបែបបច្ចេកវិទ្យាទំនើបដូចបច្ចុប្បន្ននេះ លោកថាកម្ពុជាមានផ្ទៃដីធំជាងផ្ទៃដីដែលបន្សល់ទុកពីសម័យមុនទៅទៀត។
ជាងនេះទៅទៀត នៅប៉ុន្មានខែមុននេះ លោក ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក បានជួបគ្នានៅខេត្តសៀមរាមឈានដល់ការព្រមព្រៀងស្នើសុំប្រទេសបារាំងជួយគូរចម្លងផែនទី ពីខ្នាត១លើ១០០ ០០០ទៅខ្នាត១លើ៥០ ០០០វិញដោយថា ដើម្បីបង្ករភាពងាយស្រួលដល់វាស់វែងលើដីជាក់ស្តែង ដែលនៅសល់ជាង១០ភាគរយទៀត។
ប៉ុន្តែករណីនេះ អ្នកជំនាញកិច្ចការព្រំដែនមួយចំនួន នៅក្រៅប្រទេសអះអាងថា ការចម្លងខ្នាតផែននេះកម្ពុជាចាញ់ប្រៀបវៀតណាម។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀត លោក ឯម សុវណ្ណារ៉ា លើកឡើងថា វៀតណាមមានប្រៀបលើកម្ពុជា ទាំងផ្នែកកងទ័ព និងផ្នែកសេដ្ឋកិច្ច ដូចនេះលោកវិភាគថា វៀតណាមមិនខ្វល់ពីបញ្ហាផ្ទៃក្នុងកម្ពុជាយ៉ាងណានោះទេ តែថាវៀតណាម នឹងយកបញ្ហានេះ ជំរុញធ្វើយ៉ាងណាឲ្យខ្សែរបន្ទាត់ព្រំដែនប្រទេសទាំងពីរក្លាយជាខ្សែរបន្ទាត់អន្តរជាតិ ឯបញ្ហាផ្សេងៗទុកឲ្យក្មេងជំនាន់ក្រោយជាអ្នកការពារ។
លោកថា៖ «បញ្ហាផ្សេងៗហ្នឹងវៀតណាមគេមានលទ្ធភាពច្រើនគ្រប់បច្ចេកទេស ទាំងលទ្ធភាពទ័ព ទាំងលទ្ធភាពចុះទៅព្រំដែនហ្នឹងគេមានលទ្ធភាពជាងកម្ពុជា។ អញ្ចឹងបញ្ហាចរចារ និងបញ្ហាបោះបង្គោលវៀតណាមមានប្រៀបជាង កម្ពុជា។បើយើងនិយាយពីការមានប្រៀបហ្នឹង វៀតណាមមានប្រយោជន៍ជាងកម្ពុជា លក្ខណនេះឯងវៀតណាមចង់បញ្ចប់ឲ្យបានមុន។ អញ្ចឹងវៀតណាម ក៏មិនជឿថា ភាគីឬរដ្ឋាភិបាលអណត្តិក្រោយៗទៀត កើតចេញពីគណបក្សថ្មីគេគិតយ៉ាងម៉េច ឬក៏គេសើរើពីបញ្ហាបោះបង្គោលហ្នឹងគេមិនទាន់ដឹងច្បាប់ទេ តែអ្វីដែលច្បាស់ហ្នឹងគេចង់បោះឲ្យហើយ»។
លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា បើទោះបីជាពេលនេះវៀតណាម អាចជំរុញកម្ពុជា ឲ្យបោះបង្គោលព្រំដែនតាមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាក៏ដោយ ប៉ុន្តែលោកថាកម្ពុជានឹងពិបាកធ្វើឲ្យខ្សែបន្ទាប់ព្រំដែននេះ ក្លាយជាខ្សែបន្ទាប់ព្រំដែនស្របច្បាប់។
លោក ឯម សុវណ្ណារ៉ា ពន្យល់ថា ថ្វីត្បិតតែសន្ធិសញ្ញាព្រំដែនមុនៗ រដ្ឋសភាបានផ្តល់សច្ចាប័នក៏ពិតមែន ប៉ុន្តែលោកថា តាមច្បាប់សភានិយម នៅពេលបោះបង្គោលព្រំដែនចប់សព្វគ្រប់ គណៈកម្មាធិការជំនាញ ត្រូវរាយការណ៍ពីទីតាំងបោះបង្គោលជាក់ស្តែងនោះ មករដ្ឋសភាពិនិត្យ និងត្រូវសុំការយល់ព្រម ដោយសំឡេងគាំទ្រ២ភាគ៣ ដែលលោកថា បក្សប្រជាជនពេលនេះ គ្មានសំឡេងគ្រប់សម្រាប់អនុម័តទេ។
លោកថា៖ «បើទោះបីរដ្ឋាភិបាលបោះបង្គោលហើយនៅឆ្នាំ២០១៧ហ្នឹងក៏ដោយ ឬរដ្ឋាភិបាលថ្មី ឬរដ្ឋាភិបាលដដែលហ្នឹង ឡើងកាន់អំណាចនៅអណត្តិក្រោយ ក៏ដោយ ក៏ត្រូវមានការព្រមព្រៀង ឬឲ្យសច្ចាប័នពីសភាជាតិ២ភាគ៣ដែរ ។អញ្ចឹងទេគណបក្សកាន់អំណាចបច្ចុប្បន្នអត់មានសំឡេង២ភាគ៣ទេ។ អញ្ចឹងទេបើសភាជាតិមិនផ្តល់សច្ចាប័ន លើការបោះបង្គោលនោះទេ ការបោះបង្គោលហ្នឹងក៏មិនទាន់យកជាការបានដែរ អាហ្នឹងយើងនិយាយផ្លូវច្បាប់។ព្រោះនៅកម្ពុជា រដ្ឋធម្មនុញ្ញអាស្រ័យសភា ជាអ្នកឲ្យសច្ចាប័ន បើសភាបដិសេធ អញ្ចឹងរាល់ការបោះបង្គោលហ្នឹងក៏វាមិនទាន់ស្រាច់បាច់ដែរ»។
បើតាមអ្នកវិភាគ គេនៅមិនទាន់ដឹងថា បក្សកាន់អំណាច និងដាក់សម្ពាធទៅបក្សប្រឆាំង រហូតដល់ពួកគេ ប្រកាសទទួលស្គាល់ការបោះបង្គោលព្រំដែន កម្ពុជា វៀតណាម នោះតាមរបៀបណានៅឡើយទេ៕