អ្នកមានជម្លោះដីធ្លីចំនួន១៥គ្រួសារនៅខេត្ដសៀមរាប ទទួចឲ្យក្រុមហ៊ុនស៊ូជីងផ្ដល់សំណងដល់ពួកគេ ដោយអះអាងថា ក្រុមហ៊ុននេះចាក់ដីពង្រីកតំបន់ទេសចរណ៍កំពង់ផែ ខាងជើងបឹងទន្លេសាប ប៉ះពាល់ដល់ដីស្រែប្រាំងពួកគាត់។
ពលរដ្ឋដែលរងផលប៉ះពាល់មួយរូបនៅក្រុងសៀមរាប លោក ងឹម វាន់ធា ប្រាប់វីអូឌីនៅថ្ងៃនេះថា ដីស្រែប្រាំងពលរដ្ឋ១៥គ្រួសារ ត្រូវបានក្រុមហ៊ុនស៊ូជីងចាក់ដីលុប ដើម្បីពង្រីកកំពង់ផែបឹងទន្លេសាបនៅសង្កាត់ចុងឃ្នៀស ដោយមិនបានផ្ដល់សំណងសមរម្យ ខណៈដែលដីស្រែប្រាំងនោះពួកគាត់បានកាន់កាប់និងធ្វើស្រែប្រាំងតាំងពីក្រោយឆ្នាំ១៩៧៩។ លោកបន្ដថា ពួកគាត់មិនជំទាស់និងការអភិវឌ្ឍនោះទេ ប៉ុន្ដែត្រូវផ្ដល់សំណងឲ្យបានសមរម្យ ដើម្បីយកទៅទិញដីកន្លែងផ្សេងបង្កបង្កើនផល។ លោកបញ្ជាក់ថា ពួកគាត់ទាមទារឲ្យអ្នកគ្រប់គ្រងក្រុមហ៊ុននេះ ផ្ដល់សំណងក្នុងមួយម៉ែត្រការ៉េ៥ដុល្លារ ប៉ុន្ដែមិនមានការឆ្លើយតបជាមួយពលរដ្ឋនោះទេ។
លោកបន្ដថា៖ «ដីហ្នឹងពីមុនមានប្រឡាយទឹកសម្រាប់យើងធ្វើស្រែប្រមូលផល ដល់ពេលស៊ូជីង គាត់ចុះធ្វើទៅគាត់លុបប្រឡាយហើយចាក់ដីបំពានទៅលើដីពួកខ្ញុំបាទ ប៉ះពាល់ដល់ប្រឡាយហើយចូលដល់ដីខ្ញុំទៀត វាបោះបង្គោលហើយចាក់ដីធ្វើផ្លូវ។ គាត់មានលទ្ធភាពប៉ុណ្ណាឲ្យគាត់ចរចាជាមួយពលរដ្ឋ»។
ពលរដ្ឋមួយរូបទៀតនៅសង្កាត់សៀមរាប អ្នកស្រី ហ៊ុន នី ដែលមានវ័យជាង៥០ឆ្នាំឲ្យដឹងថា ដីស្រែពួកគាត់មានប័ណ្ណកាន់កាប់និងទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ប៉ុន្ដែពួកគាត់មិនទាន់ទទួលសំណងសមរម្យដែលថា ធ្វើឲ្យប៉ះពាល់ដល់ជីវភាពពួកគាត់។ អ្នកស្រីបន្ដថា ពួកគាត់ស្វែងរកដំណោះស្រាយពីអាជ្ញាធរស្រុកខេត្ដជាច្រើនលើកមកហើយ ប៉ុន្ដែគ្មានប្រសិទ្ធភាព។ អ្នកស្រីថា៖ «យើងមានដាក់ពាក្យបណ្ដឹងឡើងដល់សាលាក្រុងសាលាខេត្ដហើយ គាត់អត់ខ្វល់ខ្វាយនឹងយើងផង អាហ្នឹងគេហៅថារំលោភសិទ្ធិប្រជាជន គេអាងថាគាត់ជាធំគេធ្វើចឹង»។
ករណីនេះ អ្នកគ្រប់គ្រងក្រុមហ៊ុនស៊ូជីងលោក វ៉ា ឈូដា បដិសេធមិនឆ្លើយតប ដោយផ្ដាច់ទូរសព្ទវិញ បន្ទាប់ពីវីអូឌីសាកសួររឿងផ្ដល់សំណង។
VOD ក៏មិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្ដសៀមរាបលោក លី សំរិទ្ធ ដើម្បីឆ្លើយតបពីបញ្ហានេះបានទេ នៅរសៀលថ្ងៃអង្គានេះ ដោយគ្មានអ្នកទទួលទូរសព្ទ។
ទោះជាយ៉ាងណា អ្នកអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូខេត្ដសៀមរាប លោក ចៅ ល័ក្ខវណ្ណា មានប្រសាសន៍ថា ការអភិវឌ្ឍនៅតំបន់ណាមួយ លោកថាក្រុមហ៊ុនឬអាជ្ញាធរត្រូវស្វែងយល់ពីផលប៉ះពាល់និងផ្ដល់សំណង ឬធ្វើការដោះដូរដីនៅកន្លែងផ្សេងដល់ពលរដ្ឋឲ្យបានសមរម្យ។ លោកជំរុញឲ្យក្រុមហ៊ុនមានដំណោះស្រាយជូនពួកគេ ដោយថាដើម្បីកាត់បន្ថយជម្លោះដីនិងបញ្ហាប្រឈមផ្សេងៗនៅតំបន់ទេសចរណ៍។
បើតាមពលរដ្ឋឲ្យដឹងថា ជម្លោះដីធ្លីនេះកើតឡើងតាំងពីឆ្នាំ២០១៥មកម្លេះ ហើយពួកគាត់ស្វែងរកដំណោះស្រាយពីអាជ្ញាធរជាច្រើនលើក ប៉ុន្ដែគ្មានប្រសិទ្ធភាព៕