វិភាគ៖ តើអាស៊ាន​ដើរតួនាទីយ៉ាងណាខ្លះសម្រាប់កម្ពុជានិងក្នុងតំបន់ក្នុងរយៈពេលជិត២០ឆ្នាំមកនេះ?

រូបភាពពី VOA

សហគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ជាអង្គការអន្តរជាតិក្នុងតំបន់ដែលបាន​បង្កើតឡើង រយៈពេល៥០ឆ្នាំ មកហើយ។ អាស៊ាន មានសមាជិក១០ប្រទេសរួមមាន កម្ពុជា ថៃ ឡាវ វៀតណាម សឹង្ហបុរី មីយ៉ាន់មា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ព្រុយណេ និង​ហ្វីលីពីន។

សហគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ជាអង្គការអន្តរជាតិក្នុងតំបន់ដែលបាន​បង្កើតឡើង រយៈពេល៥០ឆ្នាំ មកហើយ។ អាស៊ាន មានសមាជិក១០ប្រទេសរួមមាន កម្ពុជា ថៃ ឡាវ វៀតណាម សឹង្ហបុរី មីយ៉ាន់មា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ព្រុយណេ និង​ហ្វីលីពីន។ ប្រទេសកម្ពុជា បានចូលជាសមាជិកសមាគមអាស៊ាននេះ កាលពីថ្ងៃទី៣០ខែមេសាឆ្នាំ១៩៩៩។ គិតមកត្រឹមថ្ងៃទី៣០​ខែ​មេសា​ឆ្នាំ២០១៨នេះ កម្ពុជា បានចូលជាសមាជិកអាស៊ានរយៈពេល១៩ឆ្នាំមកហើយ។

តាមរយៈបទវិភាគនៅថ្ងៃនេះ យើងសូមនាំប្រមិត្តស្វែងយល់បន្ថែម ថាតើក្នុងរយៈ​ពេលជិត​២០ឆ្នាំ​កន្លងមកនេះ តើ​អាស៊ាន​បានបំពេញ តួនាទីអ្វីខ្លះ ក្នុងបរិបទសេដ្ឋកិច្ច​និងនយោបាយនយោបាយ?​

អាស៊ាន​ ដើរតួនាទីយ៉ាងសំខាន់ ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជាកម្ពុជា។​ អាស៊ានបានរួមបង្កើត នូវ​សហគមន៍ សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ ក្នុងគោលបំណង​ធ្វើឲ្យមានលំហូរចូលដោយ​សេរីនូវទំនិញ សេវាកម្ម ការវិនិយោគ និង ធនធានមនុស្សក្នុងតំបន់ តាមរយៈយន្តការនានា។  តំបន់ពាណិជ្ជកម្មសេរីអាស៊ានហៅកាត់ថា ​អាហ្វតា (AFTA) ត្រូវបានបង្កើតឡើងនៅឆ្នា១៩៩២ ដើម្បីសម្រួល​ដល់ការ​ធ្វើពាណិជ្ជកម្ម របស់ប្រទេសក្នុងតំបន់នេះ។ អាហ្វតា(AFTA) បានជួយតាមរយៈយន្តការសេរីភាវូបនីយកម្មពាណិជ្ជកម្ម​ក្នុងតំបន់ដោយលុបបំបាត់ពន្ធក្នុងតំបន់មិនឲ្យលើសពី៥ភាគរយ និងជួយលុបបំបាត់ឧបសគ្គ​នានាដទៃផ្សេង​ទៀ​តដែលរាំង​ស្ទះ​ដល់ការធ្វើពាណិជ្ជកម្ម។

តាមរបាយការណ៍របស់សហគមន៍សេដ្ឋកិច្ចអាស៊ាន បង្ហាញថា ទំហំពាណិជ្ជកម្មរវាងប្រទេស​ក្នុង​តំបន់អាស៊ាន ចន្លោះពីឆ្នាំ២០០៧ ដល់ ២០១៥ មានរហូតដល់៧០០ពាន់លានដុល្លា។ ក្រៅជួយដល់ការធ្វើពាណិជ្ជកម្មរវាងគ្នាជាមួយប្រទេសក្នុងតំបន់ អាហ្វតា (AFTA) ក៏បានជួយសម្រួល​ដល់ប្រទេស​ជា​សមាជិកអាស៊ាន ​​ដែលក្នុងនោះមានកម្ពុជាផងដែរនោះ មានភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មជាមួយ​បណ្ដាប្រទេស​ដែល​ជាដៃគូរសន្ទនារបស់អាស៊ានមានដូចជាសហរដ្ឋអាមេរិក​ ចិន អឺរ៉ុប អូស្រ្ដាលី​និងបណ្ដា​ប្រទេសផ្សេងៗមួយចំនួន​ទៀតផង។  អាស៊ាន ក៏ជួយដល់ការវិនិយោគក្នុងតំបន់ផងដែរ​តាមរយៈក្រុមប្រឹក្សាវិនិយោគតំបន់​អាស៊ាន។

ក្រុមប្រឹក្សាវិនិយោគក្នុងតំបន់​អាស៊ាន បានតួនាទីជួយសម្រួលធ្វើយ៉ាងណាឲ្យមានលំហូរដោយសេរីនៃការវិនិយោគនៅក្នុង​តំបន់។ យោងតាមរបាយការណ៍របស់សហគមន៍ សេដ្ឋកិច្ចអាស៊ានដែលចេញកាលពីឆ្នាំ២០១៧ ការវិនិយោគដោយផ្ទាល់រវាងប្រទេស​ក្នុង​តំបន់អាស៊ានដូចគ្នាមានប្រមាណជា១២១​ពាន់លានដុល្លា។  ក្រៅពីការសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគទុនក្នុងតំបន់ គេក៏មិនត្រូវភ្លេចទេថា ការចូលជាសមាជិកអាស៊ាន​ក៏​​ជួយ​ជម្រុញឲ្យមាន​កំណើនទេសចរ ដែលជាជនជាតិរបស់ប្រទេសជាសមាជិកអាស៊ានមក​លេងប្រទេសជាសមាជិកអាស៊ានដទៃផ្សេង​ទៀត​ផងដែរ។ ក្នុងលិខិតអបអរសាទរខួបលើកទី៥០ នៃការបង្កើតអាស៊ាន លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង​ការបរទេសកម្ពុជាបាន​បង្ហាញថា​តួរលេខទេសច​មកពីតំបន់អាស៊ាន​ដែល​ចូល​មកលេង​កម្សាន្តនៅកម្ពុជា មានការកើនឡើង ពោលពី៥០ម៉ឺននាក់នៅ​ឆ្នាំ២០០៨ កើនដល់ជាង២លាននាក់នៅឆ្នាំ២០១៦។

និយាយជារួម អាស៊ានមានភាពជោគជ័យក្នុងការសម្របសម្រួលដល់ប្រទេសជាសមាជិក ដែល​រួម​មានទាំងកម្ពុជា​ផងឲ្យស្រុះស្រួល​​គ្នា​ធ្វើការជាមួយគ្នាជាធ្លុងមួយដើម្បីឲ្យសេដ្ឋកិច្ចក្នុងតំបន់មានការរីកចម្រើន។ដោយឡែក បើគេក្រឡេកមើលបរិបទនយោបាយវិញ អាស៊ានត្រូវបានគេមើលឃើញ​មិនសូវមានឥទ្ធិពល​ប៉ុន្មាន​ទេ​សម្រាប់​ប្រទេស​​ជា​សមាជិក។ សមាជិកមួយចំនួន ពេលខ្លះបានបង្កជាព្យុះភ្លៀងសម្រាប់សមាគមអាស៊ានទៀតផង។ កាលពីឆ្នាំ២០១២ កន្លងទៅសេចក្តីថ្លែងការរួមរបស់អាស៊ាន ត្រូវបានរាំងខ្ទប់ដោយកម្ពុជា ដែលកាល​នោះធ្វើ​ជាម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំកំពូលអាស៊ាន ដោយហេតុថា សេចក្តីថ្លែងការនេះ បាននិយាយទាក់ទងនឹង​បញ្ហាសមុទ្រចិនខាងត្បូង។

លោក អៀ សុផល សាស្រ្តាចារ្យរងផ្នែកការទូតនិងកិច្ចការពិភពលោក នៅសាកលវិទ្យាល័យ Occidental College សហរ​​​រដ្ឋអាមេរិក មានប្រ​សាសន៍ប្រាប់វីអូឌីថា ​បញ្ហាសមុទ្រចិនខាងត្បូង ត្រូវបាន​បដិសេធ​ដោយ​កម្ពុជា​ម្ដងទៀត​នៅ​ឆ្នាំ​២០១៦ ​នៅ​ពេល​ដែលឡាវធ្វើជាម្ចាស់ផ្ទះ។ លោក​ បន្តថា​ កម្ពុជាមិនបានឈប់ត្រឹមនេះទេ ដោយកាលពីខែមីនាកន្លងទៅនេះ កម្ពុជាអាចនឹងរាំរាំងកិច្ច​ប្រជុំកំពូល​អាស៊ាន-អូស្រ្តាលី ដោយ​បដិសេធមិនចូលរួមក្នុងកិច្ចប្រជុំនេះ។

លោក អៀ សុផល ថា កម្ពុជាបានប្រើរឿងផ្ទៃក្នុងខ្លួនបង្កបញ្ហាក្នុងសមាគម​អាស៊ាន។

លោកបានបន្តយ៉ាងដូច្នេះថា៖ «ប្រសិនបើអាស៊ានមិនជ្រៀតជ្រែកនយោបាយក្នុងស្រុកកម្ពុជាទេ កម្ពុជាក៏មិនគួរជ្រៀតជ្រែក​​តួនាទីអាស៊ានដែរ។»

នេះសបញ្ជាក់ឲ្យឃើញថា អាស៊ាន​នៅតែទន់ខ្សោយខាងផ្នែក​នយោបាយ​ព្រោះប្រទេស​ជាសមាជិក​អាច​ញាក់ខ្សែ​បានចិត្ត​ដែល​ខ្លួន​​ចង់បាន។

អាស៊ាន ត្រូវក៏បានគេមើលឃើញថា បានបរាជ័យក្នុងការការជួយលើកកម្ពស់សិទ្ធិមនុស្ស និង ការពារសេរីភាពជាមូល​ដ្ឋាន​របស់មនុស្សនៅក្នុងតំបន់។ សារព័ត៌មានអាល់ចាស៊ើរ៉ា បាន​ចុះផ្សាយ​អត្ថបទមួយក្រោយ​កិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសសឹង្ហបុរីនៅថ្ងៃទី២៨ខែមេសា​នេះថា អាស៊ាន បានដាក់បញ្ហាសេដ្ឋកិច្ចនិងសន្តិសុខក្នុងតំបន់ពីមុខបញ្ហាសិទ្ធិមនុស្សនិងសិទ្ធសេរីភាពជាមូលដ្ឋាន។ បញ្ហាសិទ្ធិមនុស្ស ​ដែល​កំពុងកើតមាន​នៅក្នុងតំបន់អាស៊ាន មានជាអាទិ៍ការធ្វើទុកបុកម្នេញទៅលើជនជាតិរ៉ូហ៊ីងយ៉ា ​និង​ ការកាត់ទោសក្រៅប្រព័ន្ធតុលាកា ទៅលើ​ជន​សង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀននៅហ្វីលីពីនជាដើម។

សម្រាប់បញ្ហាដែលកំពុងកើតមាននៅកម្ពុជា ដូចជាការចាប់ខ្លួនអ្នកសារព័ត៌មាន​ ការបិទស្ថាប័នសារព័ត៌មានឯករាជ្យ​ និងការរំលាយ​​គណបក្សសង្គ្រោះជាតិ គេសង្កេតឃើញថា អាស៊ានរក្សាជំហរស្ងៀមស្ងាត់មិនបាន​ប្រតិកម្មអ្វីគួរឲ្យកត់សម្គាល់នោះទេ។ បើទោះ បីជា​អាស៊ាន មានអង្គការអន្តរសភាអាស៊ាន ប៉ុន្តែអង្គការនេះ ​នៅតែមិនមានឥទ្ធិពលណាមួយ​ដែលអាចរារាំងមិនឲ្យ​អតីតគណបក្ស​ប្រឆាំង​ដ៏ធំ​មិនឲ្យគេរំលាយបាន។ សម្រេចសម្រួលទៅ អាស៊ាន បានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចប្រទេសក្នុងតំបន់ ក៏ដូចជាកម្ពុជា​មានការ​រីកចម្រើន ប៉ុន្តែ តួនាទីនយោបាយ​របស់អាស៊ានសម្រាប់ប្រទេសក្នុងតំបន់ហាក់មាន​ភាពមិនទាន់ច្បាស់លាស់​នៅ​ឡើយ ពោលគឺពុំសូវមានឥទ្ធិ​ពល​ប៉ុន្មានទេ សម្រាប់ប្រទេសជាសមាជិក។

គូសបញ្ជាក់ថា ក្រោយកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសសឹង្ហបុរី​ដែលទើបតែបញ្ចប់ទៅ​កាលពីថ្ងៃទី២៨ខែមេសាកន្លង​មកនេះ មេដឹកអាស៊ានបានអំពាវនាវឲ្យបណ្ដាប្រទេសដែលមានជម្លោះក្នុងសមុទ្រខាងត្បូងរក្សាភាពអត់ធ្មត់ និងលុបបំបាត់អាវុធនុយ​ក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។