អ្នកការពារសិទ្ធិមនុស្សជាប់ក្នុងបញ្ជីឈ្មោះពានរង្វាន់អន្តរជាតិមួយ

អ្នកជាប់ឃុំទាំង៥ (រូបភាពផ្តល់ឲ្យ)

មន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រីគ.ជ.បមួយរូប ដែលកំពុងជាប់ឃុំបណ្តោះអាសន្ន ត្រូវបានជ្រើសរើស​និង​ជាប់​​ក្នុងបញ្ជីឈ្មោះពានរង្វាន់អន្តរជាតិមួយក្នុងឆ្នាំ២០១៧នេះ សម្រាប់​កិច្ចការងារអ្នក​ការពារ​សិទ្ធិមនុស្ស​ ដែល​ប្រឈមនឹងហានិភ័យខ្ពស់ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៦ខែមេសា ក្រុមគណៈវិនិច្ច័យ នៃ​ពាន​រង្វាន់​ ម៉ាទីន អ៊ែនណល (Martin Ennals Award ) ឆ្នាំ​២០១៧ ​បាន​​​ជ្រើសរើស​អ្នកការពារ​សិទ្ធិមនុស្ស​កម្ពុជា​ចំនួន​៥រូប រួមទាំងអ្នកការពារសិទ្ធិមនុស្ស២រូបផ្សេងទៀតមកពីប្រទេស អ៊ែល ហ្សាវ៉ាឌើ​ (El Salvador) និងប្រទេសអេហ្ស៊ីប ឱ្យ​​ចូល​រួម​ក្នុង​វគ្គ​​ផ្តាច់​​ព្រ័ត្រ។

​ពាន​រង្វាន់​ ម៉ាទីន អ៊ែនណល នេះ ត្រូវបានផ្ដល់ជារៀងរាល់ឆ្នាំ ​ចំពោះអ្នកការពារសិទ្ធិមនុស្សឆ្នើម​ដែល​បានលះបង់និងប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅ​ ដោយហ៊ានប្រឈមនឹងហានិភ័យផ្ទាល់ខ្លួនយ៉ាងខ្លាំង​​ដើម្បីជំរុញឲ្យមានការគោរពសិទ្ធិមនុស្សក្នុងប្រទេសរបស់ខ្លួន។

បើតាមសេចក្តីប្រកាស ពាន​រង្វាន់​ ម៉ាទីន អ៊ែនណល​ នឹងត្រូវប្រកាសជាផ្លូវការក្នុង​វគ្គ​​ផ្តាច់​​ព្រ័ត្រនៅ​ថ្ងៃ​ទី​១០​ខែតុលា​ឆ្នាំ​២០១៧​​ខាងមុខ នៅឯទីក្រុងក្រុងហ្សឺណែវនេះ។

អ្នកការពារសិទ្ធិមនុស្ស៥នាក់ បានស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេលជិតមួយឆ្នាំហើយ ដែលការជាប់ឃុំនេះ ត្រូវបានស្ថាប័នអន្តរជាតិនានា ស្នើម្តងហើយម្តងទៀតឲ្យដោះលែងពួកគាត់ជាបន្ទាន់ និងដោយគ្នានលក្ខខណ្ឌ ហើយត្រូវបញ្ឈប់ការយាយី​ផ្នែកតុលាការ ទៅលើអ្នកការពារសិទ្ធិ​មនុស្ស​។

មន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី និងមន្ត្រីគ.ជ.ប លោក នីចរិយា ត្រូវបានតុលាការរាជធានីភ្នំពេញ​សម្រេចឃុំខ្លួន កាល​ពីដើមខែឧសភាឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី​ពាក់ព័ន្ធជុំវិញសំនុំរឿងអាស្រូវលោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ