ការប្រកួតប្រដាល់អន្តរជាតិកាលពីថ្ងៃទី២៧ សីហា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករកម្ពុជាដែលត្រូវគេស្គាល់ថាជាម្ចាស់ខ្សែក្រវាត់ទម្ងន់៦៣,៥គីឡូក្រាម បានទទួលជ័យជម្នះលើភាគីថៃ ក្រោយការប្រកួតឈានដល់ទឹកទី៤។
យ៉ាងណាមិញ ជ័យជម្នះរបស់លោកមិនទទួលបានកិត្តិយសនោះទេ ដោយមានអ្នកគាំទ្រមួយចំនួនចោទថាជាការស៊ីឡាក់ ខណៈដែលភាគីថៃបានអះអាងថាអ្វីដែលបានកើតឡើងគឺជាកំហុសរបស់លោកអាជ្ញាក
ណ្ដាលកម្ពុជា។
ការប្រកួតដែលបានធ្វើឡើងនោះកីឡាករកម្ពុជានិងថៃឈ្មោះ Phat Chhayakphum បានបើកឆាកប្រយុទ្ធស៊ីសាច់ហុតឈាមដាក់គ្នាយ៉ាងស្វិតស្វាញ ដោយភាគីខាងកីឡាករម្ខាងៗរកចំណុចមានប្រៀបជាងគ្នាមិនឃើញនោះផងនៅក្នុងរយៈពេល៣ទឹក។ ការប្រកួតមួយនេះកាន់តែឡើងកំដៅនៅទឹកទឹ៤ ហើយក្នុងពេលអ្នកទាំងពីរវាយទៅវាយមកមិនដកដៃ កីឡាករថៃក៏ភ្លាត់វ័ធកែងមួយដៃត្រូវចំកញ្ចឹង-ករបស់កីឡាករកម្ពុជា មាស ច័ន្ទមាន
បណ្ដាលក្រុមគណកម្មការកាត់ក្ដីអោយ មាស ច័ន្ទមាន ឈ្នះ។
អ្នកទស្សនាមួយចំនួនយល់ស្របចំពោះការកាត់ក្ដីនោះ ប៉ុន្តែមួយចំនួនក៏ស្រែកឡូឡាដោយចោទថាកីឡាករមាស ច័ន្ទមាន ដ្បិតថាត្រូវមួយកែងក្នុងពេលកីឡាករថៃភ្លាត់ក៏ពិតមែន ប៉ុន្តែមិនគួរដល់ថ្នាក់សន្លប់នោះទេ
ប៉ុន្តែមកពីមានបំណងស៊ីឡាក់ទើបធ្វើដេកដួល។
បើទោះជាមានការចាក់វីដេអូបង្ហាញថាកីឡាករថៃពិតជាជ្រុលកែងត្រូវចំកីឡាករកម្ពុជាម្ដងជាពីរយ៉ាងក៏ដោយ ក៏អ្នកចោទថាកីឡាករកម្ពុជាស៊ីឡាក់ នៅតែមានប្រតិកម្ម និងចោទថា មាស ច័ន្ទមាន មិនមានទឹកចិត្តជាកីឡាករដោយសុខចិត្តឈ្នះដោយស៊ីឡាក់។
យ៉ាងណាមិញ លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃអោយមកប្រកួតមិនដាក់កំហុសទៅលើកីឡាករកម្ពុជាដូច
អ្នកគាំទ្រមួយចំនួននោះទេ តែលោកបានទម្លាក់បញ្ហាថាបណ្ដាលមកពីលោកអាជ្ញាកណ្ដាលសុទ្ធសាធ។
លោកថ្លែងប្រាប់ថា ជ័យជម្នះដែលបានកាត់អោយកីឡាករ មាស ច័ន្ទមាន ឈ្នះគឺមិនសមនោះទេ ដោយលោកបានចាត់ទុកថាការជ្រុលដៃរបស់កីឡាករខ្លួនមិនមែនជាការថែមដូចច្បាប់របស់សហព័ន្ធដែលបានដាក់កំហុសនោះទេ ប៉ុន្តែជាការវាយត្រូវដោយសារតែនៅសល់កម្លាំងវ័ធក្នុងពេលសម្រុកទៅវិញទៅមក ស្របគ្នាដែលកីឡាករកម្ពុជាក៏ស្រាប់តែបែរក្រោយបណ្ដាលអោយកញ្ចឹងករបស់ក្លាយជាទីតាំងរងកែងទៅវិញ។
លោកនិយាយថាកំហុសប៉ុណ្ណឹងមិនខុសបញ្ហាបច្ចេកទេសនោះទេ ដោយសារតែភាពជាក់ស្ដែងគឺកីឡាករថៃមិនបានមើលឃើញកីឡាករកម្ពុជាបែរក្រោយហើយក៏ស្ទុះអុកកែងនោះទេ គឺកែងរបស់គេវ័ធតាំងពីពេលវាយទៅវាយមក ដែលលោកបានហៅមួយកែងវ័ធត្រូវកញ្ចឹងករនេះ គឺចំហាយដែលកីឡាករថៃវាយស្រប និងបញ្ឈប់កម្លាំងដៃមិនបានប៉ុណ្ណោះ។
លោកថាបញ្ហាមួយនេះ បើចង់ចាប់កំហុសគឺត្រូវបន្ទោសអាជ្ញាកណ្ដាលដែលស្ទុះទប់កែងរបស់កីឡាករថៃមិន
ទាន់ ដោយមិនអាចមកចាប់កំហុសរបស់កីឡាករលោកបានទេ។
លោកនិយាយថា «ខុសបច្ចេកទេសម៉េចត្រូវអាហ្នឹង គ្នាវ័ធកែងទៅស្របហើយខាងកម្ពុជាក៏ដួលអស់ចំហបែរក្រោយតើ គឺវាមិនមែនថែមទេ ចឹងរឿងហ្នឹងអត់ត្រូវកាត់ក្ដីចឹងទេ គឺត្រូវដាក់កំហុសអាជ្ញាកណ្ដាលទើបត្រូវ!»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក ណន រិទ្ធិ ជាអាជ្ញាកណ្ដាលសម្រាប់ការប្រកួតមួយគូនេះ បានបកស្រាយថាសកម្មភាពវាយតប់របស់ពួកគេ មិនអាចអោយលោកទៅឃាត់មួយកែងដែលជ្រុលនោះបានទេ
ដោយលោកបញ្ជាក់ថាបញ្ហានោះគឺមិនអាចបន្ទោសលោកបានទេ ដ្បិតលោកប្រឹងស្ទុះទៅទប់កម្លាំងកែងនោះដែរ ប៉ុន្តែមកពីទប់មិនទាន់ទើបបណ្ដាលអោយមានកំហុសបច្ចេកទេសកើតឡើង។
លោកថានៅលើសង្វៀនមិនមែនស្រួលអ្នកនៅខាងក្រោយគ្រាន់តែមើលនោះទេ ជាពិសេសនៅក្នុងកាលៈទេសៈដែលគូភាគីសម្រុកដាក់គ្នាទៅវិញទៅមក គឺមិនមែនចេះតែចូលចាប់ដោយមិនមើលស្ថានភាពនោះឡើយ។ យ៉ាងណាមិញ លោកថាសម្រាប់ការប្រកួតរវាង មាស ច័ន្ទមាន និងកីឡាករថៃ Phat Chhayakphum គឺលោកប្រឹងអស់ពីសមត្ថភាពទៅហើយ ដោយមិនអាចមកទម្លាក់កំហុសថាលោកចាប់កែងកីឡាករថៃមិនទាន់
គឺជាអ្វីដែលលោកត្រូវទទួលខុសត្រូវនោះទេ។
លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថាកំហុសបច្ចេកទេសដែលបានកើតឡើង គេមិនសំដៅថាលោកអាជ្ញាកណ្ដាលចាប់មិនទាន់ ឬក៏ចាប់ទាន់នោះទេ ប៉ុន្តែអោយការវាយត្រូវកញ្ចឹងករខាងក្រោយដែលខាងសហព័ន្ធប្រកាសជាកំហុសនៅលើសង្វៀន គឺខាងគណៈកម្មការត្រូវតែកំណត់អោយអ្នកសន្លប់ក្លាយជាអ្នកឈ្នះ
ដើម្បីព្រមានដល់កីឡាករដែលចេះតែវាយមិនប៉ាន់ស្មានកម្លាំងនិងសន្ទុះដែលនាំអោយទប់លំនឹងវាយចេញមិនបាន។
យ៉ាងណាមិញ លោកថាកីឡាករកម្ពុជាអាចស្ថិតក្នុងការស៊ីឡាក់ដើម្បីចង់ឈ្នះក៏ថាបាន ប៉ុន្តែមកពីសភាពដេកដួលរបស់ មាស ច័ន្ទមាន និងមួយកែងជ្រុលដៃរបស់កីឡាករមើលទៅស្ថិតក្នុងសភាពស៊ីសង្វាក់គ្នា
ទើបលោកយល់ថាមិនមានហេតុផលដែលនាំអោយចាប់កំហុសកីឡាករកម្ពុជា៕