ប្រមុខការទូតជប៉ុនលើកឡើងពីវេទិកាជប៉ុន-មេគង្គ តែមិននិយាយដល់វិវាទនយោបាយកម្ពុជា
ប្រមុខការទូតជប៉ុន បានស្នើឡើងនូវវេទិកាជប៉ុនជាមួយបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ ខណៈដែលតំបន់នេះមានសកម្មភាពនៃទំនាក់ទំនងកាន់តែខ្លាំងក្លាជាមួយមហាអំណាចចិន ប៉ុន្តែ មិនបានលើកឡើងពីវិវាទនយោបាយកម្ពុជានោះឡើយ។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ កំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ។ ប្រមុខការទូតជប៉ុនរូបនេះ បានចុះហត្ថលេខាលើការផ្ដល់ជំនួយឥតសំណង និងឥណទានសម្បទានទំហំជាង ៩២លានដុល្លារ ជាមួយប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃនេះ។ ជាងនេះទៅទៀត លោក តារ៉ូ កូណូ បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯវិមានសន្តិភាពផងដែរ ដើម្បីជជែកអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងរវាងប្រទេសជប៉ុន និងតំបន់ទន្លេមេគង្គ។ ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹងរៀបចំវេទិកាជប៉ុន-មេគង្គ ដែលជាកិច្ចប្រជុំកំពូលរវាងមេដឹកនាំជប៉ុន និងក្រុមមេដឹកនាំនៃបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ។ គម្រោងជំនួបកំពូលជប៉ុន-មេគង្គ ត្រូវបានគ្រោងឡើង ក្រោយពីបណ្ដាមេដឹកនាំនៃតំបន់ទន្លេមេគង្គ បានជួបប្រជុំជាមួយមេដឹកនាំចិនយ៉ាងតិច ៣ដងរួចមកហើយ ចាប់តាំងពីចុងឆ្នាំមុន រហូតដល់ ៣ខែដើមឆ្នាំ២០១៨នេះ។ បើតាមទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី គ្មានទេវិវាទនយោបាយរវាងបក្សកាន់អំណាច និងបក្សប្រឆាំង នៅក្នុងរបៀបវារៈនៃជំនួបរវាងប្រមុខការទូតជប៉ុន និងមេដឹកនាំកម្ពុជា