ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រទី៣០មិថុនានេះ សម្តែងការស្វាគមន៍ចំពោះការដោះលែងឲ្យនៅក្រៅឃុំនៃអ្នកការពារសិទ្ធិមនុស្សអាដហុកនិងមន្ត្រីគ.ជ.ប។
នៅលើទំព័រហ្វេសប៊ុកផ្លូវការ ស្ថានទូតសហរដ្ឋអាមេរិក ឲ្យដឹងថា ការសម្រេចចិត្តតាមផ្លូវច្បាប់នេះ នឹងកាត់បន្ថយបន្ទុកដែលមាននៅលើចុងចោទនិងគ្រួសាររបស់គេ ក្នុងពេលដែលគេប្រឈមដោះស្រាយចំពោះបណ្តឹងចោទប្រកាន់នេះ។
មន្ត្រីការពារសិទ្ធិមនុស្ស និងអគ្គលេខាធិការរងគ.ជ.ប ត្រូវបានដោះលែងកាលពីថ្ងៃទី២៩មិថុនាម្សិលមិញ នៅម៉ោងប្រមាណ៧យប់ ហើយក្រោយការដោះលែង ពួកគេបានបញ្ចេញមតិយោបល់ខុសគ្នា និងថាស្ទើរតែមិនជឿរអំពីការដោះលែងនេះ។
មន្ត្រីការពារសិទ្ធិមនុស្សទាំង៥រូបនោះ ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីចុងខែមេសាឆ្នាំ២០១៦ ខណៈស្ថានការណ៍នយោបាយកំពុងឡើងកម្តៅ។ មន្ត្រីការពារសិទ្ធិមនុស្សអង្គការអាដហុក៤រូប គឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី រួមទាំងមន្ដ្រីគ.ជ.ប ម្នាក់ទៀត លោក នី ចរិយា ត្រូវបានឃុំខ្លួនបណ្តោះអាសន្នរហូតមកដល់ថ្ងៃដោះលែងឲ្យនៅក្រៅឃុំនេះ៕