អ្នកឃ្លាំមើលធនធានធម្មជាតិជំរុញជាថ្មីទៀតទៅរដ្ឋាភិបាលពន្លឿនបង្ហាញរបាយការណ៍បង្រ្កាបបទល្មើសព្រៃឈើជាសាធារណៈ ដោយថាកុំឲ្យមានការភ័ន្តច្រឡំថារដ្ឋាភិបាលនៅពីក្រោយនៃការកាប់បំផ្លាញធនធានធម្មជាតិ។
តំាងពីរដ្ឋាភិបាលបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើដែលដឹកនំាដោយលោក សៅ សុខា រហូតមកដល់ថ្ងៃ២៩ ខែកក្កដានេះ មានរយៈពេលជិតកន្លះឆ្នាំហើយ ប៉ុន្តែរដ្ឋាភិបាលមិនទាន់ចាប់ឈ្មួញឈើយកទៅផ្តន្ទាទោសនិងបង្ហាញលទ្ធផលនៃការបង្ក្រាបបទល្មើសព្រៃឈើជាសាធារណៈនៅឡើយ បើទោះជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានដៅឈ្មោះឧកញ៉ាយ៉ាងតិចពីរនាក់ដែលនាយករដ្ឋមន្រ្តីថាជាអ្នករកស៊ីឈើទៅលក់នៅប្រទេសវៀតណាម។
នាយកប្រតិបត្តិអង្គការការពារធនធានធម្មជាតិ លោក ឈើយ ឧត្តមរស្មី ជាកូនប្រុសលោក ឈុត វុទ្ធី មានប្រសាសន៍ថាប៉ុន្មានឆ្នាំចុងក្រោយនេះ លោកសង្កេតឃើញថាព្រៃឈើនៅក្នុងប្រទេសកម្ពុជាត្រូវបានឈ្មួញអ្នកមានអំណាចកាប់បំផ្លាញ ប៉ុន្តែមិនឃើញរដ្ឋាភិបាលចាប់អ្នកទំាងនោះដាក់ពន្ធនាគារនោះទេ។ លោកថាបើគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើមិនបង្ហាញលទ្ធផលបង្ក្រាបបទល្មើសទេ លោកថាអាចធ្វើឲ្យសាធារណៈជនយល់ច្រឡំថារដ្ឋាភិបាលនៅពីក្រោយនៃការកាប់បំផ្លាញព្រៃឈើ។ លោកបន្តថា៖ “បើសិនជារដ្ឋាភិបាលគាត់មិនបានពាក់ព័ន្ធនឹងរឿងហ្នឹងមែន គាត់គួរតែបង្ហាញរបាយការណ៍ចេញមកទៅ ខ្ញុំគិតថារយៈពេលស៊ើបអង្កេតគាត់ប្រមូលឈើ ប្រមូលអីអស់គាត់ដឹងប្រភពអស់ហើយ ខ្ញុំគិតថាសម្រាប់គាត់ធ្វើរបាយការណ៍មិនយូរជាងមួយខែទេ ខ្ញុំគិតថាមួយខែគេធ្វើហើយ ប៉ុន្តែលុះត្រាតែគាត់មិនចង់ធ្វើមិនដឹងធ្វើម៉េច“។
បណ្តាញស្រាវជ្រាវភស្តុតាងបទល្មើសធនធានធម្មជាតិនៅកម្ពុជាលោក ឈឹម សាវុធ មានប្រសាសន៍ថាលោកមិនមានជំនឿលើរដ្ឋាភិបាលករណីទប់ស្កាត់បទល្មើសព្រៃឈើនោះទេ ដោយលោកថាអ្នកដែលប្រព្រឹត្តបទល្មើសព្រៃឈើធំៗភាគច្រើនជាសែស្រឡាយរបស់អ្នកដឹកនាំនិងអ្នកមានអំណាច។ លោកបន្ថែម៖ “គណៈកម្មការនេះខ្ញុំមិនគិតថាអត់មានសមត្ថិភាពទេ ប៉ុន្តែអត់អាចធ្វើបាន ដោយសារអ្នកដែលប្រព្រឹត្តបទល្មើសទំាងអស់ក៏ជាខ្សែបណ្តាញនៅក្នុងជួរ(រដ្ឋាភិបាល)ដូចគ្នាដែរធ្វើទៅអត់រួច ដោយសារក្នុងជួរអ្នកដែលកាប់បំផ្លាញគឺជាសែស្រឡាយអ្នកដឹកនាំ ឬសែស្រឡាយអ្នកធំទំាងអស់ ហើយជាខ្សែបក្ខពួករបស់គ្នាគេ ដូចយើងបានឃើញកន្លងមក ការធ្វើគឺវាអត់មានប្រសិទ្ធិភាពអីទេ គ្រាន់តែជាការធ្វើមួយឲ្យល្អមើលតែមួយប្រាវប៉ុណ្នឹងទេ ហើយក៏ស្ងប់ទៅវិញ“។
លោក ឈឹម សាវុធ បន្តថាបើរដ្ឋាភិបាលមានចេតនាបង្ក្រាបបទល្មើសព្រៃឈើ លោកថាទោះជាឈ្មួញឈើជាអ្នកធំប៉ុណ្ណាក៏អាចទប់ស្កាត់មានប្រសិទ្ធិភាពបានដែរ។
VOD បានទាក់ទងទៅប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ លោក សៅ សុខា ដើម្បីសុំការបំភ្លឺជុំវិញករណីនេះដែរ ប៉ុន្តែលោកថាជាប់រវល់ប្រជុំ។
កាលពីចុងខែកុម្ភៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាជាថ្មីឲ្យមន្រ្តីពាក់ព័ន្ធដែលចូលរួមបង្រ្កាបការកាប់បំផ្លាញព្រៃឈើឲ្យធ្វើការងាររបស់ខ្លួន ដោយលោកដាក់ការសង្ស័យថាការមិនបង្រ្កាបអាចមកពីមន្រ្តីទាំងនោះចូលដៃជាមួយឈ្មួញដឹកឈើ។
លោកមានប្រសាសន៍ថា៖ “ប៉ុន្តែរឿងដឹកឈឺនេះ អាហ្នឹងវាដឹកហ្នឹងឡាន ហើយធំៗណាស់ ហើយចុះភ្នែកទៅណាអស់ ទាំងភ្នែកទាហាន ទាំងភ្នែកប៉ូលិស ទាំងភ្នែកប៉េអឹម ទាំងភ្នែករដ្ឋបាលព្រៃឈើ ទាំងភ្នែកបរិស្ថាន ភ្នែកទៅណាអស់ទៅ ឬក៏អាហ្នឹង ហ្នឹងគេដែរ វាណាស់តែអ៊ីចឹង”។
លោកបញ្ជាក់ថា៖ “ខ្ញុំពេញចិត្តជាមួយនឹងការកែទម្រង់ ហើយយើងត្រូវហើយ មិនធ្វើមិនបាន អាហ្នឹងនិយាយអ៊ីចឹងហ្មង”។
របាយការណ៍ក្នុងខែកក្កដាឆ្នាំ២០១៥អង្គការការពារព្រៃឈើអន្តរជាតិឈ្មោះ ហ្វរ៉ែស្ត ធ្រែនស៍ បានរកឃើញថា ការបាត់បង់ព្រៃឈើច្រើនលើសលប់នៅកម្ពុជា គឺកើតឡើងដោយសារតែក្រុមហ៊ុនឯកជនមួយចំនួនបានប្រើប្រាស់សិទ្ធិរបស់ខ្លួនគ្រប់គ្រងលើដីសម្បទានសេដ្ឋកិច្ច ដែលទទួលបានពីរដ្ឋាភិបាលទៅកាប់បំផ្លាញព្រៃឈើក្នុងនោះក៏មានការកាប់បំផ្លាញនៅក្នុងតំបន់ព្រៃការពារផងដែរ។
អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ កត់សម្គាល់ថាការបាត់បង់ព្រៃឈើដ៏មហិមានៅកម្ពុជាគឺជាការបង្ហាញឲ្យឃើញពីបរាជ័យជាប្រព័ន្ធនៃការអនុវត្តច្បាប់ការពារព្រៃឈើនៅក្នុងប្រទេសកម្ពុជានិងពីការកើតឡើងអំពើពុករលួយនៅក្នុងវិស័យនេះ៕