លោក គង់ គាំ ថាការបង្កើតបក្សថ្មីអាចជួយឲ្យ CNRP ចូលរួមការបោះឆ្នោត

លោក គង់ គាំ អតិតសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី ក្នុងពិធីរំលឹកខួបកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពីឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ រូបថតដោយ៖ ជន ចាន់រ៉ែន

អតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំង អះអាងថា ការបង្កើតគណបក្ស​ថ្មី ដោយកូនប្រុសរបស់លោក គឺជា​ផ្នែកមួយ​ជួយឲ្យអតីតគណបក្សសង្គ្រោះជាតិ​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ថ្នាក់ជាតិ​ខាង​មុខ​ឡើង​វិញ​​​។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោក គង់ មុនីកា ដែលជា​កូនប្រុសពៅរបស់លោក គង់ គាំ បាន​ដាក់​លិខិត​​មួយទៅ​ក្រសួង​មហាផ្ទៃកាលពីម្សិលមិញ ស្នើសុំបង្កើតគណបក្ស​ថ្មី​ឈ្មោះ «គណបក្ស​ឆន្ទៈ​ខ្មែរ​» ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជាមួយ​បក្ស​កាន់អំណាច​ ។

​អតីតមេដឹកនាំគណបក្ស សម រង្ស៊ី គឺលោក គង់ គាំ ប្រាប់VODនៅថ្ងៃនេះថា ការបង្កើតបក្សថ្មីនេះ ជា​ផ្នែក​មួ​យ​ ដែលអាច​ជួយឲ្យគណបក្ស​សង្គ្រោះជាតិមានឱកាសចូលរួមប្រកួត​ប្រជែង​នយោបាយ​ជាមួយ​បក្ស​កាន់​​​អំណាច​និងបក្សនយោបាយផ្សេងៗទៀត​។

លោកថ្លែងថា​ «គណបក្សឆន្ទៈខ្មែរ គេបានបញ្ជាក់ថា គេជាប៉ូលដាច់ដោយឡែកពីគណបក្សសង្គ្រោះជាតិ​ មិនមានន័យថា បំបាត់​គណ​បក្ស​​សង្គ្រោះជាតិ ​មិនមានន័យថា បំបែកគណបក្សសង្គ្រោះជាតិ​ទេ មាន​តែ​ជួយ​គណបក្សសង្គ្រោះជាតិ​ ហើយ​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យមា​នដំណោះ​ស្រាយ ហើយនឹងបានចូលរួមបោះឆ្នោត​»។

ប៉ុន្តែ លោក គង់ គាំ មិនបានបញ្ជាក់លម្អិតបន្ថែមនោះទេ នៅពេលវីអូឌីសួរថា តើគណបក្សថ្មីនេះ នឹង​ជួយ​អតីត​គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ ឲ្យចូលរួមដំណើរ​ការបោះឆ្នោត​ឡើង​វិញ​តាម​វិធី​ណា​។

វីអូឌី បានព្យាយាមទាក់ទងទៅថ្នាក់ដឹកនាំជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិជាច្រើន ប៉ុន្តែរហូតមក​ដល់​ពេល​នេះ នៅមិនទាន់អាចសុំប្រតិកម្មតបណាមួយបាននៅឡើយទេ។

ទោះជាយ៉ាងណា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែលត្រូវបានរំលាយ លោក អេង ឆៃអ៊ាង ត្រូវបាន​វិទ្យុ​អាស៊ី​សេរី​ដកស្រង់សម្តីកាលពីថ្ងៃទី២៦ខែមេសាថា ការបង្កើត​បក្សថ្មីរបស់កូនប្រុសលោក គង់ គាំ ទំនងជា​ទៅសង្គ្រោះ​គ្រួសារ ឬ ​ទ្រព្យសម្បត្តិ​ច្រើនជាង។

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​ លោក ឯម សុវណ្ណរ៉ា វិភាគថា ការបង្កើតបក្សថ្មីរបស់កូនប្រុសលោក គង់ គាំ នេះអាចគ្រាន់តែជាការលម្អប្រជាធិបតេយ្យនៅកម្ពុជា​តែប៉ុណ្ណោះ។

លោកវិភាគថា៖ «ការបង្កើតនេះ វាស្របទៅតាមចិត្តគំនិតរបស់គណបក្សកាន់អំណាចចង់បាន មានបក្ស​កាន់តែច្រើន កាន់តែស្វាគមន៍ ជាពិសេសបក្សដែល​បង្កើតចេញពីគណបក្សប្រឆាំង ព្រោះវាជារូបភាពមួយ ប៉ុន្តែកាលណាគណបក្សប្រឆាំងបែកសំឡេងកាន់តែច្រើន មានន័យថាមិនមានលទ្ធភាពមក​ដណ្តើម​ការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច​បានទេ​»។

បើតាមលោក គង់ គាំ កូនប្រុសពៅ គឺលោក គង់ មុនីកា ស្ថាបនិក៧រូប និងសមាសភាព​អ្នកចូលរួម​បង្កើត​ប្រមាណ៨០រូប បានធ្វើលិខិតមួយដាក់ទៅក្រសួងមហាផ្ទៃកាលពីម្សិលមិញ ​ដើម្បី​សុំបង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះថា «គណបក្សឆន្ទៈខ្មែរ​»​ ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួង​បាន​ទទួល​លិខិត​របស់​កូន​ប្រុស​លោក គង់ គាំ រួច​ហើយកាលពីម្សិលមិញ​ ដោយថាក្រសួងកំពុង​ឲ្យស្ថាប័នជំនាញសិក្សាផ្លូវ​ច្បាប់ មុននឹងសម្រេច​ឲ្យចុះបញ្ជីឲ្យគណបក្សនេះ។

អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា មានប្រសាសន៍ថា កូនប្រុសលោក គង់ គាំ ដែល​ស្នើសុំបង្កើត​គណបក្សថ្មី នោះ ហាក់មានភាពយឺតយ៉ាវបន្តិច​ ខណៈការបោះឆ្នោតថ្នាក់ជាតិមក​ដល់។

លោកថា៖ «.. ស្វាគមន៍គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ គឺមានសិទ្ធិទៅចុះបញ្ជីគណបក្សនយោបាយនៅគ.. ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខនេះ​»

បើតាមក្រសួង​មហាផ្ទៃ​ ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខ​ជនឈ​រឈ្មោះបោះ​ឆ្នោតជ្រើ​ស​រើស​តំណាង​រាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នឹង​ចាប់ផ្តើមឡើងពី​ថ្ងៃទី៣០ខែមេសាឆ្នាំ២០១៨ ដល់ថ្ងៃទី១៤​ខែ​ឧសភា ឆ្នាំ២០១៨។

បើតាមប្រតិទិន គ.ជ.ប ការ​បោះ​ឆ្នោត​ជ្រើស​រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦​ នឹងប្រព្រឹត្តិទៅនៅ​ថ្ងៃ​ទី​២៩ខែ​កក្កដា​ ខណៈស្ថានការនយោបាយនៅកម្ពុជា ហាក់នៅមិនទាន់មានភាពច្បាស់លាល់ និង​ស្រប​ពេល​សហគមជាតិនិងអន្តរជាតិ ព្រមានពីការដើរថយក្រោយនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយ​មាន​ការ​រំលាយអតីតគណបក្សសង្គ្រោះជាតិ ការឃុំខ្លួនអ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្សនានា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ