ប្រទេសកម្ពុជាពេលនេះបានមកដល់បរិបថថ្មីមួយដែលគណបក្សនយោបាយធំៗពីរមានកម្លាំងគាំទ្រប្រហាក់ប្រហែលគ្នា ដោយអាចនិយាយបានថាជារលកនយោបាយថ្មីនៅកម្ពុជា។
គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជិត៤០ឆ្នាំមកនោះ ត្រូវបានប្តូរប្រធានបក្សថ្មី បន្ទាប់ពីលោក ជា ស៊ីម ទទួលមរណៈភាព។ លោក ហ៊ុន សែន ដែលកំពុងដឹកនាំរដ្ឋាភិបាល បានក្លាយជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៥។
ចំណែក លោក កឹម សុខា បានក្លាយជាប្រធានគណបក្សសង្រ្គោះជាតិ នៅឆ្នាំ២០១៧នេះ ក្រោយពីលោក សម រង្ស៊ី ប្រកាសលាលែងពីប្រធានបក្ស ខណៈតំណាងរាស្ត្រគណបក្សកាន់អំណាចកែប្រែច្បាប់ស្តីពីគណបក្សនយោបាយដោយហាមមិនឲ្យទណ្ឌិតធ្វើជាប្រធានបក្ស។
បើនិយាយពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាកាលពីបោះឆ្នោតឆ្នាំ២០១៣ គណបក្សនេះ បានសន្លឹកឆ្នោតជាង៣លានសន្លឹក ខណៈគណបក្សសង្រ្គោះជាតិបានជិត៣លានស្លឹក ពោលតិចជាងប្រហែល៣សែនសំឡេង។
លទ្ធផលនេះបង្ហាញថា នៅកម្ពុជាមានតែគណបក្សនយោបាយធំៗពីរប៉ុណ្ណោះដែលមានអ្នកគាំទ្រប្រហាក់ប្រហែលគ្នា ខណៈដែលគណបក្សផ្សេងទៀត មិនមានកៅអីចូលទៅអង្គុយក្នុងរដ្ឋសភា។
វាជាប្រវត្តិសាស្ត្រថ្មីដែរ ដែលគណបក្សសង្រ្គោះជាតិឬហៅម្យ៉ាងថាជាគណបក្សប្រឆាំងចាស់ជាងគេ អាចដាក់បេក្ខជនឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់បានគ្រប់ទូទាំងប្រទេសស្មើគ្នានឹងគណបក្សកាន់អំណាច។
កាលពីដើមឡើយ គណបក្សប្រឆាំងមិនអាចរកមនុស្សឲ្យឈរឈ្មោះជាតំណាងគណបក្សរបស់ខ្លួននៅគ្រប់ឃុំ សង្កាត់ បានឡើយ ដោយថាសកម្មជនបក្សនេះមួយចំនួនមានការភ័យខ្លាច ហើយអ្នកទៀតមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ប៉ុន្តែការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧នេះ សកម្មជនគណបក្សសង្រ្គោះជាតិ មានការប្រជែងគ្នាយ៉ាងស្វិតស្វាញ ក្នុងការឈរឈ្មោះជាបេក្ខភាព មេឃុំ ចៅសង្កាត់។
បេក្ខជនជាមេឃុំ ចៅសង្កាត់ របស់គណបក្សសង្រ្គោះជាតិមួយភាគជាយុវជនវ័យក្មេងដែលទើបប្រឡូកក្នុងឆាកយោបាយ ខណៈបេក្ខជនមេឃុំ ចៅសង្កាត់ភាគច្រើនរបស់គណបក្សប្រជាជនកម្ពុជាគឺជាមនុស្សដដែលៗដែលមានវ័យចំណាស់ៗ។
គណបក្សប្រជាជនកម្ពុជា អួតថា បេក្ខជនរបស់ខ្លួនគឺ «ជាមនុស្សមានបទពិសោធន៍រាប់សិបឆ្នាំមកហើយ ក្នុងការងារឃុំ សង្កាត់» ប៉ុន្តែគណបក្សសង្រ្គោះជាតិអួតថា បេក្ខជនរបស់ខ្លួនជា «មនុស្សជំនាន់ថ្មី មានសក្តានុពលផ្នែកបច្ចេកទេស និងធ្វើការងារលឿនរហ័ស»។
នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយ ហៅកាត់ថា និចហ្វិច លោក សម គន្ធាមី កត់សំ គាល់ថា គោលនយោបាយអភិវឌ្ឍន៍ភូមិឃុំរបស់គណបក្សធំៗទាំងពីរលោកថាប្រហាក់ប្រហែលគ្នា។ ប៉ុន្តែគណបក្សប្រជាជនចំណាយថវិកាច្រើនជាងសម្រាប់ការឃោសនាបោះឆ្នោត។
លោកបន្តថា «មេគណបក្សទាំងពីរហាក់ដូចជាមិនទាន់ប៉ះសំដីគ្នាធ្ងន់ធ្ងរនៅឡើយទេ»។
បើនិយាយពីគណបក្សប្រជាជនវិញ ទោះជាឈ្នះឆ្នោត៣អាណត្តិជាប់ៗគ្នាក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិក៏ដោយ តែលោក ហ៊ុន សែន មិនដែលចេញមុខដឹកនាំការឃោសនារកសំឡេងឆ្នោតម្តងណាឡើយ អំឡុងយុទ្ធនាការដែលផ្តល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ប៉ុន្តែអ្វីដែលប្លែកនៅពេលនេះគឺលោក ហ៊ុន សែន នៅក្នុងតំណែងជាប្រធានគណបក្សកាន់អំណាចបានប្រកាសជិះរថយន្តអត់ដំបូលស្វែងរកសំឡេងឆ្នោតនៅភ្នំពេញ ជាថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនា។
ដោយឡែក លោក កឹម សុខា នៅក្នុងតំណែងថ្មីជាប្រធានគណបក្សប្រឆាំង បានជិះរថយន្តបើកដំបូលធ្វើយុទ្ធនាការឃោសនាទូទាំងប្រទេសតាំងថ្ងៃចាប់ផ្តើមរហូតមក ហើយគ្រោងបន្តរហូតដល់ថ្ងៃបិទបញ្ចប់។ នេះមិនមែនជារឿងថ្មីសម្រាប់មេដឹកនាំគណបក្សប្រឆាំងនោះទេ។
នៅក្នុងបរិបថថ្មីនៃរលកនយោបាយនៅកម្ពុជាពេលនេះអ្នកវិភាគខ្លះ និយាយថា កម្ពុជាដើរក្នុងនាំសហរដ្ឋអាមេរិកដែលមានតែគណបក្សធំៗពីរ ដែលមានកម្លាំងគាំទ្រប្រហាក់ប្រហែលគ្នា។ ប៉ុន្តែសហរដ្ឋអាមេរិកបានប្តូរវេនដឹកនាំប្រទេសមហាអំណាចនេះជាទៀងទាត់រាល់ពីរអាណត្តិ ពោលគឺ៨ឆ្នាំម្តង។
តាមការកត់សំគាល់របស់អ្នកវិភាគ អំឡុងពេលឃោសនាមួយសប្តាហ៍មកនេះ មេដឹកនាំគណបក្សប្រជាជនកម្ពុជាមិនសូវបង្ហាញគោលនយោបាយអ្វីដែលធ្វើពលរដ្ឋចាប់អារម្មណ៍ទេក្រៅតែអះអាងថាបន្តធ្វើនូវអ្វីដែលធ្លាប់ធ្វើកន្លងមក។ ប៉ុន្តែលោក ហ៊ុន សែន និងមេទ័ពមួយចំនួន បានប្រើសារគំរាមម្តងហើយម្តងទៀតថា «អាចមានសង្រ្គាមបើខ្លួនចាញ់ឆ្នោត»។
សម្រាប់មេដឹកនាំគណបក្សសង្រ្គោះជាតិវិញ អ្នកវិភាគកត់សំគាត់ថា «ហាក់មិនបានឆ្លើយតបទៅ នឹងការគំរាមដដែលៗនេះទេ» ដោយអះអាងថា ខ្លួនមិនខ្វល់ ហើយគិតតែអំពាវនាវឲ្យពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សខ្លួន ដោយថានឹងទទួលបានថវិកាក្នុងមួយឃុំ៥០ម៉ឺនដុល្លារ និងមានការគោរពសិទ្ធិពលរដ្ឋ។
លោក សូ ចន្ថា សាស្ត្រាចារ្យផ្នែកនយោបាយ វិភាគថា យុទ្ធសាស្ត្រគំរាមកំហែង និងការប្រើប្រាស់សំភារៈអូសទាញ លោកថាមិនមានឥទ្ធិពលទៀតទេ។
លោកកត់សំគាល់ថា «ឆ្នាំ២០១៣យើងឃើញដែរការគំរាមកំហែង ការបង្កើតឲ្យមានសង្រ្គាមអី បើសិនជាចាញ់ឆ្នោតអីហ្នឹងប៉ុន្តែលទ្ធផល២០១៣នៅតែឆ្លុះបញ្ចាំងថាពលរដ្ឋនៅតែបោះឆ្នោតឲ្យបក្សប្រឆាំងដដែល។ អាណត្តិនេះខ្ញុំគិតថាការគំរាមកំហែងលែងមានឥទ្ធិពលទៅលើអ្នកបោះឆ្នោតទៀតហើយ។ ខ្ញុំគិតថាគណបក្សណាដែលប្រើការគំរាមកំហែងពលរដ្ឋ រឿងសង្រ្គាម រឿងអសន្តិសុខអីនោះ ខ្ញុំគិតថាមិនទទួលបានការគាំទ្រច្រើនទេ»។
កាលពីមុនបោះឆ្នោតឆ្នាំ២០១៣ មេដឹកនាំគណបក្សកាន់អំណាចបានព្រមានថា បើខ្លួនចាញ់ឆ្នោតនឹងឈប់ធ្វើបុណ្យ និងព្រមានដកហូតម៉ាស៊ីនបូមទឹកពីកសិករជាដើម។
លោក សូ ចន្ថា កត់សំគាល់ថា ចរន្តផ្លាស់ប្តូរហើយចង់ឲ្យមានកំណែទម្រង់នៅថ្នាក់មូលដ្ឋានចាប់ផ្តើមប្រែបប្រួលឡើង ហើយនឹងមានការប្រកួតប្រជែងដោយស្វិតស្វាញ។
លោកយល់ថា «ជាទស្សនៈខ្ញុំគិតថាការបោះឆ្នោតនៅពេលខាងមុខនឹងមានការប្រកួតប្រជែងគ្នាដោយស្រួចស្រាវនៅថ្នាក់មូលដ្ឋានពិសេសគណបក្សពីរ គណបក្សកាន់អំណាចនិងបក្សប្រឆាំង។ ប្រសិនបើបក្សបប្រឆាំងទទួលបានសំឡេងច្រើនដល់៥០%នោះមានន័យថាជាឱកាសដែលបក្សប្រឆាំងដណ្តើមបានជ័យជម្នះពេលខាងមុខ»។
ការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ខែមិថុនាខាងមុខនេះ មានគណបក្សនយោបាយចំនួន១២ចូលរួមប្រកួតប្រជែងប៉ុន្តែមានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិប៉ុណ្ណោះដែលបានដាក់បេក្ខជនរបស់ខ្លួនឈរឈ្មោះនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស៕