រដ្ឋាភិបាល​ថា ​របាយការណ៍​សេរីភាពសារព័ត៌មាន​ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត

លោក សុខ ឥសាន (រូបពី វិទ្យុអាស៊ីសេរី)

អ្នកនាំពាក្យបក្សកាន់អំណាច បាន​ច្រាន​ចោលរបាយការណ៍វាយតម្លៃថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានបន្ដធ្លាក់ចុះនៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ខណៈ​រដ្ឋាភិបាលក៏បន្ដលើកឡើងពីការអនុវត្ដច្បាប់ និងការ​ពង្រឹងនីតិរដ្ឋ។

កាលពីថ្ងៃ​ម្សិលមិញ​នេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានចេញរបាយការណ៍ប្រចាំឆ្នាំ២០១៨ ដោយបានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាដល់ទៅ ១០លេខ ពោលគឺនៅឆ្នាំនេះ កម្ពុជាស្ថិតនៅលេខរៀងទី១៤២ ធៀបនឹងចំណាត់ថ្នាក់១៣២ កាលពីឆ្នាំមុន។​

បើតាមរបាយការណ៍នេះ អង្គការ Reporters without Borders រិះគន់ថា កម្ពុជាកំពុងទទួលរងឥទ្ធិពលពីប្រទេសកុម្មុយនីស្ដចិន និងបានបើកការបង្ក្រាបយ៉ាងចាស់ដៃលើប្រព័ន្ធផ្សព្វផ្សាយ ដូចជា ការបិទកាសែតភាសាអង់គ្លេស ខេមបូឌា ដេលី ការបិទស្ថានីយវិទ្យុផ្សាយចំនួន ៣០ និងការចោទប្រកាន់អ្នកសារព័ត៌មានមួយចំនួនទាំងគ្មានមូលដ្ឋាន។

អង្គការ Reporters without Borders អះអាងថា ការរិតត្បិតសេរីសារព័ត៌មានបានកើតឡើងខ្លាំង បន្ទាប់ពីកម្ពុជាបានបញ្ចប់ការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនាឆ្នាំ២០១៧ ដោយកាលនោះ អតីតគណបក្សប្រឆាំងទទួលបានសំឡេងគាំទ្រជិតពាក់កណ្ដាលប្រទេស។ ករណីនេះ អ្នកសារព័ត៌មានគ្មានព្រំដែនថា កម្ពុជាកំពុងយកលំនាំគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមប្រទេសកុម្មុយនីស្ដចិន។

ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលរបាយការណ៍វាយ​តម្លៃ​កម្រិត​សេរីភាពសារព័ត៌មាននៅកម្ពុជានេះ ដោយថា មិនបានឆ្លុះបញ្ចាំងការពិត និងមានភាពលម្អៀងផ្នែកនយោបាយ។ លោកបន្ដថា អង្គការអន្ដរជាតិមួយនេះ គួរសិក្សាឲ្យបានស៊ីជម្រៅថែមទៀតអំពីករណីកម្ពុជា និងមិនគួរលើកយកតែជ្រុងមួយមកធ្វើការវាយតម្លៃនោះទេ។

លោកថា៖ «ការវាយតម្លៃនេះ ​វាមិនផ្អែកទៅលើការពិតជាក់ស្ដែងនៅកម្ពុជាទេ ខេមបូឌា ដេលី មូលហេតុអីបានគេ ដោយសារមិនបង់ពន្ធ អាត្រង់កន្លែងអត់បង់ពន្ធ គាត់អត់និយាយទេ អញ្ចឹង កាលណានិយាយតែពីរឿងបិទ តែមួយចំហៀង អាហ្នឹងច្បាស់ជាពាក់ព័ន្ធនឹងសិទ្ធិសេរីភាពសារព័ត៌មានហើយ។ ក៏ប៉ុន្ដែ ត្រង់ថា អត់បង់ពន្ធហ្នឹង គាត់អត់និយាយទេ អញ្ចឹង បានសេចក្ដីថា ការវាយតម្លៃរបស់គាត់ មិនផ្អែកលើយុត្ដិធម៌ក្នុងការវាយតម្លៃរបស់គាត់ទេ គឺគាត់វាយតម្លៃទៅលើនិន្នាការនយោបាយ»

ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា យល់ថា ការវាយតម្លៃរបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែននេះ មានភាពត្រឹមត្រូវមួយផ្នែក ប៉ុន្ដែ មិនឆ្លុះបញ្ចាំង​ការពិតទាំងស្រុងអំពីកម្រិត​សេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ។

លោកថា៖ «បើសិនជាយើងពិនិត្យស៊ីជម្រៅតិច យើងឃើញថា វាមានមូលហេតុរបស់វា និយាយមែនទែនទៅ ក្នុងនាមយើងអ្នកសារព័ត៌មាន មិនចង់ឃើញព្រឹត្តិការណ៍ទាំងអស់ហ្នឹង កើតឡើងទេ។ ​យើងចង់ឲ្យសារព័ត៌មានយើងដែលមានហ្នឹង នៅបន្ដទៅទៀត។ ប៉ុន្ដែ ហេតុការណ៍ទាំងអស់ហ្នឹង វាជាបទពិសោធន៍មួយសម្រាប់អ្នកសារព័ត៌មាន ការវាយតម្លៃមកពីខាងក្រៅហ្នឹង ឲ្យតែឃើញចឹង គេដឹងតែវាយតម្លៃថា សារព័ត៌មានហ្នឹងស្រុតចុះហើយ នៅស្រុកខ្មែរ។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថា ការវាយតម្លៃហ្នឹង វាត្រូវមួយផ្នែក ប៉ុន្ដែ វាអត់ឆ្លុះបញ្ចាំង សម្រាប់ប្រទេសកម្ពុជាបានទេ ដោយសារតែគាត់អត់បានសិក្សាស៊ីជម្រៅ»

ទោះជាយ៉ាងណា បើប្រៀបធៀបជាមួយនឹងប្រទេសក្នុងតំបន់ កម្ពុជា​មានកម្រិត​សេរីភាពសារព័ត៌មានល្អប្រសើរជាងប្រទេសម៉ាឡេស៊ី សិង្ហបុរី និងព្រុយណេ និងប្រទេសប្រកាន់របបកុម្មុនីស្ដបីទៀត គឺចិន ឡាវ និងវៀតណាម ប៉ុន្ដែ កម្ពុជា ទទួលបានចំណាត់ថ្នាក់អន់ជាងប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដូចជា ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន និងឥណ្ឌូនេស៊ី។

កាលពីឆ្នាំ២០១៧ អ្នករាយការណ៍គ្មានពំ្រដែន បានចាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា​​ថា កាន់តែអាក្រក់ទៅ ដោយថា កម្ពុជាជាប់ចំណាត់ថ្នាក់១៣២ ក្នុងចំណោមប្រទេស១៨០ នៅលើពិភពលោក ពោលគឺធ្លាក់ចុះ ៤លេខ ពីចំណាត់ថ្នាក់ទី១២៨ កាលពីឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ