ដាណឺម៉ាកអន្ដរាគមន៍ករណីអាជ្ញាធរថៃឃាត់ខ្លួនប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ

ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ លោក សម សេរី អះអាងថា រដ្ឋាភិបាលដាណឺម៉ាកបានជួយអន្ដរាគមន៍ ករណី​ដែល​អាជ្ញាធរ​ថៃឃាត់ខ្លួនលោក នៅពេលកំពុងបន្ដទិដ្ឋាការស្នាក់នៅក្នុងប្រទេសនេះ ខណៈ រូបលោកក៏​កំពុងរងការចោទ​ប្រកាន់​ពី​សំណាក់​រដ្ឋាភិបាលកម្ពុជា ថាមានបំណងដាក់គ្រាប់បែកបំផ្ទុះនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ។

កាលពីដើមខែមេសានេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា មានមនុស្សមួយក្រុមគ្រោងបន្ទុះគ្រាប់បែកចំនួន២កន្លែង នៅអំឡុងបុណ្យចូលឆ្នាំខ្មែរ គឺនៅរមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។ ករណីនេះ លោក ហ៊ុន សែន បានចោទថា មានជាប់ពាក់ព័ន្ធនឹងចលនារណសិរ្សរំដោះជាតិខ្មែរ របស់លោក សម សេរី។

លោក សម សេរី ប្រាប់វិទ្យុអាស៊ីសេរី កាលពីល្ងាចម្សិលមិញថា លោកនឹងត្រឡប់ទៅប្រទេសដាណឺម៉ាកវិញ បន្ទាប់ពីអាជ្ញាធរថៃ ឃាត់ខ្លួន កាលពីថ្ងៃទី២៥មេសា ពាក់ព័ន្ធនឹងបញ្ហាទិដ្ឋាការស្នាក់នៅរបស់លោក។​ លោកពន្យល់ថា ការដែលអាជ្ញាធរថៃ​សម្រេច​ដោះ​លែងវិញនេះ គឺបន្ទាប់ពីមានអន្ដរាគមន៍ពីស្ថានទូតដាណឺម៉ាកប្រចាំនៅទីក្រុងបាងកក និងអង្គការសហប្រជាជាតិ។

វីអូឌី នៅថ្ងៃនេះ បានព្យាយាមទាក់ទងលោក សម សេរី ដើម្បីសុំការអត្ថាធិប្បាយបន្ថែម ប៉ុន្តែនៅមិនអាចទាក់ទង​បាននៅ​ឡើយ​ទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក​ ខៀវ សុភ័គ ប្រាប់ VOD នៅថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជា បានស្នើទៅរដ្ឋាភិបាលថៃ ឲ្យ​ចាប់​បញ្ជូន​ខ្លួនលោក សម សេរី ត្រឡប់ប្រទេសកម្ពុជាវិញ ប៉ុន្ដែ ក្រោយលេចឮព័ត៌មានបែបនេះ ដោយលោកថា ការសម្រេច​យ៉ាង​ណានោះ គឺស្ថិតលើរដ្ឋាភិបាលថៃតែប៉ុណ្ណោះ។

លោកថា៖ «លឺថា ខាងដាណឺម៉ាកគេសុំ យើងមិនដឹងធ្វើម៉េចដែរ អាស្រ័យទៅសេចក្ដីសម្រេចរបស់ភាគីមិត្តថៃទេ ស្នើទៅ បើគេមិនឲ្យ មិនដឹងធ្វើម៉េច»។

អ្នកវិភាគបញ្ហានយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា រដ្ឋាភិបាលដាណឺម៉ាកមានសិទ្ធិ អាចនាំលោក សម សេរី ទៅប្រទេសរបស់ខ្លួនបាន ស្របតាមគោលការណ៍សញ្ជាតិ ខណៈប្រទេសនេះបានស្នើសុំមុន បើទោះបីជាថៃ និងកម្ពុជា បានចុះកិច្ចព្រមព្រៀងធ្វើបត្យាប័នជាមួយគ្នាក៏ដោយ។

លោកថា៖ «កិច្ចព្រមព្រៀងកន្លងមក កម្ពុជា ថៃ មានចុះកិច្ចព្រមព្រៀងបត្យាប័នក្នុងការផ្លាស់ប្ដូរអ្នកទោស ក្នុងករណីលោក សម សេរី  គាត់នៅថៃ នៅពេលដែលមានការស្នើសុំពីភាគីកម្ពុជា ភាគីថៃ ត្រូវតែបញ្ជូនមកភាគីកម្ពុជា។​ ប៉ុន្ដែ ក្នុងករណីដែលលិខិតស្នើសុំទៅមិនទាន់ដល់ថៃ ហើយថៃបញ្ជូនទៅឲ្យប្រទេសមួយទៀត ព្រោះគាត់សញ្ជាតិពីរ សញ្ជាតិដាណឺម៉ាកមួយទៀត បើសិនជាអន្ដរាគមន៍ពីរដ្ឋាភិបាលដាណឺម៉ាក អញ្ចឹងគាត់អាចបញ្ជូនទៅមុន»។

កាលពីថ្ងៃទី១០មេសាកន្លងទៅ លោក ហ៊ុន សែន បានបញ្ជាទៅអាជ្ញាធរ​ ឲ្យតាមចាប់ខ្លួនក្រុមមេដឹកនាំរណសិរ្សរំដោះជាតិខ្មែរ ដែលមាន​មូលដ្ឋាន​​នៅ​ប្រទេស​​​ដា​ណឺ​ម៉ាក លោក សម សេរី ដោយចោទថា ក្រុមនេះគ្រោង​​រៀប​ផែនការបង្កអសន្ដិសុខ​នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ និងចង់ផ្ដួលរំលំរដ្ឋាភិបាល។

លោក សម សេរី ក៏ធ្លាប់ត្រូវបានចោទប្រកាន់បែបនេះម្ដងរួចមកហើយ ដែលកាលពីឆ្នាំ២០១៤ មានបុរស ១២នាក់ និងស្ត្រីម្នាក់ ត្រូវបានតុលាការកម្ពុជាចោទថា មានទោស​ពីបទរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល និងត្រូវបាន​ផ្តន្ទា​ទោស​ជាប់ពន្ធនាគារ ពីចន្លោះ៥ឆ្នាំដល់៩ឆ្នាំ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ