ធនាគារពិភពលោកផ្ដល់ជំនួយ៩០លានដុល្លារអាមេរិកដល់វិស័យអប់រំនៅកម្ពុជា

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកចេញកាលពីម្សិលមិញនេះ ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិរបស់ធនាគារពិភពលោកបានសម្រេចផ្ដល់ទឹកប្រាក់ចំនួន៩០លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាដើម្បីពង្រឹងគុណភាពវិស័យអប់រំ។

សេចក្ដីប្រកាសរបស់ធនាគារពិភពលោកបញ្ជាក់ថា ទឹកប្រាក់ចំនួន៩០លានដុល្លារអាមេរិកនេះនឹងជួយគម្រោងបង្កើនសមត្ថភាពស្ថាប័នឧត្តមសិក្សា ពង្រឹងគុណភាពឧត្តមសិក្សានិងការស្រាវជ្រាវ ព្រមទាំងជួយសិស្សក្រីក្រឲ្យទទួលបានការអប់រំនៅថ្នាក់ឧត្តមសិក្សា។ បើ​តាម​សេចក្តី​ប្រកាសដដែលនេះ គម្រោងនឹងផ្ដោតសំខាន់លើមុខវិជ្ជាវិទ្យាសាស្រ្ដ បច្ចេកវិទ្យា វិស្វកម្ម គណិតសាស្រ្ដ (STEM) និង​កសិកម្ម ដែល​មុខវិជ្ជាទាំងនេះជាជំនាញដែលអាចឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។

លោកស្រី អ៊ីហ្គូណា ដូបា្រចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាមានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា៖​​ «ការកសាង​សមត្ថ​ភាព​ស្រាវ​ជ្រាវ​មាន​គុណ​ភាព​ខ្ពស់​មួយ​ និងការត្រៀមឲ្យនិស្សិតដែលបញ្ចប់ការសិក្សានៅឧត្តមសិក្សាទៅមានជំនាញខ្ពស់ គឺជាអាទិភាពមួយសម្រាប់កម្ពុជា និងធនាគារពិភពលោក។ ការចាប់ផ្តើម​សកម្ម​ភាព​ពី​ពេលនេះ​តទៅ អាចជួយកម្ពុជាមានភាពឈានមុខក្នុងទុនមនុស្ស និងពង្រឹងប្រសិទ្ធ​ភាព​នៅ​ក្នុងឧត្តមសិក្សា»។

ទេសរដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវបាន​ស្រង់​សំដី​ដោយ​សេចក្តី​ប្រកាស់ព័ត៌មាននោះថា គម្រោង​នេះ​នឹង​ជួយបង្កើន​គុណភាព​និស្សិត​ដើម្បី​ឆ្លើយ​តបនឹង​តម្រូវការ​ទីផ្សារ។​

លោកមានប្រសាសន៍ថា៖«គម្រោងនេះនឹ​ងជួយ​យើងក្នុង​ការ​ឈានទៅបង្កើត​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយមួយសម្រាប់​ការ​អភិវឌ្ឍ​​ឧត្តមសិក្សា ដើម្បី​ជួយ​ឱ្យ​និស្សិតកម្ពុជាដែល​​បញ្ចប់ការ​សិក្សា​មាន​សមត្ថភាព​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​កាន់​តែ​ខ្លាំងឡើង​របស់​ទីផ្សារ​ការ​ងារ​ និង​ឱកាស​កាន់​តែ​ច្រើន​សម្រាប់​ធ្វើ​ការ​ចល័តទី​និង​ផ្ទេរ​បច្ចេកវិទ្យា​នៅក្នុង​រង្វង់​សហគមន៍​សេដ្ឋកិច្ចអាស៊ាន និងលើស​ពី​តំបន់នេះ​ទៅទៀត»។ ​​  ​

មន្ត្រីព័ត៌មានប្រចាំការិយាល័យធនាគារពិភពលោកនៅកម្ពុជា លោកប៊ូ សារឿនមានប្រសាសន៍ថាគម្រោងបង្កើនសមត្ថភាពស្ថាប័នឧត្តមសិក្សានេះមានរយៈពេល៦ឆ្នាំគិតពីឆ្នាំ២០១៨នេះតទៅ។​

សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកបញ្ជាក់ថា គម្រោងបង្កើនសមត្ថភាពស្ថាប័នឧត្តមសិក្សានេះគឺបន្ដពីគម្រោងបង្កើនគុណភាពនិងសមត្ថភាពឧត្តមសិក្សានៅកម្ពុជាពីឆ្នាំ២០១០។ បើតាមលោកប៊ូ សារឿន ធនាគារពិភពលោក​បាន​ផ្តល់​ទឹកប្រាក់ចំនួន២៣លានដុល្លារអាមេរិកកាលពី​ឆ្នាំ២០១០ ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សចំនួនជាង១០០០នាក់ ព្រមទាំងជួយសាស្ដ្រាចារ្យសិក្សាបន្ថែម និងជួយសកលវិទ្យាល័យធ្វើការស្រាវជ្រាវលើមុខវិជ្ជាដែលចាំបាច់សម្រាប់ទីផ្សារការងារ រួចដាក់បញ្ចូលមុខវិជ្ជាទាំងនោះចូលក្នុងកម្មវិធីសិក្សារបស់សាលា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ