បន្ទាប់ពីបាត់បង់អសនៈចំនួន២២ក្នុងរដ្ឋសភា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រកាសធ្វើកំណែទម្រង់វិស័យមួយចំនួន ក្នុងនោះការប្រឆាំងអំពើពុករលួយក៏ជាអទិភាពមួយដែលគណបក្សកាន់អំណាចចាស់វស្សានេះដាក់ក្នុងផែនការរបស់ខ្លួនផងដែរ។
ក្នុងប្រតិបត្តិការប្រឆាំងអំពើពុករលួយដែលធ្វើឲ្យមានការចាប់អារម្មណ៍ក្រោយពីប្រកាសធ្វើកំណែទម្រង់នោះ អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនលោក អាំង មាលតី ដែលជាប្រធានសាលាដំបូងរាជធានីភ្នំពេញ និងក្រឡាបញ្ជីតុលាការកំពូលម្នាក់ និងការចាប់ខ្លួន លោក ស៊ុត ឌីណា ដែលជាឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ដោយចោទថាពាក់ព័ន្ធនឹងអំពើពុករលួយ។
មិនត្រឹមតែប៉ុណ្ណោះអង្គភាពប្រឆាំងអំពើពុករលួយ បានប្រើដាវអាជ្ញាសឹករបស់ខ្លួន ទៅលើមន្រ្តីសិទ្ធិមនុស្សសមាគមអាដហុក៤រូបនិងអគ្គលេខាធិការរងគជប លោក នី ចរិយា ដោយចោទថា សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីក្នុងទំហំទឹកប្រាក់ប្រហែលពីរបីរយដុល្លារ។ប៉ុន្តែមជ្ឈដ្ឋានជាច្រើនយល់ថា ចំណាត់ការប្រឆាំងនឹងមន្រ្តីសិទ្ធិមនុស្សទាំងនេះគឺជារឿងនយោបាយ ដោយថាទឹកប្រាក់នោះ គឺមិនមែនជាលុយរបស់ជាតិនោះទេ។
ដោយឡែក ចំពោះករណីបែកធ្លាយសារឆ្លងឆ្លើយ ដែលគេជឿថា ជាសាររបស់ ធី សុវណ្ណថា និងលោក ហ៊ុន សែន ដោយក្នុងនោះមាននិយាយពីការផ្តល់លុយខ្ទង់មួយលានដុល្លារ ដើម្បីឲ្យបំបែកគណបក្សប្រឆាំងនោះ គឺអង្គភាពប្រឆាំងអំពើពុករលួយមិនមានចំណាត់ការស៊ើបអង្កេតនោះទេ។ផ្ទុយទៅវិញ ទាំង លោក ហ៊ុន សែន និងធី សុវណ្ណថា បានប្តឹងទារជំងឺចិត្តពីលោក សម រង្ស៊ី ចំនួន១២៥០០០០(មួយលានម្ភៃប្រាំម៉ឺនដុល្លារ) ក្រោយពីមេបក្សប្រឆាំងយករឿងនេះទៅនិយាយជាសាធារណៈ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី លើកឡើងថា ចំណាត់ការប្រឆាំង អំពើពុករលួយនៅកម្ពុជា ធ្វើឡើងដោយគ្មានសមធម៌ ដោយថាវិធានការប្រឆាំងអំពើពុករលួយត្រូវបានអ្នកនយោបាយយកមកធ្វើជាឧបករណ៍ផ្តួលគូរប្រកួត។ លោកបន្តថា៖ «គឺទីមួយទាក់ទងនឹងករណីលោក កឹម សុខា ដែលយើងឃើញមកដល់ថ្ងៃនេះ មន្ត្រីសិទ្ធិមនុស្សនៅទាំងអស់ដែលត្រូវនៅជាប់ឃុំហ្នឹង គឺដោយសារតែលុយប្រមាណពីរបីរយដុល្លារតែប៉ុណ្ណឹងទេ ប៉ុន្តែដល់ករណីដែលបូមខ្សាច់ដែលត្រូវសង្ស័យថាបាត់លុយរាប់រយលានដុល្លារ ហើយនិងករណីដែលមានធ្លាយរឿងវីដេអូក្រោយថ្មីៗរវាង ធី សុវណ្ណថា និង សម្តេចនាយកអីនេះ យើងឃើញថា ក្រុមប្រឆាំងអំពើពុករលួយមិនបានអើពើក្នុងការស្រាវជ្រាវរឿងហ្នឹងទេ» ។
នៅក្នុងរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ បង្ហាញថាស្ថានភាពអំពើពុករលួយនៅកម្ពុជាសម្រាប់ឆ្នាំ២០១៦ គឺស្ថិតក្នុងស្ថានភាពមួយដែលអាក្រក់ដដែល និងឈរក្នុងចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។
របាយការណ៍ដែលចេញផ្សាយនៅ ថ្ងៃទី២៥ មករានេះ បានឲ្យដឹងថាស្ថានភាពអំពើពុករលួយរបស់ប្រទេសកម្ពុជានៅឆ្នាំ២០១៦ជាប់ជាប់ចំណាត់ថ្នាក់លេខ១៥៦ ក្នុងចំណោម១៧៦ប្រទេសនៅទូទាំងពិភពលោក ដែលស្ថិតនៅចំណាត់ថ្នាក់ទាបបំផុតទី៣នៅអាស៊ីប៉ាស៊ីហ្វិក និងជាប្រទេសជាប់ចំណាត់ថ្នាក់ក្រោមគេនៅក្នុងតំបន់អាស៊ាន។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល មានប្រសាសន៍ថា ឆ្នាំ២០១៦នេះកម្ពុជាបានពិន្ទុ២១ ដែលបានបង្ហាញថាកម្ពុជានៅតែជាប្រទេសមួយដែលមានស្ថានភាពអំពើពុករលួយនៅតែអាក្រក់នៅឡើយ ខណៈដែលប្រទេសភូមាដែលជាប្រទេសមួយមានធ្លាប់មានចំណាត់ថ្នាក់ស្មើរកម្ពុជានៅឆ្នាំ២០១៤ ហើយបានហក់ឡើងលេខ១៣៦នៅពីលើកម្ពុជាតាំងពីឆ្នាំ២០១៥។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មិនទទួលស្គាល់របាយការណ៍នេះទេដោយថារបាយការណ៍នេះវាខុសពីអ្វីជាក់ស្តែងដែលរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមធ្វើ។
អង្គការតម្លាភាពធ្លាប់ធ្វើការសិក្សាឃើញថា ស្ថាប័នដែលរងការរិះគន់ខ្លាំងពីអំពើពុករលួយច្រើននោះ គឺតុលាការ និងបន្ទាប់មក គឺស្ថាប័ននគរបាល។ អង្គភាពប្រឆាំងអំពើពុករលួយក៏ធ្លាប់លើកឡើងថា ស្ថាប័ននគរបាលមានអំពើពុករលួយផងដែរប៉ុន្តែក្រោយមកបានសុំទោសវិញ បន្ទាប់ពីមានប្រតិកម្មពីក្រសួងមហាផ្ទៃ។
លោក ព្រាប កុល កត់សំគាល់ថា អំពើពុករលួយនៅក្នុងជួរនគរបាល និងការបម្រើសេវាសាធារណៈត្រូវបានកាត់បន្ថយ។លោកថា«២១ពិន្ទុនេះឆ្លុះបញ្ចាំងថា ក្នុងការយល់ឃើញរបស់អ្នកបច្ចេកទេស របស់អ្នកធ្វើអាជីវកម្មឬក៏យោងតាមទិន្នន័យសិក្សាស្រាវជ្រាវចំនួន៨ប្រភពដែលបានបង្ហាញជូននេះគឺកម្ពុជាមិនទាន់មានការរប្រែប្រួលទៅលើការយល់ឃើញរបស់គាត់ទេ។ប៉ុន្តែមានការប្រសើរឡើងក្នុងវិស័យខ្លះៗ។ ការប្រមូលពន្ធកើនឡើងជិត២០% ។ការផ្តល់សេវាតូចៗ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ អំពើពុករលួយក្នុងវិស័យប៉ូលីសចរាចរណ៏ មានភាពល្អប្រសើរដែរ»។
ទោះជាបែបនេះក្តី លោក ព្រាប កុល បន្តថាបញ្ហាជាច្រើនដូចជា ភាពមិនឯករាជ្យពីគ្នានៃអំណាចទាំងបី គឺអំណាចតុលាការ នីតិបញ្ញត្តិ និងនីតិប្រតិបត្តិ រួមទាំងបញ្ហាបក្សពួកនិយម បានទាញឲ្យកម្ពុជាស្ថិតក្នុងស្ថានភាពអាក្រក់នៃអំពើពុករលួយបែបនេះ។ លោកមានប្រសាសន៍ថា «គេចង់ឃើញគំនិតផ្លាស់ប្តូរធំៗដូចជាឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌ ឯករាជ្យភាពនៃស្ថាប័នជាតិសំខាន់ៗដែលដឹកនាំការប្រឆាំងអំពើពុករលួយ។ច្បាប់សំខាន់ៗដែលគន្លឹះដែលត្រូវការ… ច្បាប់ការពារអ្នករាយការណ៏ ហើយនឹងបញ្ហាគ្រួសារ បក្សពួក សាច់ញ្ញាតនិយម ដែលមានទំនាស់ផលប្រយោជន៍ក្នុងហ្នឹង»។
លោក មាស នី បន្ថែមថា អំពើពុករលួយនៅកម្ពុជាគឺជាប្រព័ន្ធ ដែលជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាចធំៗ។ លោករំលឹកពីប្រវត្តិនៃការប្រឆាំងអំពើពុករលួយកាលពី៧០ឆ្នាំមុនថា«នៅប្រទេសខ្មែរយើងកាលពីឆ្នាំ ១៩៤៧ មានការរៀបចំឲ្យមានក្រុមប្រឆាំងអំពើពុករលួយម្តងដែរ ដែលកាលណោះ ព្រះអង្គម្ចាស់ យុទ្ធិវង្ស បានត្រូវគេប្រគល់តួនាទីហ្នឹងឲ្យ ក៏ប៉ុន្តែនៅពេលនោះព្រះអង្គម្ចាស់ក៏ធ្វើការអីអត់កើតដែរ ចាប់បានតែក្រុមកូនក្អាត់ រីឯថានៈមន្ត្រីធំធ្វើអីគេអត់កើត ក៏សំរេចចិត្តលាលែងពីតំណែង» ។
កាលពីឆ្នាំ២០១៥កន្លងទៅ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១៥០ ក្នុងចំណោម១៦៨ ប្រទេស។ចំណែកឯរបាយការណ៍ឆ្នាំ២០១៦នេះ ប្រទេសមីយ៉ានម៉ាដែលធ្លាប់ជាប្រទេសធ្លាប់មានចំណាត់ថ្នាក់ស្មើនឹងកម្ពុជានោះបានហក់ឡើងលើកម្ពុជា៦ពិន្ទុ ដែលបានធ្វើឲ្យកម្ពុជាធ្លាក់ក្រោមគេតែឯងនៅតំបន់អាស៊ាន។
ប្រទេសបីដែលជាជាប់លំដាប់លើគេនៅឆ្នាំ២០១៦នេះមាន ដាណឺម៉ាក ប្រទេសញ៉ូហ្សេលែន និងហ្វាំងឡង់ ខណៈដែលប្រទេស៣ដែលស្ថិតនៅក្រោមគេមានប្រទេសកូរ៉េខាងជើង ស៊ូដង់ និងប្រទេសស៊ូម៉ាលី៕