កូនភ្លោះ ជុំ ហួត ជុំ ហួរ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក កែម ឡី ត្រូវបានអង្គការសហប្រជាជាតិសម្រេចផ្តល់ប័ណ្ណស្នាក់នៅបណ្តោះអាសន្ននៅប្រទេសថៃ បន្ទាប់ពីបានភៀសខ្លួនទៅក្រៅប្រទេសជិតបីសប្តាហ៍មកនេះ។
បន្ទាប់ពីលោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់មួយថ្ងៃពោលគឺនៅថ្ងៃទី ១១ កក្កដា កូនភ្លោះ ជុំ ហួត និង ជុំ ហួរ បានចាកចេញពីប្រទេសកម្ពុជាគេចទៅប្រទេសថៃក្រោមហេតុផលបារម្ភពីសុវត្ថិភាព។
ក្នុងកិច្ចសម្ភាសន៍របស់វិទ្យុ VOA ផ្សាយនៅថ្ងៃទី២៨កក្កដានេះកូនភ្លោះជុំ ហួត បានឲ្យដឹងថាពួកគេត្រូវបានអង្គការសហប្រជាជាតិសម្រេចផ្តល់ប័ណ្ណស្នាក់បណ្តោះអាសន្នដែលមានសុពលភាពរយៈពេលមួយឆ្នាំរស់នៅប្រទេសថៃ មុនពេលដែលពួកគេត្រូវបានប្រទេសទី៣ទទួលយក។
ជុំ ហួត បានបន្ថែមថាការភៀសខ្លួននេះ ព្រោះតែពួកគេទទួលបានសារគំរាមកំហែងជាបន្តបន្ទាប់កាលនៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា៖ “បន្ទាប់ពីគេសម្លាប់លោកពូមក ប្អូនមានការផ្ញើសារពីរ ទីមួយគេឲ្យប្អូនហ្នឹងទៅចរចានិយាយឲ្យចំទៅគឺទិញទឹកចិត្ត ខ្មែរយើងហៅថាទិញក្បាលអញ្ចឹង នៅពេលដែលបដិសេធមិនទទួលគេអោយ បន្ទាប់មក១ថ្ងៃក្រោយមកបានទទួលសារថាពួកអាពីរអ្នកឯងនឹងដូច កែម ឡី ដេកលែងក្រោករហូត បន្ទាប់មកគេមានការតាមដានជិះម៉ូតូ៣–៤នាក់ពាក់អាវធំៗ ប្អូនទៅកន្លែងធំៗគេសម្លឹងមករហូត ”។
លោកបន្ថែមទៀតថា៖ “បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញហៅប្អូនទៅជួប ឃើញមានសមត្ថកិច្ចជាច្រើនប្រដាប់ដោយអាវុធចាំប្អូននៅមុខស្ថានទូតជាស្រេចតែដោយសារតែមានការចរចាពីស្ថានទូត ទើបពួកគាត់ដកចេញទៅវិញ តែនៅសល់មាននគរបាល៥ទៅ៦នាក់នៅចាំមុខហ្នឹង ហើយមានអ្នកឯកសណ្ឋានស៊ីវិលដែលរង់ចាំ ”។
គួរបញ្ជាក់ផងដែរថាព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលជិតស្និទ្ធនឹងលោក កែម ឡី មានសង្ឃដីកាថាព្រះអង្គក៏ត្រូវបានគេតាមដាននិងមានការគំរាមកំហែងផងដែរ។ កាលពីថ្ងៃទី២៦ កក្កដា គឺ២ថ្ងៃបន្ទាប់ពីសពលោក កែម ឡី ត្រូវបានបញ្ចុះរួចរាល់ ព្រះអង្គត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ទូរសព្ទប្រាប់ឲ្យព្រះអង្គរកទីកន្លែងសុវត្ថិភាព ដោយថាមានសមត្ថកិច្ចកំពុងតាមរកព្រះអង្គ។ តែការអះអាងនេះត្រូវបានក្រសួងមហាផ្ទៃបដិសេធ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ឲ្យVODដឹងថាព្រះអង្គបានភៀសព្រះកាយទៅប្រទេសថៃហើយដោយសារបារម្ភពីសុវត្ថិភាព៕