មេបក្សប្រឆាំងថានឹងចុះចេញពីតំណែងបើលោកជាប់ឆ្នោតធ្វើការមិនកើត

ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ប្រកាសថា លោកនិងចុះចេញពីតំណែ​ង បើលោកឈ្នះឆ្នោតនៅក្នុងឆ្នាំ២០១៨ខាងមុខ ហើយធ្វើការងារបំរើពលរដ្ឋមិនកើត។

លោក កឹម សុខា ថ្លែងបែបនេះ នៅខាងមុខអ្នកគាំទ្ររាប់ពាន់នាក់ ក្នុងយុទ្ធនាការឃោ​ស​នាបោះឆ្នោតឃុំសង្កាត់ នៅខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី២៥ខែឧសភា​។

ប្រធានគណបក្សប្រឆាំងលោក កឹម សុខា ​មានប្រសាសន៍ថា​ បើគណបក្សប្រឆាំងឈ្នះឆ្នោតនៅឆ្នាំ​២០១៨​ ដឹកនាំរដ្ឋាភិបាល នឹងអនុម័តថវិកាជាតិ៥០ម៉ឺនដុល្លា ឲ្យដល់មូលដ្ឋាន ដើម្បីអភិវឌ្ឍន៍​ឃុំសង្កាត់។ លោកថា លោក កែម ឡី បានផ្ដល់យោបល់ដល់លោកថា នៅពេលដែលគណបក្សប្រឆាំង ឈ្នះការបោះឆ្នោត នឹងទម្លាក់លុយកន្លះលានដុល្លានេះ ដល់ភូមិឃុំសង្កាត់ ទើបអាចជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យបានរួចចាកផុតពីភាពក្រីក្រ។

លោក កឹម សុខា ក៏បានអំពាវ​នាវដល់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឲ្យមានការជឿជាក់លើគណបក្សនេះ ដោយលោកថា បើលោកជាប់ឆ្នោតខាងមុខ ហើយធ្វើការមិនកើត លោកនឹងចុះចេញពីតំណែងវិញ។

លោកបន្ដថា៖ «ខ្ញុំសុំអំពាវនាវដល់បងប្អូនជនរួមជាតិជឿជាក់ថា អ្វីដែលគោលនយោបាយគណបក្សសង្គ្រោះជាតិ ដែលយើងលើកឡើងមកនេះ ទាំង៥ចំណុចនេះ យើងធ្វើបានយើងគិតច្បាស់លាស់ហើយ យើងធ្វើបានក្នុងនាមគណបក្សសង្គ្រោះជាតិ ក្នុងនាមប្រធានគណបក្សសង្គោះជាតិ ខ្ញុំសន្សាថា គឺបងប្អូនផ្ដល់សិទ្ធិអំណាចបោះឆ្នោតឲ្យ២០១៨ យើងនឹងធ្វើជូនប្រជាពលរដ្ឋឲ្យបានជាដាច់ខាត បើធ្វើមិនបាន កឹម សុខា ចុះចេញពីតំណែង»

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន ដើម្បីសុំការឆ្លើយតប​ពីករណីនេះបានទេ ដោយលោកមិនលើកទូរស័ព្ទ។

អ្នកវិភាគបញ្ហាសង្គម លោក មាស នី វិភាគថា ការចុះចេញពីតំណែងជារឿងសមស្រប របស់មេដឹកនាំ ដែលមិនអាចបំរើពលរដ្ឋតាមការសន្យាបាននោះ ដោយលោកថា សូម្បីមេដឹក​នាំ​បក្សនីមួយៗ ធ្វើការឃោសនាបោះឆ្នោត ហើយមិនជាប់ការបោះឆ្នោតពីរដងនោះ លោកថា ក៏ត្រូវប្ដូរ​មេដឹកនាំគណបក្សនោះដែរ។

លោកស្វាគមន៍ការប្រកាសរបស់លោក កឹម សុខា ហើយថា បើមេដឹកនាំប្រកាន់យកជំហរដូចមេបក្សប្រឆាំងនោះ អាចនាំប្រទេសខ្មែរទៅរកន្លែងមួយ ដែលពលរដ្ឋចង់បាន។

លោកបន្ដថា៖ «ការលាលែង ជារឿងសមស្របមួយ ហើយបើមេដឹកនាំខ្មែរ ប្រកាន់យកជំហរដូចនេះ ខ្ញុំជឿថា អាចនាំប្រទេសខ្មែរមួយ ទៅរកន្លែងដែលយើងចង់បាន ជៀសវាងការកាន់អំណាចមួយៗ ហើយមិនចង់ចុះ មិនចង់ប្រគល់ឲ្យគេ នោះវាជារឿងពិបាកសម្រាប់អ្នកដឹកនាំខ្មែរយើង»។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន ដែលកាន់អំណាច​​ជាង៣០ឆ្នាំមកនោះ បានប្រកាសថា បើមានការផ្ទេរអំណាច គឺមានតែផ្ទេរឲ្យទៅកូនចៅ នៃគណបក្សរបស់លោក មិនមែនផ្ទេរឲ្យទៅគណបក្សប្រឆាំងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ