តុលាការជាន់ខ្ពស់ច្រានចោលការសុំនៅក្រៅ​ឃុំ​លើ​មន្ត្រីសិទ្ធិមនុស្សនិងមន្ត្រី គ.ជ.ប

លោក នី ចរិយា(ធ្វេង)លោក យី សុខសាន្ត(កណ្តាល)និង​លោក នី សុខា

តុលាការបានច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់មន្ត្រីសង្គមស៊ីវិលនិងមន្ត្រី គ.ជ.ប ដោយសំអាងថា អ្នកទំាងនោះប្រព្រឹត្តបទឧក្រិដ្ឋ ខណៈការស៊ើបសួរមិនទាន់ពេញលេញនៅឡើយ។

សាលាឧទ្ធរណ៍នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបើកសវនាកាលើមន្រ្តីសិទ្ធិមនុស្សអាដហុកទាំង៤រូប គឺលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី និងមន្រ្តី គ.ជ.ប លោក នី ចរិយា ប៉ុន្តែបានសម្រេចបន្តឃុំខ្លួនបណ្តោះអាសន្ន ដើម្បីមានពេលស្វែងរកភស្ភុតាងដាក់បន្ទុកបន្ថែម។

មេធាវីការពារក្តីឲ្យមន្ត្រីសិទ្ធិមនុស្សអាហុកនិងមន្ត្រី គ.ជ.ប បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីសវនាការនៅរសៀលថ្ងៃនេះថា សាលាឧទ្ធរណ៍បានរក្សាតម្កល់ដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នលើមន្ត្រីសិទ្ធិមនុស្ស៤រូប និងមន្ត្រី គ.ជ.ប មួយរូបដដែល ដោយថាសំណុំរឿងនោះជារឿងឧក្រិដ្ឋ ខណៈការស៊ើបសួរមិនទាន់ពេញលេញ៖ «ចៅក្រមគេបញ្ជាក់ថា គេតម្កល់ដីកាសម្រេចការពន្យារឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសាលាដំបូងទុកជាបានការ ដោយសារតែសំណុំរឿងនោះ វាជាសំណុំរឿងបទឧក្រិដ្ឋ ហើយការស៊ើបសួរមិនទាន់ពេញលេញ»។

ចំណែកមន្ត្រីសិទ្ធិមនុស្សទំាង៤រូប បានប្រាប់អ្នកសារព័ត៌មានប្រហាក់ប្រហែលគ្នា បន្ទាប់ពីសវនាការថា ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ថា តម្កល់ដីកាសាលាដំបូងទុកជាបានការនោះទេ ជារឿងអយុត្តិធម៌។

សូមបញ្ជាក់ថា មន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួនរយៈពេល៦ខែមកហើយ ក្រោមការចោទប្រកាន់ពីបទសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថា មានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា។

ចំណែកមន្ត្រី គ.ជ.ប លោក នី ចរិយា ដែលជាអតីតមន្ត្រីសមាគមអាដហុកផងដែរនោះក៏ត្រូវបានចាប់ខ្លួននៅក្នុងសំណុំរឿងនេះផងដែរ ក្រោមការចោទប្រកាន់ថាបានសមគំនិតក្នុងរឿងសូកប៉ាន់សាក្សី។

ក្នុងមាត្រា២០៨នៃក្រមនីតិវិធីព្រហ្មទណ្ឌនិយាយថា ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៦ខែបានទេ។ ប៉ុន្តែនៅពេលផុតថេរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្តោះអាសន្នម្តង៦ខែ ដោយដីកាមានសំអាងហេតុផលត្រឹមត្រូវនិងច្បាស់លាស់ ហើយចៅក្រមស៊ើបសួរអាចសម្រេចពន្យារការឃុំខ្លួនបណ្តោះអាសន្ននេះបានតែ២ដងប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ