លោក ហ៊ុ​ន សែន ថាការប្រកាសវិបត្តិនយោបាយ​ជា”ឧបាយកលទុច្ចរិត”

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ផ្សាយផ្ទាល់នូវ​ពិធីអបអរសាទរ​ថ្ងៃបង្កើតគណបក្ស​ប្រជាជនកម្ពុជា នៅលើហ្វេសប៊ុក​របស់​លោក​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាប្រទេសកម្ពុជាមិនមានកម្តៅនយោបាយកើនឡើងនិងមានវិបត្តិនយោបាយ ដូចការលើកឡើងរបស់បក្សប្រឆាំងនោះទេ ដោយលោកចាត់ទុកការលើកឡើងរបស់បក្សប្រឆាំងជា”ឧបាយកលទុច្ចរិត”។

ក្នុងពិធីអបអរសាទរខួបលើកទី៦៥នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃអង្គារនេះ លោក ហ៊ុន សែន បានថ្លែងទៅកាន់អ្នកចូលរួមរាប់ពាន់នាក់ថាប្រទេសកម្ពុជាមានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ លោកបន្តថារដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានជំរុញការអនុវត្តយ៉ាងសកម្មនូវគោលនយោបាយរបស់ខ្លួន។ លោកបានរៀបរាប់ពីស្នាដៃរបស់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេស ដែលក្នុងនោះមានការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍប្រទេស។

លោក ហ៊ុន សែន បន្តថាចលនានៃការកែទម្រង់គ្រប់ផ្នែកកំពុងតែ”ដំណើរការដ៏ត្រឹមត្រូវ”។ លោកនាយករដ្ឋមន្រ្តីក៏បានយកឱកាសនោះ ថ្លែងសារនយោបាយថាប្រទេសកម្ពុជាពុំមានវិបត្តិនយោបាយអ្វីឡើយ ដោយលោកថាបញ្ហាគណបក្សសង្រ្គោះជាតិ គ្រាន់តែជាការប្រព្រឹត្តខុសរបស់មនុស្សមួយក្រុមតូចប៉ុណ្ណោះ។ លោកបានចាត់ទុកការប្រកាសរបស់បក្សប្រឆាំងពីវិបត្តិនយោបាយជា”ឧបាយកលទុច្ចរិត ប៉ុនប៉ងបំភាន់មតិសាធារណៈប៉ុណ្ណោះ”។ លោក ហ៊ុន សែន បញ្ជាក់បន្ថែមថាបក្សប្រឆាំងបានកាឡៃរឿងបុគ្គល ទៅជារឿងនយោបាយនិងដាក់សម្ពាធលើតុលាការ។

លោកមានប្រសាសន៍ថា៖ “នៅកម្ពុជាពុំមានវិបត្តិអ្វីឡើយ ឯការខិតខំប្រកូកប្រកាសរបស់មនុស្សខ្លះថាកម្ពុជាកំពុងមានវិបត្តិឬកម្តៅនយោបាយនោះ គឺក្នុងឧបាយកលទុច្ចរិត ប៉ុនប៉ងបំភាន់សាធារណមតិប៉ុណ្ណោះ ធាតុពិតជាវិបត្តិផ្ទាល់ខ្លួនរបស់មនុស្សមួយចំនួនតូច ដែលបានប្រព្រឹត្តខុស បំពានលើច្បាប់ហើយត្រូវចោទប្រកាន់តាមផ្លូវតុលាការ គឺមិនមែនជាបញ្ហានយោបាយនោះទេ”

គណបក្សសង្រ្គោះជាតិបានចាត់ទុកស្ថានភាពនយោបាយជាវិបត្តិនយោបាយហើយថាខ្លួននឹងតស៊ូមតិដើម្បីការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្ត។

នៅចំពោះមុខប្រមុខការទូតមួយចំនួនដែលបានចូលរួមក្នុងពិធីអបអរសាទរនោះ លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យមជ្ឈដ្ឋានបរទេសស្វែងយល់ឲ្យបានច្បាស់ពីស្ថានភាពនៅកម្ពុជានិងបន្តគាំទ្រនូវការគោរពនីតិរដ្ឋនិងមិនលូកដៃចូលក្នុងអធិបតេយ្យភាពកម្ពុជា។

គួរបញ្ជាក់ថាកាលពីចុងខែឧសភា សហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជាបានអំពាវនាវឲ្យបញ្ឈប់ការយាយីផ្នែកតុលាការលើប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ខណៈលោកត្រូវបានចោទប្រកាន់ពីបទបដិសេធមិនចូលបំភ្លឺនៅតុលាការ។ ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានសម្តែងការព្រួយបារម្ភលើស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្ននេះ៕ ដោយ ទូច សុខា និងស៊ុន ណារិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ