ប្រធានាធបិតីឥណ្ឌូនេស៊ីកាលពីថ្ងៃពុធម្សិលមិញបានបញ្ជាឲ្យពង្រីកការរុករកប្រេងនៅក្នុងសមុទ្រនិងការនេសាទត្រីនៅដែនទឹកជិតកោះណាទូណាដែលនេះគឺជាវិធានការថ្មីមួយ ដើម្បីធានាអធិបតេយ្យភាពនៅក្នុងសមុទ្រចិនខាងត្បូង។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ឥណ្ឌូនេស៊ីបានចាត់វិធានការនានានៅក្នុងប៉ុន្មានសប្ដាហ៍មកនេះ ដើម្បីបញ្ជាក់ពីការអះអាងជាម្ចាស់លើបណ្ដាញកោះនៅឆ្ងាយៗក្នុងដែនទឹកសម្បូរទៅដោយឧស្ម័នដែលប្រទេសចិននាពេលថ្មីៗនេះចាត់ទុកជាដែនទឹកត្រួតស៊ីគ្នា។
ប្រធានាធិបតី ចូកូ វីដូដូ បានធ្វើដំណើរទៅកោះណាទូណាជាលើកដំបូងកាលពីសប្ដាហ៍មុន ដើម្បីជួបប្រជុំគណៈរដ្ឋមន្ត្រីនៅលើនាវាចម្បាំងមួយគ្រឿង។ ក្រុមមន្ត្រីឥណ្ឌូនេស៊ីបានចាត់ទុកថានោះគឺជាសារដ៏ខ្លាំងមួយដែលឥណ្ឌូនេស៊ីបញ្ជូនទៅចិន។
ប្រធានាធិបតីរូបនេះថ្លែងនៅមុនការប្រជុំគណៈរដ្ឋមន្ត្រីថាក្នុងចំណោមប្លុកទាំង១៦កន្លែងនៅជុំវិញកោះណាទូណា មានតែប្លុកប្រេង៥កន្លែងប៉ុណ្ណោះដែលផលិតប្រេង។
រដ្ឋាភិបាលឥណ្ឌូនេស៊ីក៏ចង់អភិវឌ្ឍឧស្សាហកម្មត្រីសម្រាប់ពាណិជ្ជកម្មនៅកោះណាទូណាផងដែរ។ ក្រុមអ្នកនេសាទខុសច្បាប់មកពីវៀតណាម ហ្វីលីពីន ចិន និងប្រទេសជិតខាងដទៃទៀត តែងតែចូលទៅនេសាទជាញឹកញាប់នៅក្នុងដែនទឹកជុំវិញកោះនោះ។
កងទ័ពជើងឥណ្ឌូនេស៊ីបានបង្កើនការល្បាតនៅជុំវិញកោះនោះ បន្ទាប់ពីមានការប្រឈមដាក់គ្នាជាបន្តបន្ទាប់រវាងកងទ័ពជើងទឹកប្រទេសនេះនិងទូកនេសាទចិននៅតំបន់នោះ។
ប្រទេសចិនបានអះអាងជាម្ចាស់លើដែនទឹកស្ទើរតែទាំងអស់នៅសមុទ្រចិនខាងត្បូងជាទីដែលមាននាវាដឹកជញ្ជូនទំនិញតម្លៃ៥ពាន់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ក៏អះអាងជាម្ចាស់ផងដែរ៕