នៅទីបំផុត ការប្រកួតដែលដ៏ស្វិតស្វាញដែលបានធ្វើឡើងនៅប៉ុស្ដិ៍លេខ៥ក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះជើងឯកវគ្គថ្មីដែលទើបបើកឆាកបាន២សប្ដាហ៍កាលពីថ្ងៃទី២៧ មករា កីឡាករទើបមានមុខប្រកួតលើសង្វៀន លោក លិញ ភារម្យ បានក្លាយជាអ្នកទម្លាក់គូប្រកួតរបស់ខ្លួនបានសម្រេចគួរអោយភ្ញាក់ផ្អើល ក្នុងពេលដែលកីឡាករ សេន កុសល ត្រូវគេស្គាល់ថាជាជើងខ្លាំង និងមានមុខដល់ទៅសង្វៀនអន្តរជាតិ ហើយឈ្នះកីឡាករថៃរាប់មិនអស់ដងរួចទៅហើយ។
ការទម្លាក់គូប្រកួតរបស់គេ បានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសនៅពេលដែលគេអាចមានសមត្ថភាពវាយបំបុកនិងវាយបកធ្វើអោយកីឡាកររៀមច្បង ហាក់ដូចជាទ័លទីច្រើនអន្លើនិងដួលលើរេញរាប់មិនឈ្នះក្នុងរយៈពេលតាំងពីបើកនាទីប្រកួតរហូតដល់ចប់នោះ។
លោក សេង កដិកា អ្នករៀបចំកម្មវិធីបានហៅការប្រកួតរបស់គូទាំង២ថាប្រឹងអស់ពីសមត្ថភាពរៀងខ្លួន ប៉ុន្តែបណ្ដាលមកពីការប្រកួតមួយនេះមិនអាចអោយមានពិន្ទុស្មើគ្នា ទើបកំណត់យកតែកីឡាករម្ខាងក្នុងចំណោមទាំង២ដែលបានប្រកួតគ្នា ដើម្បីយកតែម្នាក់ឡើងទៅប្រកួតបន្តក្នុងវគ្គ១៦នាក់ ហើយកីឡាករម្នាក់ទៀតត្រូវធ្លាក់ហាលអាវគួរអោយស្ដាយបើទោះជាគេជើងខ្លាំង។
ជាក់ស្ដែងការប្រកួតរវាង កីឡាករ លិញ ភារម្យ មកពីក្លិបភារម្យគុនខ្មែរ និងកីឡាករ សេន កុសល មកពីក្លិបមោងឫស្សីមរតកខ្មែរខេត្តបាត់ដំបង បានបង្ហាញនូវការប្រឹងប្រែងនៅលើសង្វៀនដែលស្ថិតនៅព្រែកកំពិសយ៉ាងខ្លាំ
ង ទើបកីឡាករទាំងពីរត្រូវបានអ្នកគាំទ្រពេញចិត្តដោយសំឡេងអបអរសាទរប្រហែលគ្នា ដែលមានន័យថាអ្នកណាឈ្នះក៏បានឈ្នះដោយកិត្តិយសហើយអ្នកចាញ់ក៏ធ្វើអោយអ្នកគាំទ្រអស់ចិត្ត។ លោកថាការប្រកួតមួយគូរនេះ លោកពេញចិត្តជាងគេ ជាពិសេសក្នុងទឹកទី១ បើទោះជាកីឡាករ លិញ ភារម្យ បង្គោលខៀវ
បានបង្ហាញការឈ្នះប្រៀបធ្វើអោយម្នាក់ៗមើលឃើញពីការធ្លាក់ចេញរបស់ សេន សុកល ក៏ក្នុងទឹកទី២ កីឡាករបង្គោលក្រហម សេន កុសល ដែលជាជើងខ្លាំងនៅលើសង្វៀននិងមានអ្នកស្នេហាប្រដាល់ស្គាល់ច្រើនមក ហើយ សម្រុកវាយលុកបានល្អមកវិញ។
ក្នុងទឹកទី២ និងទី៣ លោកថាគណៈកម្មការកាន់តែពិបាកកាត់ក្ដី ហើយបើកុំតែកម្លាំងរបស់បង្គោលរឹងជាងល្អជាង នោះប្រហែលជាជ័យជម្នះក៏មិនងាយយកឈ្នះកីឡាកររៀមច្បងនោះដែរ។ ឆ្លងកាត់ការប្រកួតទាំង៣ទឹក លោកថា លិញ ភារម្យ នៅតែបានសង្កត់ពិន្ទុនាំមុខ ទើបលទ្ធផលចុងក្រោយកីឡាករបង្គោលក្រហម ដែលលោកបញ្ជាក់ថាសូម្បីតែលោកខ្លួនឯង ក៏គិតថាគេនឹងឈ្នះបានឡើងទៅវគ្គ១៦នាក់ សម្រាប់ការប្រកួតដណ្ដើមជើងឯកក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមរដូវកាលត្រូវធ្លាក់ហាលអាវ។
លោកថាជារឿងសោកស្ដាយដែលកីឡាករល្អម្នាក់ និងល្បីឈ្មោះម្នាក់បាត់បង់ឱកាសឡើងទៅប្រកួតក្នុងវគ្គបន្ត
ក្នុងពេលដែលការប្រកួតជម្រុះមួយនេះ គឺអត់មានអ្នកណាចង់ធ្លាក់ទាល់តែសោះ ជាពិសេសកីឡាករជើងចាស់។
ប៉ុន្តែលោកថានេះក៏ជាសារធ្វើអោយកីឡាករដែលត្រូវបានជ្រើសហើយសម្អាងថាខ្លួនធ្លាប់មានថ្វីដៃនិងមានកេរ្តិ៍ឈ្មោះភ្ញាក់ខ្លួនសម្រាប់អ្នកមិនទាន់បានឡើងរេញជម្រុះនោះផងដែរ។
លោកថានេះជាការប្រកួតជ្រើសរើសជើងឯកក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមវគ្គថ្មី បន្ទាប់ពីការប្រកួតជ្រើសរើសជើងឯកក្នុងរដូវកាលមុន ទើបតែបានរកឃើញកីឡាករ សៅ វណ្ណា អោយធ្វើជាម្ចាស់ជើងឯក។ លោកនៅតែរក្សារូបមន្តដដែល គឺតម្រូវអោយកីឡាករដែលមានប្រភេទទម្ងន់ដូចគ្នានៅទូទាំងប្រទេស ដែលបានជ្រើសរើសធ្វើការប្រកួតគ្នាចាញ់ធ្លាក់ៗ រហូតនៅសល់តែម្នាក់ដែលមិនធ្លាប់ចាញ់សោះអោយក្លាយជាម្ចាស់ពាន។
លោកអះអាងថារូបមន្តមួយនេះ បានជួយអោយប៉ុស្ដិ៍លេខ៥ អត់ឈឺក្បាលរឿងកីឡាករប្រកួតលាក់ដៃ ឬលក់លទ្ធផលហើយក៏ជាជំនួបរវាងកីឡាករក្នុងប្រភេទដូចគ្នាមួយដ៏ច្រើន ដែលជួយអោយអ្នកមានឈ្មោះប្រកួតទទួលបានឱកាសបានសាកកណ្ដាប់ដៃគ្នា និងទទួលការចាប់អារម្មណ៍នៅពេលប្រកួតឈ្នះផងដែរ។
លោកនៅតែអះអាងថាបើធៀបនឹងសមត្ថភាព និងប្រវត្តិប្រកួតរបស់កីឡាករខាងលើគឺ សេន កុសល មានកម្រិតល្អជាង លិញ ភារម្យ ដាច់ឆ្ងាយ ទើបលោកសម្ដែងការភ្ញាក់ផ្អើលក្នុងពេលដែលកីឡាករទាំងពីរប៉ះគ្នា ហើយស្រាប់តែកីឡាករ លិញ ភារម្យ ដណ្ដើមបានជោគជ័យ។ ប៉ុន្តែលោកថាកីឡាករ សេន កុសល ក៏បានប្រឹងប្រែងធ្វើអោយអ្នកទស្សនាពេញចិត្តផងដែរ គឺមិនមែនចាញ់ក្រោមដៃរបស់សិស្សប្អូន ដោយភាពអាម៉ាស់ឡើយ។
កីឡាករ លិញ ភារម្យ បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឆ្លងផុតជុំទី១ហើយបានឡើងទៅកាន់វគ្គ១៦នាក់ដែលជុំទី២។ យ៉ាងណាមិញ លោកថាក្រោយការទម្លាក់កីឡាករជើងចាស់ សេន កុសល
លោកមិនទាន់សង្ឃឹមខ្ពស់ប៉ុន្មាននោះទេសម្រាប់ការប្រកួតជម្រុះក្នុងវគ្គ១៦នាក់យក៨នាក់បន្តទៀត ដោយសារតែគូប្រកួតរបស់លោកក៏សុទ្ធតែមានស្នាដៃ និងសមត្ថភាពមិនធម្មតា។ លោកថាការប្រកួតកាលពីល្ងាចថ្ងៃទី២៧ មករា លោកទទួលជ័យជម្នះដោយសារតែបានហ្វឹកហាត់រហូតដល់ជាង២អាទិត្យ ជាប់លាប់ ហើយលោកក៏ខំប្រឹងប្រែងអោយខ្លាំងបន្តទៀតផងដែរ ដោយសារតែលោកក៏ចង់ឈ្នះពាន ឬឈានទៅដល់ដំណាក់កាលដែលមានអ្នកទស្សនាស្គាល់មុខ និងឈ្មោះបានច្បាស់ជាងនេះ៕