លោក ហេង សំរិន ស្នើអាជ្ញាធរចាត់ការជន២រូបដែលបន្លំប្រើឈ្មោះជាទីប្រឹក្សា

ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីកន្លងទៅ

ខុទ្ទកាល័យប្រធានសភាលោក ហេង សំរិនបានស្នើឲ្យអាជ្ញាធរចាត់ការតាមផ្លូវច្បាប់ ចំពោះជន២រូប ដែលថា បាន​បន្លំប្រើឈ្មោះជាទីប្រឹក្សារបស់លោក ក្នុងបំណងធ្វើសកម្មភាពទុច្ចរិត។

ខុទ្ទកាល័យលោក ហេង សំរិន បានចេញសេចក្ដីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៧ ខែមេសា បានលើកឡើងថា​មានជន​ឈ្មោះ អាំ ផល្លីន និង ឈ្មោះ ហ៊ាង គន្ធី បានយកឈ្មោះ​លោក ហេង សំរិន​ ទៅប្រើប្រាស់ ក្នុងគ្រប់ទង្វើទុច្ចរិត ដែលនាំ​ឲ្យប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ។

​ខុទ្ទកាល័យលោក ហេង សំរិន បានថ្កោលទោស និងបដិសេធថាជនទាំងពីរនាក់នោះមិនមែនជាទីប្រឹក្សារបស់​ប្រធានសភាលោក ហេង សំរិននោះ ហើយក៏អំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធាន​ការតាមផ្លូវច្បាប់​ជា​ធរមាន ឲ្យបានតឹងរឹងបំផុតផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដដែលនោះមិនបានបញ្ជាក់ច្បាស់ទេ ថាជនទាំង​ពីរនាក់​នោះបានប្រើឈ្មោះជាទីប្រឹក្សាលោក ទៅប្រព្រឹត្តអំពើអាក្រក់អ្វីនោះទេ។

ប៉ុន្តែសារព័ត៌មាន swiftnews បានផ្សាយថាកាលពីថ្ងៃទី ២១ ខែមេសា កន្លងទៅ ឈ្មោះអាំ ផល្លីន និង ហ៊ាង គន្ធី ជាមន្រ្តីយោធា បាន​ប្រើ​ឈ្មោះ​ជាទីប្រឹក្សាលោក ហេង សំរិន បញ្ជាឲ្យកម្មកររបស់ខ្លួនជាង ២០ នាក់ ទៅកាប់​បំផ្លាញដំណាំ​រំលោភ​បំពានយកដី​ពលរដ្ឋស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

ទោះបីជាយ៉ាងណានៅថ្ងៃទី ២៧ ខែ មេសាដដែលនោះជនទាំង ២នាក់ឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធីជាប្រពន្ធ បានចេញលិខិតបំភ្លឺរួមគ្នាមួយ បដិសេធទៅនឹងការចោទប្រកាន់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ